សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ច្បាប់ដកសញ្ជាតិខ្មែរ មានតាំងពីសម័យសង្គមរាស្ត្រនិយម មិនមែនជារឿងថ្មីនោះទេ

នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានលើកឡើងក្នុងបណ្តាញទំនាក់ទំនងសង្គមថា ច្បាប់ស្តីពី «ការដក ឬបាត់សញ្ជាតិខ្មែរ» មិនមែនជារឿងថ្មីទេសម្រាប់កម្ពុជានាពេលបច្ចុប្បន្ន ពីព្រោះច្បាប់ នេះមានគ្រប់គ្រាន់រួចមកហើយចាប់តាំងពីសម័យសង្គមរាស្ត្រនិយម។
សម្តេចបានបង្ហាញឯកសារច្បាប់ចំនួនពីរ ដែលអះអាងពីការដកសញ្ជាតិខ្មែរជាផ្លូវការចំពោះបុគ្គលដែលបានប្រព្រឹត្តអំពើបំផ្លាញប្រយោជន៍ជាតិ និងសន្តិភាពសាធារណៈ។ ឯកសារនោះរួមមាន៖
១-ព្រះរាជក្រមដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបាត់សញ្ជាតិខ្មែរ ថ្ងៃទី១៦ ខែតុលា ឆ្នាំ១៩៦៨
ទី២៖ ក្រមរដ្ឋប្បវេណី មាត្រា២៥-ស្នួន (ដកស្រង់ចេញពីព្រះរាជក្រមលេខ ៣៩៧ ន.ស.២៦-១០-៥៩) ឆ្នាំ១៩៦៧។
សម្តេចតេជោបន្ថែមថា មិនមែនមានតែប្រទេសកម្ពុជាប៉ុណ្ណោះទេ ដែលមានច្បាប់ដកសញ្ជាតិទេ។ តាមការស្ទង់ទិន្នន័យ ពិភពលោកមានប្រទេសប្រមាណជាង ១៥០ ដែលអាចដកសញ្ជាតិនៃពលរដ្ឋខ្លួនបានក្នុងករណីពិសេស ដូចជា៖ បំផ្លាញប្រយោជន៍ជាតិ ភាពមិនស្មោះត្រង់ ការគំរាមកំហែងសន្តិសុខជាតិ និងបទល្មើសពាក់ព័ន្ធនឹងភេរវកម្ម។
ព្រះរាជក្រម ឆ្នាំ១៩៦៨ ច្បាប់ស្តីពីការបាត់សញ្ញាតិខ្មែរ ក្នុងមាត្រាមួយ បានចែងថា «អាចបាត់សញ្ញាតិខ្មែរ ខ្មែរណាដែលតុលាការបានកាត់ទោសយ៉ាងតិចត្រឹមទោសឧក្រិដ្ឋថ្នាក់ទី១ ពីបទវិទ្ធស្សនា ក្បត់ជាតិឬប្រទូសរ៉ាយនឹងការសុខសាន្តខាងក្នុង ឬខាងក្រៅរដ្ឋ»។
ក្រមរដ្ឋប្បវេណី ឆ្នាំ១៩៦៧ មាត្រា២៥ ស្ទួន (ចំណុច៣) បានថែងថា «ជនជាតិខ្មែរដែលនៅបរទេស ហើយប្រកែកមិនព្រមចូលមក ធ្វើទាហានក្នុងកងទ័ពខ្មែរ, ទាហានខ្មែរ ដែលរត់ទៅបរទេស, ទោះបីក្នុងពេលមានសន្តិភាពក៏ដោយ និងជនជាតិខ្មែរ, ក្រោយដែលបានប្រព្រឹត្តបទប្រទុស្សរ៉ាយ នឹងសេចក្តីសុខសាន្ត ក្នុងព្រះនរគ និងក្រៅព្រះនគរហើយ រត់ទៅជ្រកនឹងបរទេសដើម្បីនឹងបន្តសកម្មភាព វិទ្ធស្សនាតទៅទៀត (ដូចក្នុងឯកសារ)។
ឯកសារច្បាប់ចាស់ៗទាំងនេះ គឺដើម្បីបញ្ជាក់ថា ការដកសញ្ជាតិមិនមែនជាការបង្កើតថ្មីនៃរដ្ឋាភិបាលបច្ចុប្បន្នទេ ប៉ុន្តែជាចំណាត់ការតាមផ្លូវច្បាប់ ដែលត្រូវបានអនុវត្តចាប់តាំងពីសម័យកន្លងមក ដើម្បីការពារ ប្រយោជន៍ជាតិ អធិបតេយ្យភាព និងសុវត្ថិភាពសាធារណៈនៃព្រះរាជាណាចក្រកម្ពុជា៕