សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ និមន្តក្នុងពិធីប្រគេនរង្វាន់សមណសិស្សពូកែផ្នែកភាសាបាលី-សំស្រ្កឹត ទូទាំងប្រទេស របស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ឆ្នាំសិក្សា២០២៥-២០២៦

សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត និមន្តប្រគល់រង្វាន់ដល់សមណសិស្សពូកែផ្នែកភាសាបាលី-សំស្រ្កឹត ទូទាំងប្រទេសរបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ឆ្នាំសិក្សា២០២៥-២០២៦ នៅវត្តអម្ពរផល (ហៅវត្តចុងកោះ) នៅភូមិចុងកោះ សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ក្នុងឱកាសនេះមានការនិមន្ត និងអញ្ជើញចូលរួមពីព្រះធម្មរតនរង្សី វេង សេងពេជ្រ ព្រះគ្រូចរណវិសុទ្ធិ ព្រះអនុគណខណ្ឌជ្រោយចង្វារ, អគ្គមហា ឧបាសិកាធម្មរតនវិវឌ្ឍនា សុខ ឈាង មាតាបង្កើត ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល ព្រឹទ្ធាចារ្យអគ្គមហាឧបាសកពុទ្ធសាសនូបត្ថម្ភ កាន់ ណារិទ្ធ ហៅលោកតាកស្សបៈ និងលោកជំទាវឧកញ៉ា កែវ មុំ អគ្គនាយិកាក្រុមហ៊ុននំស្រួយលីលី ព្រមទាំងព្រះរាជាគណៈ ព្រះមន្ត្រីសង្ឃ លោកគ្រូ អ្នកគ្រូ សមណសិស្ស សិស្ស និងពុទ្ធបរិស័ទចំណុះជើងវត្តជាច្រើនអង្គ/នាក់។

ព្រះញាណសត្ថា សំ សុផល ព្រះនាយករងពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មានព្រះថេរដីកា អំពីព្រះទ័យសម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ដែលតែងតែស្រឡាញ់ពេញចិត្ត និងរួមចំណែកទ្រទ្រង់ចំពោះផ្នែកភាសាបាលី-សំស្រ្កឹត ដែលជាបេះដូងពុទ្ធិកសិក្សា។ រយៈពេល ៣ឆ្នាំហើយ ដែលពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានបើកវគ្គបណ្តុះបណ្តាលជំនាញភាសាបាលី-សំស្ក្រឹត បណ្តុះបណ្តាលសិក្ខាកាមបានចំនួនរាប់ពាន់នាក់។

នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦នេះ ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតបានដំណើរការកម្មវិធីសិក្សាមាន ៣ បែប៖ ១-កម្មវិធីសិក្សាម៉ោងរដ្ឋ គឺជាការសិក្សាលើមុខវិជ្ជាទូទៅចំនួន ១៤មុខវិជ្ជា ២-កម្មវិធីសិក្សាវគ្គ បណ្តុះបណ្តាលជំនាញភាសាបាលី-សំស្ក្រឹត ៣-វគ្គបំប៉នសមត្ថភាពសមណសិស្សពូកែផ្នែកភាសាបាលី-សំស្ក្រឹត ដោយកម្មវិធីទាំង៣នេះ បានដំណើរការព្រមគ្នាក្នុងមួយថ្ងៃៗ។ កាលពីថ្ងៃទី២-៣-៤ ខែតុលា ឆ្នាំ២០២៥ អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិនៃក្រសួងធម្មការ និងសាសនា បានរៀបចំការប្រឡងជ្រើសរើសសមណសិស្សពូកែផ្នែកភាសា បាលី-សំស្ក្រឹត ក្នុងចំណោមសមណសិស្សខ្លាំងចំនួន ១៨៦អង្គ ទូទាំងប្រទេស ជ្រើសរើសយកតែចំនួន ៦រូប ប៉ុណ្ណោះ ពេលនោះសមណសិស្សរបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតចំនួន ២អង្គ បានជាប់ជ័យលាភី គឺ សមណសិស្ស ឡុង ពិសិដ្ឋ ជាប់ជ័យលាភីលេខ៣ កម្រិតពុទ្ធិកមធ្យមសិក្សាបឋមភូមិ និងសមណសិស្ស កើយ វីរៈ ជាប់ជ័យលាភីលេខ៣ កម្រិតពុទ្ធិកមធ្យមសិក្សាទុតិយភូមិ ក្នុងឆ្នាំសិក្សា២០២៥-២០២៦។ លទ្ធផលទាំងនេះ សបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់គណៈគ្រប់គ្រង ព្រះមន្ត្រីសង្ឃ លោកគ្រូ អ្នកគ្រូ ព្រមទាំងសមណសិស្សខ្លួនព្រះអង្គផ្ទាល់។

សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត មានព្រះថេរដីកាសំណេះសំណាលកោតសរសើរអំពីកិច្ចខិតខំបង្ហាត់បង្រៀនរបស់លោកគ្រូដែលបានបណ្តុះបណ្តាលសមណសិស្ស សិស្សជំនាញភាសាបាលី-សំស្ក្រឹត និងកោតសរសើរអំពីព្រះទ័យខិតខំសិក្សារៀនសូត្ររបស់សមណសិស្សដែលទទួលជ័យលាភីលេខ៣ទូទាំងប្រទេសរបស់ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹតនាឱកាសនេះ។

សម្តេចព្រះមង្គលមុនីរង្សី ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត បានថេរដីកាបន្តថា ពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត តែងតែប្រារព្ធពិធីផ្តល់រង្វាន់លើកទឹកចិត្តដល់សមណសិស្ស និងសិស្សពូកែជារៀងរាល់ឆ្នាំ ហើយក្នុងឆ្នាំនេះ ពុទ្ធិកវិទ្យាល័យបានប្រារព្ធរៀបចំពិធីប្រគល់រង្វាន់ដល់សមណសិស្សពូកែផ្នែកភាសាបាលី-សំស្រ្កឹត ទូទាំងប្រទេស គឺជាផ្នែកមួយដើម្បីឲ្យពុទ្ធបរិស័ទទាំងអស់បានយល់បានដឹង ពីគុណតម្លៃដែលព្រះសង្ឃបានខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលជ័យលាភីនេះ។ ហើយគុណតម្លៃពិតប្រាកដរបស់ព្រះពុទ្ធសាសនារបស់យើង គឺឋិតនៅលើព្រះសង្ឃ ដែលបានទ្រទ្រង់ការសិក្សារៀនសូត្រនូវវិស័យពុទ្ធិកសិក្សា។ ហើយប្រសិនបើ ព្រះសង្ឃមិនបានសិក្សារៀនសូត្រនៅក្នុងពុទ្ធិកសិក្សាទេ គឺមិនអាចទៅពង្រឹងការសិក្សាបដិបត្តិតាមធម៌វិន័យបាននោះទេ។

ក្នុងឱកាសនោះ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ ព្រះអគ្គាធិការរងនៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងជាព្រះនាយកសាលាពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ព្រះអង្គសព្វព្រះទ័យប្រគេនទេយ្យទាន និងបច្ច័យ ដល់លោកគ្រូឧទ្ទេសដែលមានគុណបំណាច់ខិតខំបណ្តុះបណ្តាលជំនាញភាសាបាលី-សំស្ក្រឹតចំនួន ៤អង្គ/នាក់ ក្នុងមួយអង្គ/នាក់ ទទួលបានបច្ច័យ ៥០ម៉ឺនរៀល។ សម្តេចព្រះមង្គលមុនីរង្សី ហ៊ូ ឈីវនាថ បានសព្វព្រះទ័យប្រគេនសមណសិស្សជ័យលាភីលេខ ៣ ទូទាំងប្រទេស ក្នុងមួយព្រះអង្គៗ ទទួលបាន ត្រៃចីវរ កន្ត្រក់ភេសជ្ជៈ ប៊ិកពិសេស១ដើម និងបច្ច័យចំនួន ២លានរៀល៕