សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រណសិរ្ស អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ រយៈពេល៤ថ្ងៃ

នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅរដ្ឋធានីហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម តបតាមការការអញ្ជើញរបស់ លោកជំទាវ ប៊ូយ ធិមីញហ៊យ សមាជិកការិយាល័យនយោបាយមជ្ឈិមបក្ស និងជាប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដែលមានរយៈពេល៤ថ្ងៃ គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៦។

សូមជម្រាបជូនផងដែរថា ក្នុងដំណើរទស្សនកិច្ចផ្លូវការលើកនេះ សម្តេចកិត្តិសង្គហបណ្ឌិត នឹងជួបពិភាក្សា ជាមួយប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដើម្បីពិនិត្យឡើងវិញ និងពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងនៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរ ដែលជាស្ពានដ៏សំខាន់តភ្ជាប់ចំណងមេត្រីភាព និងសាមគ្គីភាពរវាងប្រជាជនប្រទេសទាំងពីរ។ បន្ទាប់មក សម្តេចកិត្តិសង្គហបណ្ឌិត និងជួបសម្តែងការសមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ នៃសាធារណៈរដ្ឋសង្គម និយមវៀតណាម។

បន្ទាប់ពីកិច្ចពិភាក្សារួចមកនឹងមានពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មា ធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម (២០២៦-២០៣១) ដែលកិច្ចព្រមព្រៀងនេះបានបន្តអនុវត្តកម្មវិធីសហប្រតិបត្តិការរវាងរណសិរ្សទាំងពីរក្នុងដំណាក់កាល (២០២០-២០២៥)ទទួលបានលទ្ធផលគួរជាទីមោទនៈ។

យោងតាមកម្មវិធីទស្សនកិច្ចជាផ្លូវការ គណៈប្រតិភូនឹងអញ្ជើញទស្សនកិច្ចតំបន់ទេសចរណ៍បែបធម្មជាតិនៅភាគខាងជើងប្រទេសវៀតណាម (ខេត្តឡាវកាវ) ស្ថានីយ៍ខ្សែកាប កំពូលភ្នំ Fansipan និងទស្សនាតំបន់ទេសចរណ៍តាមជុក ក៏ដូចជា តំបន់ទេសចរណ៍មួយចំនួនទៀតនៅក្នុងខេត្តនិញប៊ិញផងដែរ៕