សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញថ្វាយគ្រឿងសក្ការៈដល់បារមីនាងក្រពុំឈូក វត្តវិហារធំសសរ ១០០ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើន ជូនដល់ប្រទេសជាតិ
(ក្រចេះ)៖ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទៅធ្វើការថ្វាយផ្កា គ្រឿងសក្ការៈ និងលេងភ្លេងថ្វាយដល់បារមីព្រះនាងក្រពុំឈូក នៅវត្តវិហារធំសសរ ១០០ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីសុំសេចក្តីសុខ សេចក្តីចម្រើនជូនដល់ប្រជាជន និងប្រទេសជាតិ។
ពិធីនេះបានរៀបចំធ្វើឡើងនៅរសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ឯកឧត្តម ហ៊ឹម សុភា រដ្ឋលេខាធិការក្រសួង ទេសចរណ៍ ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត រដ្ឋបាលខេត្តក្រចេះ អាជ្ញាធរដែនដី និងបងប្អូនប្រជាពលរដ្ឋចំណុះជើងវត្តសសរ ១០០យ៉ាងច្រើនកុះករ ។
នៅក្នុងឱកាសនៃពិធី សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រួមទាំង ឯកឧត្តម លោកជំទាវ ដែលបានអញ្ជើញចូលរួម បានបូជាទៀន ធូបផា្កភ្ញី ចំពោះព្រះរតនត្រៃ និងឧទ្ទិសដល់ដួងវិញ្ញានក្ខន្ធ និងបុព្វការីជន មានមាតាបិតាជីដូនជីតាញាតិការទាំង ៧សណ្ដាន និងជូនចំពោះវិញ្ញាណក្ខន្ធវិរកងទ័ព បុព្វបុរសអ្នកស្នេហាជាតិ ដែលបានពលីអាយុជីវិត ដើម្បីភាពគង់វង្សនៃបូរណភាពទឹកដី ជាតិមាតុភូមិឱ្យទទួលបានសុខសន្ដិភាព ភាពរីកចម្រើន សម្បូរណ៍រុងរឿង។
ការថ្វាយគ្រឿងសក្ការៈ និងបួងសួងនេះ មានគោលបំណងសូមឱ្យបារមីនាងក្រពុំឈូក ជួយថែរក្សា និងប្រទានពរជ័យដល់ប្រទេសកម្ពុជា ឱ្យបន្តរក្សាបាននូវសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើង។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានបួងសួងថ្វាយព្រះពរជ័យបវរមហាប្រសើរ ថ្វាយព្រះមហាក្សត្រ ព្រះមហាក្សត្រី ជាសម្តេចម៉ែ សម្តេចយាយ សម្តេចយាយទួត មុនីនាថ សីហនុ និងប្រគេនពរជ័យដល់ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ និងសូមគោរពជូនពរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារ ក៏ដូចជា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុនី ថ្នាក់ដឹកនាំ សមាជិក សមាជិកា ព្រឹទ្ធសភា រដ្ឋសភា ព្រមទាំងប្រជាពលរដ្ឋនៅទូទាំងប្រទេស ជួបតែសេចក្តីសុខចម្រើនគ្រប់ៗព្រះអង្គ និងគ្រប់ៗគ្នា ជាពិសេសសូមគ្រប់ក្រុមគ្រួសារចៀសផុតពីជំងឺកាចសាហាវ ប្រទេសជាតិជួបតែនឹងសេចក្តីសុខ សេចក្តីចម្រើន មានសុខសន្តិភាព សម្បូរណ៍កសិផល សម្បូរណ៍ទេសចរណ៍ ជៀសផុតពីគ្រោះរាំងស្ងួត៕



