សម្តេចប្រធានរដ្ឋសភា៖ ប្រព័ន្ធគាំពារសង្គម បានរួមចំណែកដ៏សំខាន់ ជួយដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបលាននាក់ ក្នុងអំឡុងពេលជួបវិបត្តិនានាជាយថាហេតុ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសធានា ការគាំពារផ្នែកថែទាំសុខភាព

សម្តេចរដ្ឋសភាធិបតី បានមានប្រសាសន៍ថា ប្រព័ន្ធគាំពារសង្គម បានរួមចំណែកដ៏សំខាន់ ជួយដល់ប្រជាពលរដ្ឋកម្ពុជារាប់សិបលាននាក់ ក្នុងអំឡុងពេលជួបវិបត្តិនានាជាយថាហេតុ និងបានចូលរួមកាត់បន្ថយភាពក្រីក្រ ជាពិសេសធានា ការគាំពារផ្នែកថែទាំសុខភាព ចាប់តាំងពីពេលចាប់កំណើតរហូតដល់ ទទួលមរណភាព ដែលអាចកំណត់ថាជា “អភិក្រមនៃវដ្តជីវិត” ដែលមានបណ្ដុំហានិភ័យតាមដំណាក់កាលចំនួន៧ រួមមាន មាតុភាព និងហានិភ័យកុមារភាព ហានិភ័យសុខភាព ហានិភ័យការងារ ពិការភាព និកម្មភាពភាពគ្មានជម្រក និងជរាភាព និងឧត្តរជីវី។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងបែបនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងវេទិកាផ្សព្វផ្សាយស្តីពីប្រព័ន្ធគាំពារសង្គមនៅកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥ នាវិមានរដ្ឋសភា។
សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បន្តថា ទោះបីជារយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាលសម្រេចបានលទ្ធផលល្អ ប្រសើរយ៉ាងណាក្តី ក៏នៅទាមទារឱ្យមានការយកចិត្តទុកដាក់កាន់តែខ្ពស់បន្ថែមទៀតទៅលើការអភិវឌ្ឍប្រព័ន្ធគាំពារសង្គម ដែលក្នុងនោះ រួមមាន ជាបឋម គឺ៖ ភាពចាំបាច់ក្នុងការវិនិយោគលើធនធានមនុស្ស ព្រមទាំងជំរុញផលិតភាពពល កម្ម។ ការធានាបាននូវសន្តិសុខប្រាក់ចំណូលជូនប្រជាជន និងការជំរុញឱ្យពួកគាត់មានលទ្ធភាពបង្កើនចំណាយ ដែលជាកម្លាំងចលករយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ ឲ្យកាន់តែមានប្រសិទ្ធភាព និងប្រកបដោយបរិយាបន្ន,តម្រូវការក្នុងការធានាបាននូវយុត្តិធម៌ និងសមធម៌សង្គម តាមរយៈ ការលើកកម្ពស់ឋានៈ សេដ្ឋកិច្ច-សង្គម នៃប្រជាជនក្រីក្រ និងងាយរងគ្រោះ ហើយដូចនោះ ជំរុញនូវសាមគ្គីភាព ភាពសុខ សាន្ត និងសន្តិភាពសង្គម, និងភាពចាំបាច់ ក្នុងការត្រៀមលក្ខណៈ ដើម្បីឆ្លើយតបចំពោះបម្រែបម្រួលប្រជាសាស្ត្រ ក្នុងករណីកម្ពុជាប្រែក្លាយទៅជាសង្គមចាស់ជរាជាដើម។
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានបញ្ជាក់ថា
