សម្តេចព្រះសង្ឃនាយករងទី១ យាងដឹកនាំសម្តេច ព្រះមន្រ្តីសង្ឃ និងថ្នាក់ដឹកនាំជាច្រើនរូប ចុះសំណេះសំណាល និងនាំយកអំណោយលើកទឹកចិត្តកងកម្លាំងនគរបាលការពារព្រំដែន ព្រមទាំងប្រទានពរសិរីសួស្តីជ័យមង្គល
នៅថ្ងៃអង្គារ ទី២៤ ខែមីនា ឆ្នាំ២០២៦ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះចៅអធិការវត្តច័ន្ទបុរីវង្ស ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសម្តេចព្រះធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ឧត្តមប្រឹក្សាគណៈមហានិកាយ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយក ព្រះធម្មវនវាសីបណ្ឌិត ចន្ទ មុនី ព្រះសមុហ៍គណខេត្តកំពង់ឆ្នាំង និងលោកជំទាវ កែ សួនសុភី ស សុខា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រួមជាមួយឯកឧត្តម លោកជំទាវ និងប្រតិភូអមដំណើរទាំងអស់ បានអញ្ជើញ និងយាងចុះសំណេះសំណាល សួរសុខទុក្ខដល់វិរៈកងកម្លាំងនគរបាលការពារព្រំដែនគោក ដែលកំពុងឈរជើងការពារបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងកម្ពុជា-ឡាវ។
ក្នុងឱកាសដ៏មានតម្លៃនេះ សម្តេចព្រះពោធិវ័ង្សកិត្តិបណ្ឌិត និងគណៈព្រះសង្ឃ បានសម្តែងនូវការកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកងកម្លាំងនគរបាលការពារព្រំដែន ដែលបានលះបង់កម្លាំងកាយចិត្ត ឈរជើងយាមការពារបូរណភាពដែនដីជាតិ ធានាសន្តិសុខ សុវត្ថិភាព និងស្ថិរភាពសង្គមជាតិដោយមិនខ្លាចលំបាកនិងគ្រោះថ្នាក់។
ជាមួយគ្នានេះ សម្តេច និងព្រះសង្ឃទាំងអស់ បានប្រោសព្រំប្រទានពរ ជ័យមង្គល សិរីសួស្តី ដល់កងកម្លាំងទាំងអស់ សូមឱ្យមានសុខភាពល្អ កម្លាំងកាយមាំមួន ចិត្តឆន្ទៈរឹងមាំ ប្រាជ្ញាបញ្ញាច្បាស់លាស់ ជោគជ័យក្នុងបេសកកម្ម និងជៀសផុតពីគ្រោះថ្នាក់ទាំងឡាយ ព្រមទាំងទទួលបានពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ ដើម្បីបន្តបំពេញភារកិច្ចបម្រើជាតិ និងប្រជាជនឱ្យបានជោគជ័យថែមទៀត។
បន្ថែមពីនេះ គណៈប្រតិភូបាននាំយកអំណោយជាស្បៀងអាហារ និងសម្ភារប្រើប្រាស់សម្រាប់លើកទឹកចិត្តកងកម្លាំង រួមមាន៖ ថវិកាចំនួន៥០លានរៀលសម្រាប់អង្គភាព និង៤លានរៀលសម្រាប់កម្លាំងចូលរួម អង្ករ៥តោន ទឹកបរិសុទ្ធ១៨០០កេស មី៥០០កេស ត្រីខ១០៤កេស ទឹកត្រី២៥០យួរ ទឹកស៊ីអ៊ីវ២៥០យួរ នំកូរ៉េ៥កេស ប្រហុក៦កេស អំបុកសាច់ផាត់៥កេស បាយរំលីងសាច់អាំង៥កេស សាច់ផាត់១កេស នំ៩០០ចំនួន១០០កេស អំបុក៦កេស ចេកឆាប២កេស សូឡា និងផៅវើបេង១០ឈុត ម៉ាសការពារផ្សែងពុល៥០០ និងអាហារក្រៀម៣០០កញ្ចប់។



