សម្តេចតេជោ ហ៊ុន សែន៖ ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង បើស៊ើបលើ “កុក អាន” តើហ៊ានស៊ើបលើ “ថាក់ ស៊ីន” ដែរ​ឬទេ?

សម្តេចតេជោ ហ៊ុន សែន៖ ថៃលើកដុំថ្មទម្លាក់លើជើងខ្លួនឯង បើស៊ើបលើ “កុក អាន” តើហ៊ានស៊ើបលើ “ថាក់ ស៊ីន” ដែរ​ឬទេ?

នៅល្ងាចថ្ងៃទី ៨ កក្កដានេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានថ្លែងអបអរសាទរយ៉ាងផ្ទាល់ទៅដល់អាជ្ញាធរ និងប៉ូលីសថៃ ចំពោះការបើកប្រតិបត្តិការបំបាត់បណ្តាញបទល្មើសអនឡាញនៅលើដែនដីរបស់ខ្លួន ដែលសម្តេចថា ជាការចូលរួមដ៏សំខាន់មួយក្នុងការជួយកាត់បន្ថយបទល្មើសដែលហូរចូលមកកម្ពុជា។

សម្តេចតេជោថា៖ «ខ្ញុំពិតជាសូមចូលរួមអបអរសាទរចំពោះអាជ្ញាធរ និងប៉ូលីសថៃ ដែលបានបើកប្រតិបត្តិជួយកំទេចបទល្មើសអនឡាញ នៅលើទឹកដីរបស់ខ្លួន ដែលជាការចូលរួមចំណែកដើម្បីកាត់បន្ថយបទល្មើសអនឡាញហូរចូលទឹកដីកម្ពុជា ដែលបទល្មើសទាំងនោះ នៅពាសពេញទឹកដីរបស់ខ្លួន។»

សម្តេចបញ្ជាក់ថា ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរត្រូវធ្វើតាំងពីមុន មិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ។ កន្លងមកវាបានបង្កបញ្ហាយ៉ាងច្រើនដល់កម្ពុជា ជាពិសេសនូវលំហូបទល្មើសដែលកើតចេញពីទឹកដីថៃ តាមបណ្ដោយព្រំដែន។

«ការបំផ្លាញសំបុកបទល្មើសអនឡាញនេះ គួរណាស់ធ្វើយូរហើយមិនមែនទុករហូតដល់ពេលនេះទើបធ្វើនោះទេ កន្លងមកវាបានបង្កជាបញ្ហាយ៉ាងច្រើនដល់កម្ពុជា នូវលំហូបទល្មើសដែលកើតចេញពីទឹកដីថៃ ជាពិសេសនៅព្រំដែនរបស់ថៃតែម្តង។»

បន្ថែមលើនេះ សម្តេច ហ៊ុន សែន បានឆ្លើយតបចំពោះមតិដែលបានលេចឡើងក្នុងសង្គមថៃ ទាក់ទងនឹងការស៊ើបអង្កេតលើលោក កុក អាន ដែលមានការចោទថាជាជិតស្និទ្ធនឹងសម្តេច តើនេះជាជំនួសនយោបាយឬទេ? ហើយសម្តេចក៏បានបញ្ចេញសំណួរផ្ទាល់ផងដែរទៅកាន់តុលាការថៃ៖«ចំពោះមតិលើកឡើងមានទាំងអាជ្ញាធរ សារព័ត៌មាន និងមហាជនថៃ និយាយថា ការបង្រ្កាប និងស៊ើបអង្កេតលើលោក កុក អាន គឺដោយសារជាមនុស្សជិតសិទ្ធជាមួយ ហ៊ុន សែន ដូច្នេះតុលាការគួរបើកការស៊ើបអង្កេតលើលោក ថាក់ ស៊ីន ដែរ ព្រោះអ្នកណាៗក៏ដឹងដែរថា ថាក់ ស៊ីន គឺជាមនុស្សសិទ្ធបំផុតជាមួយខ្ញុំ ជិតសិទ្ធរហូតមានបន្ទប់ដេកនៅផ្ទះរបស់ខ្ញុំទៀតផង។»

សម្តេចបានបញ្ជាក់យ៉ាងថា៖

«ចាំមើលតើតុលាការថៃ ហ៊ានបើកការស៊ើបអង្កេតលើ ថាក់ ស៊ីន ឬទេ?»