សម្តេចគណ:សង្ឃនាយកទាំងពីរគណ: យាង និងនិមន្ត ដឹកនាំ ព្រះមន្រ្តីសង្ឃនិងប្រជាពុទ្ធបរិស័ទ ២៥៦៩អង្គ/នាក់ សូធ្យគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ នៅមុខព្រះពុទ្ធបដិមាធំ ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស)
ពិធីសូធ្យគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរ នៅមុខព្រះពុទ្ធបដិមាធំ ក្នុងពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា (ភ្នំអដ្ឋរស្ស) ក្រោមការយាងដឹកនាំដោយ សម្ដេចព្រះសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិ ឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាច និងសម្តេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្តេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា និងនិមន្តដោយសម្តេចព្រះសង្ឃនាយករងគ្រប់ព្រះឋានានុក្រម ។
នៅក្នុងឱកាសប្រកបដោយនក្ខត្តឫក្សដ៏ឧត្តុង្គឧត្តម នៃពិធីសូធ្យគម្ពីរព្រះត្រៃបិដកព្រះពុទ្ធសាសនាខ្មែរនេះ មានការអញ្ជើញចូលរួមជាកិត្តិយសពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឬទ្ធិកម្ពុជា, អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាឧត្តមភរិយានាយករដ្ឋមន្ត្រីកម្ពុជា និងលោកជំទាវ ម៉ុក ប៉ូប៉ុនរិទ្ធ ពេជសោភ័ន អ្នកម្ដាយបង្កើតលោកជំទាវបណ្ឌិត , ឯកឧត្តម ចាយ បូរិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ ព្រមទាំងព្រះមន្រ្តីសង្ឃនិងប្រជាពុទ្ធបរិស័ទប្រមាណ ២៥៦៩អង្គ/នាក់ ។
បើតាមការបញ្ជាក់របស់ឯកឧត្តមបណ្ឌិត ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា បានបញ្ជាក់ថា ពិធីបុណ្យខួបលើកទី៥៦នេះ រៀបចំឡើងក្នុងគោលបំណងសំខាន់ៗចំនួនបី៖ ១. អបអរសាទរសមិទ្ធផលប្រវត្តិសាស្ត្រ៖ រំលឹកដល់ការបកប្រែគម្ពីរព្រះត្រៃបិដកពីភាសាបាលី មកជាភាសាខ្មែរ។ ២. រំលឹកគុណក្រុមជំនុំ៖ បង្ហាញនូវកតញ្ញូតាធម៌ចំពោះបុព្វបុរស និងក្រុមជំនុំព្រះត្រៃបិដក ដែលបានខិតខំប្រឹងប្រែងចងក្រង និងថែរក្សាកេរមរតកធម៌សម្រាប់ពុទ្ធសាសនិកខ្មែរ។ ៣. ការសូធ្យព្រះត្រៃបិដក៖ ដើម្បីលើកតម្កើងតម្លៃព្រះធម៌ និងផ្សព្វផ្សាយចំណេះដឹងផ្នែកពុទ្ធសាសនាឱ្យកាន់តែរីកសុះសាយ។
ដោយឡែក គម្ពីរព្រះត្រៃបិដក ជាឃ្លាំងផ្ទុកព្រះពុទ្ធវចនៈ គឺវចនៈនៃអង្គព្រះសម្ពុទ្ធ ដែលទ្រង់ទេសនាទូន្មានរវាង៤៥ វស្សា ចាប់ពីទ្រង់បានត្រាស់ដឹងព្រះសម្មាសម្ពោធិញាណ រហូតមកដល់ទ្រង់បរិនិព្វាន និង ត្រូវបានចារឹកក្នុងសាត្រាស្លឹករឹត ជាលើកដំបូងបំផុត នៅប្រទេសលង្កា ក្នុងអំឡុងព.ស.៤៣៣ ព្រមទាំងបានបង្កើតក្រុមជំនុំព្រះត្រៃបិដក នៃប្រទេសកម្ពុជា ត្រូវបានបង្កើតឡើងជាផ្លូវការដោយព្រះរាជប្រកាសលេខ ១០៦ ចុះនៅថ្ងៃ១៤ ខែធ្នូ ឆ្នាំ១៩២៩ ។ ការអានព្រះត្រៃបិដកជាកំពូលនៃចំណេះដឹង វិជ្ជាប្រាជ្ញា ធ្វើឲ្យសម្រេចនៅផលប្រយោជន៍ដល់ជនអ្នកអាន ព្រះត្រៃបិដកគឺមានសមត្ថភាព អាចយល់ ឃើញត្រូវ ត្រិះរិះត្រូវ និយាយបានត្រឹមត្រូវ ប្រកបការងារបានល្អប្រសើរ ចេះរៀបចំមុខរបរ ចិញ្ចឹមជីវិតប្រកបដោយប្រយោជន៍ត្រឹមត្រូវ ថែមទាំងធ្វើអោយអ្នកអានព្រះត្រៃបិដក មាន សេចក្តីព្យាយាមយ៉ាងមោះមុត មានសតិស្មារតីរឹងមាំ និងចេះតាំងចិត្តឲ្យនឹងនរ ឲ្យប្រពៃត្រឹមត្រូវ ប្រកបដោយសេចក្តីថ្លៃថ្នូរ សុខសុវត្ថិភាព រហូតទទួលបាននូវផលជោគជ័យពេញមួយជីវិត ទាំងប្រយោជន៍បច្ចុប្បន្ន បរៈលោក និងលោកុត្តរ យ៉ាងស័ក្តិសិទ្ធិបំផុត។
រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចអគ្គមហាសេនាបតីយេជោ ហ៊ុន សែន និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានខិតខំចូលរួមលើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ រហូតមានការរីកចម្រើនមកដល់ពេលបច្ចុប្បន្ននេះ ។ ដោយឡែក ព្រះពុទ្ធសាសនាមានប្រភពនៅប្រទេសឥណ្ឌា កាលពី ជា ២៥០០ ឆ្នាំ មុន ព្រះពុទ្ធសមណគោត្តម បាន ត្រាស់ ដឹងឡើងក្នុងលោក ហើយបានទេសនាទូន្មានមនុស្ស និងទេព្តា ឱ្យលះបង់អំពើបាប បច្ចុប្បន្នព្រះពុទ្ធសាសនាត្រូវបាន គេផ្តល់តម្លៃជាសកលថា ជាសាសនាសន្តិភាព អហឹង្សា មានស្មារតីកសាងនូវសេចក្តីសុខ ។ដោយសារគុណតម្លៃទាំងនេះហើយទើបមានគំនិតផ្តួចផ្តើមជាច្រើនពាក់ព័ន្ធនឹងព្រះពុទ្ធសាសនាដូចជា ទិវាវិសាខបូជារបស់អង្គការសហប្រជាតិ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា និងសន្និសីទព្រះពុទ្ធសាសនាជាច្រើនទៀត សុទ្ធតែមានគោលដៅយកព្រះពុទ្ធសាសនាជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហា ក្នុងបរិបទនៃភាពតានតឹងរវាងគុណតម្លៃនៃសេរីភាព និងការប្រតិបត្តិសាសនា ដើម្បីធានាឱ្យបាននូវសន្តិភាពប្រកបដោយចីរភាពសម្រាប់តំបន់ និងពិភពលោក ៕