ការគាំពារសង្គម គឺជាបញ្ហាអន្តរវិស័យដ៏ស្មុគស្មាញ ដែលទាម ទារឱ្យមានកិច្ចសហការអន្តរវិស័យ និងភាពជាដៃគូពហុភាគី ព្រមទាំងការពង្រឹងគុណតម្លៃ និងវិធីសាស្ត្រនៃ “ជវភាពនៃប្រព័ន្ធតួអង្គតែមួយ។ ស្ថាប័នសាធារណៈ វិស័យឯកជន និងសង្គមស៊ីវិល ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីអនុវត្តក្របខ័ណ្ឌគោលនយោបាយជាតិគាំពារសង្គមឆ្នាំ២០២៤-២០៣៥ ឱ្យមានប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព។ ដើម្បីសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រដោយជោគជ័យ យើងត្រូវ អនុវត្តផែនការសកម្មភាពជាក់លាក់ និងត្រូវមានយន្តការតាមដាន និងវាយ តម្លៃច្បាស់លាស់។ នៅក្នុងឱកាសនេះ សម្តេចរដ្ឋសភាធិបតី បានការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះ រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយ សម្តេចមហាបវរ ធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដែលជាថ្នាក់ដឹកនាំវ័យក្មេង ប្រកបដោយថាមពលខ្លាំងក្លា ប្រាជ្ញាឈ្លាសវៃ និងចក្ខុវិស័យវែងឆ្ងាយ ដែលបានដាក់ចេញនូវទិសដៅ «កសាងប្រព័ន្ធគាំពារសង្គម ប្រកបដោយបរិយាបន្ន ប្រសិទ្ធភាព និងចីរភាពហិរញ្ញវត្ថុ» ហើយបានប្តេជ្ញាបន្តអនុវត្ត ពង្រឹង និងពង្រីកប្រព័ន្ធគាំពារសង្គមនេះឱ្យកាន់តែប្រសើរ និងទូលំទូលាយថែមទៀត ដោយ «មិនបោះបង់ពលរដ្ឋណាម្នាក់ ក្រោមពាក្យស្លោក “មានបេឡាសន្តិសុខសង្គម ឬ ប.ស.ស មានការគាំពារគ្រប់ពេលវេលា”។ ជាមួយគ្នានេះ សម្តេចប្រធានរដ្ឋសភា បានចាត់ទុកប្រធានបទនៃវេទិកាផ្សព្វផ្សាយនាពេលនេះ ពិតជាមានសារៈសំខាន់ និងសមស្របបំផុត ក្នុងបរិបទកម្ពុជានាពេលបច្ចុប្បន្ន។ សម្តេចរដ្ឋសភាធិបតី បានបញ្ជាក់បន្តថា ប្រព័ន្ធគាំ ពារសង្គមត្រូវបានជ្រើសជាប្រធានបទមួយ ក្នុងចំណោម ប្រធានបទចំនួន ៣ ដ៏សំខាន់របស់ជាតិ ដែលនឹងត្រូវលើកយកទៅពិភាក្សា ក្នុងសមាជរដ្ឋសភា ព្រឹទ្ធសភា នាដើមខែមិថុនា ខាងមុខនេះ។ វេទិកាថ្ងៃនេះ រៀបចំឡើងមិនត្រឹមតែ ដើម្បីអបអរសមិទ្ធផលសំខាន់ៗ ដែលរាជរដ្ឋាភិបាលសម្រេច បាន ក្នុងការអនុវត្តប្រព័ន្ធគាំពារសង្គមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាឱកាសសម្រាប់ការពិភាក្សា បន្តជំរុញការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមឱ្យកាន់តែរឹងមាំ និងមានភាពធន់ ដូចបានកំណត់ក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយឈរលើស្មារតី “មិនបោះបង់ពលរដ្ឋណាម្នាក់” រួមនឹងទស្សនវិស័យ និងគោលដៅច្បាស់លាស់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ប្រកបដោយសមធម៌ និងបរិយាបន្ន។
នៅក្នុងឱកាសនេះ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារីមានជំនឿយ៉ាងមុតមាំថា លទ្ធផលនៃកិច្ចពិភាក្សាក្នុងវេទិកានេះ នឹងផ្តល់ជាធាតុចូលដ៏សំខាន់ដល់សមាជិក សមាជិកាព្រឹទ្ធសភា និងរដ្ឋសភា សម្រាប់ធ្វើជាមូលដ្ឋាន ក្នុងកិច្ចពិភាក្សា និងការអនុម័តលើសេចក្តីសម្រេច ដាក់ចេញនូវទិសដៅជាយុទ្ធសាស្ត្រ សំដៅលើកកម្ពស់ប្រព័ន្ធគាំពារសង្គម ឱ្យបានកាន់តែមានប្រសិទ្ធភាព គណនេយ្យភាព និងស័ក្តិសិទ្ធិភាព។
