សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូន ឯកឧត្តមឯកអគ្គរដ្ឋ ទូតនៃប្រទេសហុងគ្រី ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា

សម្តេចមហារដ្ឋសភាធិកាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ បានអនុញ្ញាតជូន ឯកឧត្តម ធីប័រ បាឡូកឌី (Tibor Baloghdi) ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីហាណូយ ប្រទេសវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានរដ្ឋសភា។

ជំនួបរវាងឯកឧត្តម ឯកអគ្គរដ្ឋទូតនៃប្រទេសហុងគ្រី និងសម្តេចប្រធានរដ្ឋសភា នាថ្ងៃនេះ ធ្វើឡើងក្នុងគោលបំណង ជម្រាបជូនសម្តេចប្រធានរដ្ឋសភា ពីពង្រាងគម្រោងកម្មវិធីនៃដំណើរបំពេញទស្សនកិច្ចរបស់សម្តេច ទៅកាន់ប្រទេសហុងគ្រី ក្នុងខែមិថុនា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិរវាងរដ្ឋសភាប្រទេសទំាងពីរឱ្យកាន់តែរឹងមាំ គ្រប់ជ្រុងជ្រោយបន្ថែមទៀត។ ។ នៅក្នុងដំណើរទស្សនកិច្ចនោះ សម្តេចប្រធានរដ្ឋសភានឹងមានជំនួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋសភានិងរាជរដ្ឋាភិបាលនៃប្រទេសហុងគ្រី។ ជាមួយគ្នានេះ សម្តេចនឹងមានដំណើរទស្សនកិច្ចនៅតំបន់ឧស្សាហកម្មនិងជួបជាសហគមន៍ខ្មែរនិងនិស្សិតខ្មែរ ដែលកំពុងស្នាក់នៅនិងសិក្សានៅប្រទេសហុងគ្រី ផងដែរ៕