សម្តេចប្រធានរដ្ឋសភា បញ្ចប់ដំណើរទស្សនកិច្ចនៅប្រទេសហុងគ្រី និងបន្តដំណើរទៅកាន់ប្រទេសបារំាង ដើម្បីចូលរួមវេទិកាសន្តិភាពប៉ារីស លើកទី៨
នៅថ្ងៃទី២៨ ខែតុលាឆ្នាំ២០២៥នេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការនិងមិត្តភាពនៅប្រទេសហុងគ្រី ប្រកបដោយលទ្ធផលគួរជាទីមោទនៈ ក្នុងការពង្រឹងពង្រីកចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជានិងហុងគ្រីឱ្យកាន់តែរឹងមាំនិងគ្រប់ជ្រុងជ្រោយបន្ថែមទៀត នៅក្នុងឱកាសដែលចំណងមិត្តភាព ប្រទេសទំាងពីរឈានដល់ខួបទី៧០នៅឆ្នាំ២០២៦ខាងមុខនេះ។
សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋសភា រដ្ឋាភិបាលនិងប្រជាជនហុងគ្រី ដែលបានទទួល ស្វាគមន៍ យ៉ាងកក់ក្តៅ និងរៀបចំកម្មវិធីទស្សនកិច្ច ប្រកប ដោយអត្ថន័យ មានខ្លឹមសារជ្រាលជ្រៅ ជូនគណៈប្រតិភូក្នុងការនាំមកនូវផលប្រយោជន៍ជូនប្រជាពលរដ្ឋប្រទេសទំាងពីរ។
អំឡុងទស្សនកិច្ចនៅប្រទេសហុងគ្រី សម្តេចប្រធានរដ្ឋសភានិងគណៈប្រតិភូបានសិក្សាស្វែងយល់ ដកស្រង់បទពិសោធន៍ជាច្រើន ពីមិត្តហុងគ្រី តាមរយៈការធ្វើទស្សនកិច្ចទៅកាន់តំបន់វប្បធម៌ ទេសចរណ៍ មជ្ឈមណ្ឌលពាណិជ្ជកម្មនានា។
សម្តេចប្រធានរដ្ឋសភា បានជួបសម្តែងការគួរសមនិងពិភាក្សាការងារ ជាមួយ ឯកឧត្ដម តាម៉ាស ស៊ូលយ៉ូក (Tamás Sulyok) ប្រធានាធិបតីហុងគ្រី ជាមួយ ឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី ជួបពិភាក្សាការងារជាមួយ លោកជំទាវ ម៉ាតា ម៉ាត្រៃ (Marta Matrai) អនុប្រធានទី១ រដ្ឋសភាហុងគ្រី ជួបពិភាក្សាការងារជាមួយ ឯកឧត្តម យ៉ាកប អ៊ីស្តវ៉ាន(Jakab Istavan) អនុប្រធានរដ្ឋសភាហុងគ្រី ជួបពិភាក្សាការងារអាហារពេលល្ងាចជាមួយ ឯកឧត្តម ហ្សូលតាន់ វ៉ាចដា (Zoltán VAJDA) ប្រធានក្រុមមិត្តភាពរដ្ឋសភាហុងគ្រី-កម្ពុជា។
លទ្ធផលសំខាន់មួយនៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាម្ពុជានិងឯកឧត្ដម ឡាស្លូ កូវឺរ ប្រធានរដ្ឋសភាហុងគ្រី បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូសភារវាងរដ្ឋសភានៃប្រទេសហុងគ្រី និងរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា។
ចំណែក អនុស្សរណៈនៃការយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានរដ្ឋសភាប្រទេសទំាងពីរ បានចុះហត្ថលេខាដោយឯកឧត្តមបណ្ឌិត កែវ ពិសិដ្ឋ អគ្គលេខាធិការរងប្រចាំការរដ្ឋសភា តំណាង ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការរដ្ឋសភាកម្ពុជានិង ឯកឧត្តម ជឺរជី ស៊ុច (György Such) អគ្គលេខាធិការរដ្ឋសភា ប្រទេសហុងគ្រី។
អនុស្សរណៈនៃការយោគយល់គ្នាដែលបានចុះហត្ថលេខានាពេលនេះ មានសារៈសំខាន់បំផុត នៅក្នុងការលើកកម្ពស់ទំនាក់ទំនង កិច្ចសហប្រតិបត្តិការរដ្ឋសភាប្រទេសទំាងពីរ នៅគ្រប់កម្រិត ទំាងក្នុងកម្រិតរដ្ឋសភា និងអគ្គលេខាធិការដ្ឋាន ដែលជាទំព័រប្រវត្តិសាស្រ្តថ្មីនៃចំណងការទូតសភាកម្ពុជា-ហុងគ្រី៕



