សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងឯកឧត្តម ចាយ បូរិន យាង និងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ពិធីក្រុងពលីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះសាកលវិទ្យាធិការ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា និង ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានយាងនិងអញ្ជើញជាព្រះរាជាធិបតី និងអធិបតី ក្នុងពិធីក្រុងពលីសម្ពោធដាក់ឱ្យប្រើប្រាស់ អាគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា វត្តស្វាយពពែ ស្ថិតនៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥ ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតិតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងត្រូវបានបន្តយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងបានចាត់ទុកវិស័យអប់រំ ជាវិស័យអាទិភាព នឹងបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការចូលរួមចំណែកបណ្តុះបណ្តាល និងអភិវឌ្ឍធនធានមនុស្ស ជាពិសេសយុវជនដែលជាទំពាំងស្នងឫស្សី សម្រាប់បន្តវេន និងជួយធានានិរន្តរភាពស្ថាប័ន និងសង្គមជាតិទាំងមូល។

នាឱកាសដ៏វិសេសវិសាលនេះ សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតីឧទ្ទេសបណ្ឌិត បួរ គ្រី បានយាង សូត្រមន្តប្រោះព្រំ ប្រសិទ្ធពរជ័យ សិរីមង្គល ចម្រើនព្រះបរិត្ត ស្វាធ្យាយជយន្តោ ជ័ឪយមង្គល ថ្វាយឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា សាស្រ្តាចារ្យ និងសិស្សនិស្សិត ។

សូមជម្រាបជូនថា នាថ្ងៃទី៩ ខែឧសភា ស្អែកនេះ សម្តេចមហាវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ អាគារអន្តេវាសិកដ្ឋានតេជោសន្តិភាព និងសមិទ្ធផលនានា នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា សម្រាប់ជាឧត្តមប្រយោជន៍និងលើកកម្ពស់ក្នុងវិស័យអប់រំនៅកម្ពុជា ៕