សម្តេចនាយករដ្ឋមន្រ្តី និងលោកជំទាវ ផ្តល់អំពូលសូឡាជាង៦០០ បំពាក់នៅលើផ្លូវលេខ៣៧០

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម អ៊ាង សុផល្លែត បាននាំយកអំពូលសូឡាចំនួន៦១៤ ដែលជាអំណោយរបស់ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជូនប្រជាពលរដ្ឋស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ សម្រាប់បំភ្លឺតាមបណ្តោយផ្លូវលេខ៣៧០។

សូមបញ្ជាក់ថា រដ្ឋបាលស្រុកអូររាំងឪ បានសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ និងតំណាងក្រុមហ៊ុនទទួលសាងសង់ផ្លូវ ចុះពិនិត្យស្ថានភាពផ្លូវជាក់ស្ដែង និងរៀបចំពិធីបើកការដ្ឋានជួសជុលស្ដារផ្លូវលេខ៣៧០ ឱ្យបានស្អាតឡើងវិញ និងដាក់អំពូលសូឡានៅតាមដងផ្លូវនេះបន្ថែមទៀត ចាប់ពីភូមិសាស្ត្រឃុំគោងជ័យ ឆ្ពោះទៅទីប្រជុំជនផ្សារអូររាំងឪ កែងនឹងផ្លូវជាតិលេខ១១។ មន្រ្តីបរិស្ថានបន្ថែមថា អំពូលភ្លើងសូឡា ឬ«អំពូលភ្លើងទេវតា» ដើរដោយថាមពលពន្លឺព្រះអាទិត្យ ជាអំណោយសម្តេចនាយករដ្ឋមន្រ្តី និងស្ត្រីទី១នៃកម្ពុជា ដែលបានផ្ដល់នាពេលនេះ នឹងជួយឱ្យប្រជាពលរដ្ឋងាយស្រួលក្នុងការដឹកជញ្ជូនកសិផល និងងាយធ្វើដំណើរនាពេលយប់ផងដែរ។

សូមជម្រាបថា ផ្លូវលេខ៣៧០ មានប្រវែង៣ម៉ឺនម៉ែត្រ ក្នុងនោះជួសជុល និងស្តារឡើងវិញ នៅដំណាក់កាលទី១បានប្រវែង២៤០០០ម៉ែត្រ និងដំឡើងភ្លើងសូឡាបំភ្លឺ ជូនប្រជាពលរដ្ឋប្រើប្រាស់រួចហើយ កាលពីពេលថ្មីៗ។ ដោយឡែក ដំណើរការជួសជុលដំណាក់កាលទី២ នៅសល់ប្រវែងប្រមាណ៦ពាន់ម៉ែត្រទៀត ចេញពីឃុំគងជ័យ ឆ្ពោះមកភ្ជាប់ផ្លូវជាតិលេខ៧ ទីប្រជុំជនស្រុកអូររាំងឪ នឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ និងគ្រោងបញ្ចប់នៅដើមឆ្នាំ២០២៦៕