សម្តេចប៉ាបថ្មី Leo ទី XIV ចេញមកអំពាវនាវជាលើកដំបូងឲ្យបញ្ចប់សង្រ្គាមនៅ GAZA និងសូមឲ្យមេដឹកនាំទូទាំងពិភពលោក«សូមកុំបង្កើតសង្រ្គាមលោកលើកទី៣ជាបំណែកៗឲ្យសោះ» 

សម្តេចប៉ាប Leo ទី XIV បានចេញមុខអំពាវនាវឱ្យមានសន្តិភាពពិតប្រាកដ និងយុត្តិធម៌នៅលើទឹកដីអ៊ុយក្រែន និងបទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សាពីកម្មវិធីអធិដ្ឋានសុំសេចក្តីសុខនិងអំណរនៅថ្ងៃអាទិត្យនេះដែលជាកម្មវិធីដំបូងមួយរបស់សម្តេចប៉ាបក្នុងនាមជាសម្តេចសង្ឃកាតូលីកដ៏ធំរបស់ពិភពលោក។ សម្តេចប៉ាប Leo បានមានប្រសាសន៍ពីបរិវេណ loggia នៃព្រះវិហារ St. Peter’s Basilica ទៅកាន់មនុស្សប្រមាណជា១សែននាក់ដែលស្ថិតនៅខាងក្រោមថា៖ ខ្ញុំសូមអំពាវនាវទៅកាន់ប្រទេសមហាអំណាចនៅលើពិភពសុំកុំធ្វើសង្រ្គាម សូមកុំបង្កើតសង្រ្គាមជាថ្មីម្តងទៀត។ សម្តេចប៉ាប Leo ក៏បានដកស្រង់សំដីរបស់សម្តេចប៉ាបចាស់ ហ្វ្រង់ស៊ីស ដែលធ្លាប់បានអំពាវនាវឲ្យបញ្ឈប់ជម្លោះនាពេលថ្មីៗនេះចំនួន៤លើកមកហើយថាប្រជាជនកំពុងរងនូវការវាយប្រហារគ្នា ដោយសម្តេចប៉ាបបានប្រៀបធៀបថាវាជា “សង្រ្គាមលោកលើកទីបីជាបំណែកៗ។ សម្តេចបានមានប្រសាសន៍ទៀតថា “ខ្ញុំសូមយកទុក្ខសោករបស់ប្រជាជនអ៊ុយក្រែនជាទីស្រឡាញ់របស់ពួកយើងទាំងអស់គ្នាមកទុកក្នុងចិត្តចាប់ពីពេលនេះតទៅ និង សូមឱ្យអ្វីៗដែលអាចធ្វើទៅបានរួមគ្នា ធ្វើឡើងដើម្បីសម្រេចបាននូវសុខសន្តិភាពពិតប្រាកដ យុត្តិធម៌ និងយូរអង្វែងឱ្យបានឆាប់ តាមដែលអាចធ្វើទៅបានដែរ។ លើសពីនេះដែរសម្តេចប៉ាបបានអំពាវនាវឱ្យមានការដោះលែងអ្នកទោសសង្គ្រាម និងការបញ្ជូនកុមារអ៊ុយក្រែនត្រឡប់ទៅរកក្រុមគ្រួសាររបស់ពួកគេវិញ និងស្វាគមន៍បទឈប់បាញ់រវាងភាគីឥណ្ឌានិងប៉ាគីស្ថាន។ សម្តេចបានអំពាវនាវសង្កត់ធ្ងន់ឱ្យមានបទឈប់បាញ់ជាបន្ទាន់នៅក្នុងតំបន់ Gaza និងដំណើរការផ្តល់ជំនួយមនុស្សធម៌ឲ្យដល់ “ប្រជាជនស៊ីវិលដែលហត់នឿយនឹងសង្រ្គាម និងចំណាប់ខ្មាំងទាំងអស់ត្រូវតែដោះលែង” ។ នេះគឺជាលើកទី១ហើយដែលសម្តេចប៉ាប Leo ទី XIV ដើមកំណើតអាម៉េរិកបានឈរនៅទីតាំង loggia ចាប់តាំងពីសម្តេចត្រូវបានគេជ្រើសរើសជាប្រធានសាសនា និង ជាលើកដំបូងដែលសម្តេចប៉ាប បានអំពាវនាវទៅកាន់ពិភពលោកទាំងមូល។ អ្នកនិយមប្រពៃណី និងអ្នកអភិរក្ស បានបញ្ចេញនូវអារម្មណ៍និងការយល់ឃើញរបស់ពួកគេជុំវិញការលើកឡើងរបស់សម្តេចប៉ាបថ្មី និងប្រកាសធ្វើកំណែទម្រង់ពីសម្តេចប៉ាបចាស់ ហ្វ្រង់ស៊ីស និងរចនាប័ទ្មពិធីសាសនាដែលធ្លាប់ធូររលុង គឺជាកាយវិការបង្ហាញពីឆន្ទៈនិងអាទិភាពរបស់ សម្តេចប៉ាបថ្មី Leo ថែមទៀត៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