សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង និង ឯកឧត្តម ចាយ បូរិន យាងនិងអញ្ជើញក្នុងពិធីបួងសួងរំកិលព្រះពុទ្ធបដិមាគង់លើសុវណ្ណអាសនៈ ដំកល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ

សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា យាងនិងអញ្ជើញក្នុងពិធីបួងសួងរំកិលព្រះពុទ្ធបដិមាគង់លើសុវណ្ណអាសនៈ ដំកល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល នាព្រឹកថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២៥ ។
នាឱកាសដ៏មហាជ័យមង្គលនេះ សម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង យាងប្រោះព្រំប្រសិទ្ធពរជ័យមង្គល វិបុលសុខ ពិសេសសូមបួងសួងដល់ព្រះតេជៈបារមីព្រះពុទ្ធជាម្ចាស់តាមបីបាច់ថែរក្សាប្រមុខរាជរដ្ឋាភិបាល ប្រជាជនកម្ពុជានិងភ្ញៀវទេសចរជាតិ អន្តរជាតិ ជួបប្រទះតែសេចក្តីសុខ ចម្រុងចម្រើនគ្រប់ប្រការ ។
ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី បច្ចុប្បន្នជាប្រធានព្រឹទ្ធសភានៃព្រះរាជណាចក្រកម្ពុជា និងបន្តដឹកនាំលើមាគ៌ាដ៏ត្រឹមត្រូវរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា តែងយកចិត្តទុកដាក់លើវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ដែលប្រជាពលរដ្ឋកម្ពុជាប្រមាណ៩៥%គោរពប្រតិបត្តិ គ្រប់ទីកន្លែង ទាំងក្នុងនិងក្រៅប្រទេស។ ក្នុងន័យនេះព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំចិត្តគំនិត សីលធម៌រស់នៅក្នុងសង្គម តាមរយះពុទ្ធឱវាទ ព្រះសម្មាសម្ពុទ្ធព្រះបរមគ្រូនៃយើង។
សូមជម្រាបជូនថា ពិធីបួងសួងរំកិលព្រះពុទ្ធបដិមាគង់លើសុវណ្ណាអាសនៈ ដំកល់នៅអាកាសយានដ្ឋានអន្តរជាតិតេជោ គឺក្នុងគោលបំណងដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ដាក់តាំងបង្ហាញភ្ញៀវទេសចរជាតិ និង អន្តជាតិ គោរពបដិបត្តិពេលធ្វើដំណើរឆ្លងកាត់អាកាសយានដ្ឋានអន្តរជាតិតេជោ និងបង្ហាញថា ព្រះរាជាណាចក្រកម្ពុជា ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ។ ដោយឡែក ព្រះពុទ្ធបដិមា ដែលសាងអំពីស្ពាន់ លោហៈធាតុរាល់រចនាបថ គឺសមស្របតាមប្រពៃណី រចនាបថរបស់ខ្មែរ ក្រោមការយកចិត្តទុកដាក់ស្រាវជ្រាវរបស់ថ្នាក់ដឹកនាំជំនាញរបស់ក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយឯកឧត្តម រដ្ឋមន្រ្តី ចាយ បូរិន ដែលចង់បង្ហាញដល់ភ្ញៀវទេសចរជាតិ និង អន្តរជាតិ ស្គាល់កាន់តែច្បាស់ពីប្រទេសកម្ពុជា ហើយបន្តជួយផ្សព្វផ្សាយទៅពិភពលោកកាន់តែទូលំទូលាយ៕