សម្តេចមហាមន្ត្រី គុយ សុផល និងលោកជំទាវ សុខ នារី គុយ សុផល អញ្ជើញនាំយកព្រះរាជអំណោយព្រះករុណាព្រះមហាក្សត្រ និងសម្តេចព្រះមហាក្សត្រីជូនដល់ប្រជារាស្រ្តរងគ្រោះទឹកជំនន់នៅក្នុងខេត្តក្រចេះ

សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជាព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត និងលោកជំទាវ សុខ នារី គុយ សុផល បានអញ្ជើញសំណេះសំណាលសាកសួរសុខទុក្ខ និងចែកជូននូវព្រះរាជអំណោយដែលជាព្រះរាជទានដ៏ថ្លៃថ្លារបស់ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជូនដល់បងប្អូនប្រជារាស្រ្តទទួលរងគ្រោះដោយទឹកជំនន់ មានចំនួនសរុបប្រមាណ៩៥៩គ្រួសារ ដែលភាគច្រើនប្រកបមុខរបរចិញ្ចឹមជីវិតដោយធ្វើស្រែ និងនេសាទត្រី រស់នៅក្នុងឃុំបុសលាវ ស្រុកចិត្របុរី ខេត្តក្រចេះ។
ព្រះរាជអំណោយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលសម្តេចមហាមន្ត្រី គុយ សុផល ព្រះរាជតំណាង និងលោកជំទាវ សុខ នារី គុយ សុផល បានចែកជូនដល់បងប្អូនប្រជារាស្ត្រទទួលរងគ្រោះដោយទឹកជំនន់ មានចំនួនសរុបជាមេគ្រួសារចំនួន៩៥៩នាក់ ដោយក្នុងគ្រួសារនីមួយៗទទួលបាន ៖
-អង្ករចំនួន ១ បាវ = ៥០គីឡូក្រាម
-ឃីត ចំនួន ១ កញ្ចប់ (មុង ១, ភួយ ១, ក្រមា ១, សារុង ១)
-មី ចំនួន ២ កេស
-ត្រីខ ចំនួន ១០ កំប៉ុង
-តង់កៅស៊ូ ចំនួន ០១ (៤ម X ៦ម)
-អាវយឺតមានផ្លាកព្រះរាជអំណោយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ចំនួន ០១
-ថវិកាចំនួន ៤០០ ០០០ រៀល (ព្រះរាជទ្រព្យព្រះមហាក្សត្រ ចំនួន ២០០ ០០០រៀល រួមនឹងព្រះរាជទ្រព្យ សម្តេចព្រះមហាក្សត្រី ចំនួន ២០០ ០០០រៀល) ។
សូមជម្រាបថា ស្ថានភាពទឹកជំនន់ ចាប់ពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៥ បានរងផលប៉ះពាល់លិចចូលលំនៅដ្ឋានប្រជារាស្ត្រនៅឃុំបុសលាវ ចំនួន៩ភូមិ ក្នុងនោះមានភូមិល្វាទង មាន៨គ្រួសារ ភូមិព្រែកកូវ មាន១៦០គ្រួសារ ភូមិព្រះគន្លង មាន១៦៥គ្រួសារ ភូមិតាលុស មាន៣៧គ្រួសារ ភូមិបុសលាវលើ មាន៤២គ្រួសារ ភូមិបុសលាវក្រោម មាន១៤២គ្រួសារ ភូមិព្រែកតាថឹង មាន១២៣គ្រួសារ ភូមិព្រែកតាអាំ មាន២៨១គ្រួសារ និងភូមិពោធិ៍ មានចំនួន១គ្រួសារ៕