ក្នុងនាមរដ្ឋសភា សម្តេចប្រធានរដ្ឋសភា បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះគណៈ កម្មការទី៨ នៃរដ្ឋសភា និងព្រឹទ្ធសភា ដែលបានផ្តួចផ្តើមគំនិតសហការ ជាមួយក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ក្នុងការរៀបចំឱ្យមានវេទិកាផ្សព្វផ្សាយដ៏ មានសារៈសំខាន់នេះឡើង។
ឯកឧត្តម ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសប្បទា បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត ឈ្លាសវៃ និងស្វាហាប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយបានកំណត់ច្បាស់នូវកម្មវិធី គោលនយោបាយអាទិភាពចំនួន៦ ក្នុងនោះ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ជាសេនាធិការទទួលខុសត្រូវអនុវត្តកម្មវិធីទី៣ ស្តីពីការធ្វើស្ថាបនូបនីយកម្ម កម្មវិធីជាតិជំនួយសង្គមសម្រាប់ គ្រួសារក្រីក្រ ក្រុមជនងាយរងគ្រោះ នៅក្នុងគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ នៅក្នុងគ្រាមានវិបត្តិ សេដ្ឋកិច្ច និងគ្រាមានគ្រោះអាសន្ន ដែលជាកម្មវិធីជួយទ្រទ្រង់ និងផ្តល់ការគាំពារទាន់ពេល និងក្នុងលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋ ជាពិសេស គ្រួសារក្រីក្រ ងាយរងគ្រោះ និងគ្រួសារងាយរងហានិភ័យ ទៅតាមស្ថានភាពជាក់ស្តែងនៃវិបត្តិ ឬគ្រោះអាសន្ន នៅគ្រប់ទីតាំងភូមិសាស្ត្រទូទាំងប្រទេស ដែលនឹងគ្របដណ្តប់លើប្រជាជន សរុបប្រមាណ ៤,៣លាននាក់។
ឯកឧត្តមរដ្ឋមន្ត្រី បញ្ជាក់ថា គិតត្រឹមថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ កម្មវិធីជាតិជំនួយសង្គមក្នុងកញ្ចប់គ្រួសារ បាននិងកំពុង បើកផ្តល់ប្រាក់ឧបត្ថម្ភគោលជូនគ្រួសារមានបណ្ណសមធម៌សរុបចំនួន ៧១៥,៣៤៧គ្រួសារ និងបានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមសម្រាប់សមាជិកគ្រួសារដែលមានភាពងាយរងគ្រោះដូចជា ស្ត្រីមានផ្ទៃពោះ កុមារ អាយុក្រោម២ឆ្នាំ ជនមានពិការភាព មនុស្សចាស់អាយុ ៦០ឆ្នាំឡើង អាហារូបករណ៍សិស្សក្រីក្រនៅបឋមសិក្សា និងមធ្យមសិក្សាចំណេះទូទៅសាធារណៈ និងអ្នកផ្ទុកមេរោគអេដស៍ ជំងឺអេដស៍ ដោយរដ្ឋបានចំណាយថវិកាសរុប ៤៣២ប៊ីលាន ៩០៩លាន ៤៤២ពាន់រៀល ស្មើនឹងប្រមាណជាង ១០៨,២២លាន ដុល្លារអាមេរិក។ ដោយឡែក បច្ចុប្បន្ននេះ មូលនិធិជាតិជំនួយសង្គមបាននិងកំពុងបើកផ្តល់ប្រាក់របបសន្តិសុខសង្គម ជូនអតីតមន្ត្រីរាជការស៊ីវិលសរុបចំនួន ៥៦,៤៧៥នាក់ និងអតីតយុទ្ធជនសរុបចំនួន ១១៥,២៩៦នាក់ ដោយការ បើកផ្តល់នេះ ធ្វើឡើងចំនួន ០២លើកក្នុងមួយខែ តាមរយៈប្រព័ន្ធធនាគារកាណាឌីយ៉ា និងធនាគារអេស៊ី លីដា។ ទន្ទឹមនឹងរបបសន្តិសុខសង្គមប្រចាំខែ ក៏មានការផ្តល់នូវប្រាក់ធានារ៉ាប់រងសង្គម ប្រាក់បូជាសព ក្នុងពេលដែលទទួលមរណភាពផងដែរ។
