សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សព្វព្រះរាជហឬទ័យប្រោសប្រទានភ្លើងបូជាសពឯកឧត្តម សុក ខា ត្រូវជាឪពុកក្មេកសម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង

ឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ និងត្រូវជាឪពុកក្មេករបស់សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានទទួលមរណភាពនៅវេលាម៉ោង ០៥និង៥៥នាទីល្ងាច ថ្ងៃចន្ទ ទី២៣ ខែមិថុនា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៩០ ឆ្នាំ ដោយជរាពាធ។
បន្ទាប់ពីបានប្រារព្វពិធីបុណ្យទក្ខិណានុប្បទានទៅតាមប្រពៃណីព្រះពុទ្ធសាសនា ដើម្បីឧទ្ទិសកុសលផលបុណ្យជូនវិញ្ញាណក្ខន្ធឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ អស់រយៈពេល ៣ថ្ងៃរួចមក នៅវេលាព្រឹកថ្ងៃសុក្រ ២កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស២៥៦៩ ត្រូវនឹងថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ សពឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ត្រូវបានប្រារព្ធពិធីដង្ហែយកទៅតម្កល់លើមេរុ ដែលបានរៀបចំឡើងប្រកបដោយភាពខ្ពង់ខ្ពស់នៅក្នុងបរិវេណវត្តព្រះធាតុ ឋិតក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ក្នុងឱកាសដ៏ក្រៀមក្រំ និងពោរពេញដោយសេចក្តីសោកស្តាយនេះ សម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យប្រោសប្រទានភ្លើងបូជាសពចំពោះឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ។
មរណភាពរបស់ឯកឧត្តម សុក ខា គឺជាការបាត់បង់រកអ្វីប្រៀបផ្ទឹមពុំបាននូវបិតាបង្កើត បិតាក្មេក ជីតា ជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ និងប្រកបដោយគុណធម៌ ព្រហ្មវិហារធម៌ និងសង្គហធម៌ ដែលកន្លងមកបានចិញ្ចឹមបីបាច់ថែរក្សា និងអប់រំផ្តល់ដំបូន្មានល្អៗដល់ កូន ចៅ សាច់ញាតិ និងក្រុមគ្រួសារជាទីស្រឡាញ់ឱ្យក្លាយជាធនធានដ៏មានតម្លៃក្នុងសង្គមជាតិ ព្រមទាំងជាការបាត់បង់នូវពុទ្ធសាសនិកដ៏ឆ្នើមមួយរូប ដែលបានលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងធនធានជាច្រើន ក្នុងការរួមចំណែកឧបត្ថម្ភគាំទ្រក្នុងសកម្មភាពនៃការអភិវឌ្ឍជាតិមាតុភូមិ លើកស្ទួយវិស័យព្រះពុទ្ធសាសនា មនុស្សធម៌ និងសុខដុមរមនាសង្គមឱ្យបានរីកចម្រើនរហូតមក។ សូមឧទ្ទិសនូវកុសលផលបុណ្យ ចំពោះវិញ្ញាណក្ខ័ន្ធឯកឧត្តម សុក ខា អតីតអនុប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ដែលបានទទួលមរណភាពទៅកាន់បរលោកឯនាយខាងមុខហើយនោះ សូមវិញ្ញាណក្ខ័ន្ធឯកឧត្តម បានទៅកាន់ទីឋានដ៏ខ្ពង់ខ្ពស់ ប្រកបដោយបរមសុខ កុំបីអាក់ខានឡើយ៕