សម្តេចតេជោ ហ៊ុន សែន បដិសេធព័ត៌មានថៃ ដោយសម្តេចបញ្ជាក់ថា៖មិនបានតែងខ្លួនជាអគ្គបញ្ជាការកងទ័ពឡើយគឺគ្រាន់តែទៅសួរសុខទុក្ខលើកទឹកចិត្តកងទ័ពប៉ុណ្ណោះ

សម្តេចតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការបដិសេធព័ត៌មានដែលផ្សាយដោយសារព័ត៌មានមួយនៅប្រទេសថៃ ស្ដីអំពីការដកអគ្គបញ្ជាការកងទ័ព និងការតែងខ្លួនឯងជាអគ្គបញ្ជាការកងទ័ព ដើម្បីត្រៀមវាយប្រទេសថៃ។ សម្តេចបានបញ្ជាក់ថា វត្តមានរបស់សម្តេចនៅខេត្តឧត្តរមានជ័យ និងខេត្តព្រះវិហារ គឺសម្រាប់សួរសុខទុក្ខ កងទ័ព មន្ត្រីរាជការ និងប្រជាជនភៀសខ្លួន ប៉ុណ្ណោះ។
សម្តេចបានថ្លែងថា វត្តមានរបស់សម្តេចមិនមែនដើម្បីចេញបញ្ជាជំនួសឱ្យនាយករដ្ឋមន្ត្រី ឬរដ្ឋមន្ត្រីក្រសួងការពារជាតិ ឬអគ្គបញ្ជាការកងទ័ពនោះឡើយ ប៉ុន្តែគ្រាន់តែជាការលើកទឹកចិត្ត និងជួយផ្តល់ភស្តុភារជាមួយនឹងកម្លាំងប្រដាប់អាវុធ ដែលកំពុងបំពេញភារកិច្ចការពារជាតិការពារដែនដី។
សម្តេចបានបន្ថែមថា ពាក្យ “អគ្គភស្តុភារជាន់ខ្ពស់” ដែលបានហៅដោយបងប្អូនមេបញ្ជាការកងទ័ព គឺជាពាក្យសរសើរនិយាយលេងមួយ គ្មានការតែងតាំងផ្លូវការឡើយ។ ការជួយផ្តល់ភស្តុភាររបស់សម្តេចគឺជាការជួយបន្ថែមលើភស្តុភារដែលរាជរដ្ឋាភិបាលផ្តល់ជូន។
ចំពោះព័ត៌មានមិនពិតដែលអះអាងថា សម្តេចត្រៀមវាយប្រទេសថៃ សម្តេចបានឆ្លើយតបថា៖“បើឆ្កួត សូមឆ្កួតតែពួកអួកឯងចុះ។”
សម្តេចបញ្ជាក់ថា សម្តេចជាមនុស្សទី២បន្ទាប់ពីព្រះមហាក្សត្រ ហើយបើសូម្បីតែតួនាទីជានាយករដ្ឋមន្ត្រី សម្តេចក៏បានចាកចេញរួចទៅហើយ ដូច្នេះមិនមានចេតនាធ្វើជាអគ្គបញ្ជាការកងទ័ពឡើយ។
សម្តេចបានថ្លែងថាទៅអ្នកខ្លះៗថា៖“ឈប់បានឈប់ទៅ ហើយសូមកុំចូលមកឈ្លានពាន Facebook ខ្ញុំទៀត។