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា កម្មវិធីផ្សព្វផ្សាយនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីចែករំលែកព័ត៌មាន, អត្ថប្រយោជន៍, វឌ្ឍនភាព, សមិទ្ធផល និងទិសដៅនៃការអនុវត្តប្រព័ន្ធគាំពារសង្គមជូនដល់សមាជិក សមាជិកា រដ្ឋសភានិងព្រឹទ្ធសភាទាំងអស់ ដើម្បីជាមូលដ្ឋានក្នុងការចុះសំណេះសំណាល និងផ្សព្វផ្សាយ បន្តដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ឬមណ្ឌលរៀងខ្លួនឱ្យកាន់តែទូលំទូលាយ។ សមិទ្ធផល និងវឌ្ឍនភាពសម្រេចបាននៅក្នុងប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា គឺជាលទ្ធផលដែល ទទួលបានពីផ្លែផ្កានៃកំណើនសេដ្ឋកិច្ច សុខសន្តិភាពពេញបរិបូរណ៍ និងស្ថិរភាពនយោបាយ ដែលកើតចេញពីរាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវនិងមានចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ដែលជា អតីតនាយករដ្ឋមន្ត្រី និងការបន្តដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ឯកឧត្តមរដ្ឋមន្ត្រី បានបញ្ជាក់ថា គិតត្រឹមខែមេសា ឆ្នាំ២០២៥ សមាជិក ប.ស.ស. ផ្នែកថែទាំសុខភាពសរុបកើនឡើងដល់ ប្រមាណ ៣,១លាននាក់ (ស្រី ១,៧លាននាក់) ដែលក្នុងនោះបុគ្គលដែលស្ថិតក្នុងវិស័យសាធារណៈមានប្រមាណ ៥១ម៉ឺននាក់ (ស្រី ១៥ម៉ឺននាក់), កម្មករនិយោជិតមាន ប្រមាណ ១,៩លាន នាក់ (ស្រី ១,១លាននាក់), បុគ្គលស្វ័យនិយោជន៍មានប្រមាណ ៥០ម៉ឺននាក់ (ស្រី ៣១ម៉ឺននាក់) និងអ្នកក្នុងបន្ទុកសមាជិក ប.ស.ស. មានប្រមាណ ១៩ម៉ឺននាក់ (ស្រី១១ម៉ឺននាក់)។
លោកជំទាវ ឡោក ខេង ប្រធានគណៈកម្មការទី៨ នៃរដ្ឋសភា និងជាអនុប្រធានប្រចាំការសមាគម សមាជិកសភាកម្ពុជាដើម្បីប្រជាជន និងការអភិវឌ្ឍ បានមានប្រសាសន៍ថា សិក្ខាសាលាសភា ស្តីពី «ប្រព័ន្ធគាំពារសង្គមនៅប្រទេសកម្ពុជា» ដែល កំពុងត្រូវបានដំណើរការនាព្រឹកនេះ ត្រូវបានផ្តួចផ្តើមគំនិត និងសហការរៀបចំ ឡើងដោយគណៈកម្មការទី៨ ជាមួយក្រសួងទាំង២ ដែលស្ថិតក្រោមវិស័យទទួល ខុសត្រូវរបស់គណៈកម្មការគឺ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និង ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈការចុះធ្វើការផ្ទាល់ជាមួយ ក្រសួងតាំងពីដើមអាណត្តិ។ គណៈកម្មការបានស្វែងយល់ និងសង្កេតយ៉ាងយក ចិត្តទុកដាក់នូវដំណើរ ការអនុវត្តប្រព័ន្ធគាំពារសង្គមនៅតាមមូលដ្ឋាននានា ព្រម ទាំងបានសាកសួរផ្ទាល់ពីសំណាក់អ្នកទទួលសេវា ដើម្បីដកស្រង់បទពិសោធជាក់ស្តែងរបស់ពួកគាត់។ គណៈកម្មការបានកត់សម្គាល់នូវកិច្ចខិតខំប្រឹងប្រែងរបស់ រាជរដ្ឋាភិបាលក្នុងការរៀបចំឱ្យមានប្រព័ន្ធគាំពារសង្គមមួយដែលរឹងមាំ និងប្រកបដោយចីរភាពមួយ។ លោកជំទាវ មានប្រសាសន៍បន្តថា គោលបំណង នៃសិក្ខាសាលាគឺធ្វើបច្ចុប្បន្នភាព ធ្វើរបាយការណ៍វឌ្ឍនភាព និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានក្នុងនីតិកាលកន្លងទៅ និងអ្វី ដែលកំពុងបន្តអនុវត្តក្នុងនីតិកាលនេះ៕