សម្តេចធិបតី ហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលចាត់វិធានការបន្ទាន់ដើម្បីទទួលពលករ និងជនភៀសសឹកដោយសារការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ

នៅថ្ងៃទី២៧ ខែកក្កដានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា កំពុងអនុវត្តវិធានការចាំបាច់ជាបន្តបន្ទាប់ ដើម្បីទទួលនិងជួយសង្រ្គោះបងប្អូនពលករខ្មែរដែលវិលត្រឡប់ពីប្រទេសថៃ និងជនភៀសសឹកដែលជន្លាស់ចេញពីតំបន់ប្រយុទ្ធ នៅតាមតំបន់ព្រំដែនខេត្តជាប់ប្រទេសថៃ។សម្តេចធិបតីបានបញ្ជាក់ថា ក្រោយថ្ងៃផ្ទុះអាវុធនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ មកនេះ ក្រសួងស្ថាប័នពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងរដ្ឋបាលខេត្តជាប់ព្រំដែនទាំង ៧ បានសហការគ្នាដើម្បីសម្របសម្រួលការឆ្លងកាត់ព្រំដែន និងបង្កើតទីតាំងស្នាក់នៅបណ្ដោះអាសន្នសម្រាប់បងប្អូនដែលចាកចេញពីតំបន់ប្រយុទ្ធ។ ក្រសួងការពារជាតិ កងទ័ពជើងគោក និងសាលារាជធានីភ្នំពេញ បានរៀបចំយានយន្តដឹកជញ្ជូនបងប្អូនពីព្រំដែន ត្រឡប់ទៅស្រុកកំណើតវិញផងដែរ។ក្នុងពេលដូចគ្នា ក្រុមការងារថ្នាក់ជាតិ និងរដ្ឋបាលរាជធានី-ខេត្តក៏បានចុះជួយសម្របសម្រួលក្នុងការទទួលពលករនៅតាមតំបន់ភូមិសាស្ត្រនីមួយៗ ដោយផ្តល់ជំនួយ និងការយកចិត្តទុកដាក់ចំពោះជីវភាពរបស់ពួកគេ។ចំពោះជនភៀសសឹក ដែលត្រូវជន្លាស់ចេញពីតំបន់ប្រយុទ្ធ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីរៀបចំការទទួលសុវត្ថិភាព ការស្នាក់នៅ អាហារ និងសុខាភិបាល។ ក្រសួងសេដ្ឋកិច្ច និងក្រសួងសុខាភិបាល ក៏បានចូលរួមដោះស្រាយតាមដំណើរការដែលផ្តោតលើជីវភាពរស់នៅនិងសុខសុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងស្ថានភាពដ៏លំបាកនេះ។ សម្តេចធិបតី ហ៊ុន ម៉ាណែត សូមចូលរួមរំលែកទុក្ខចំពោះវីរៈកងទ័ព និងប្រជាពលរដ្ឋស៊ីវិលដែលបានស្លាប់ក្នុងសង្រ្គាមនេះ ព្រមទាំងសរសើរនូវស្មារតីអង់អាចក្លាហានរបស់កងទ័ព និងកងនគរបាលជាតិ ដែលកំពុងអនុវត្តប្រតិបត្តិការជាសកម្មក្នុងការការពារបូរណភាពទឹកដីជាតិ។ សម្តេចក៏សូមអរព្រះគុណនិងអរគុណ ព្រះថេរានុថេរៈគ្រប់ព្រះអង្គក៏ដូចជាបងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ដែលបានបន្តគាំទ្រនិងផ្ដល់ការលើកទឹកចិត្តដល់វីរៈយុទ្ធជន វីរៈនគរបាលជាតិ ដែលកំពុងឈរជើងនិងធ្វើប្រតិបត្តិការយ៉ាងសកម្មក្នុងការការពារបូរណភាពទឹកដីខ្មែរយើង។ សូមបន្តនូវស្មារតីរួបរួមជាតិក្នុងនាមជាខ្មែរតែមួយ ដើម្បីការពារបូរណភាពទឹកដីខ្មែរ។