សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីបើក កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមមូលបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ប្រកបដោយចីរភាព”

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីបើក កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមមូលបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ប្រកបដោយចីរភាព”ដោយការអញ្ជើញទទួលស្វាគមន៍ដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា នាព្រឹកថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ ។

កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស កម្ពុជា ឡាវ វៀតណាម លើកទី៣ ដែលប្រារព្ធនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ មានការយាង និមន្ត និងអញ្ជើញ អំពីសំណាក់ សម្ដេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្ដេចព្រះមហាសង្ឃរាជនៃគណៈធម្មយុត្តិកនិកាយនៃព្រះរាជាណាចក្រកម្ពុជា , សម្ដេចព្រះមហាសុមេធាធិបតី កិត្តិបណ្ឌិត អំ លីមហេង សម្ដេចព្រះសង្ឃនាយក គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជា, សម្តេចជាអម្ចាស់ សម្តេចព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ , ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃព្រះរាជាណាចក្រកម្ពុជា , ឯកឧត្តមបណ្ឌិត ងៀន ហាយជុង (H.E. Dr. Nguyen Hai Trung) អនុរដ្ឋមន្ត្រីក្រសួងកិច្ចការ ជនជាតិ និងសាសនា នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងព្រះតេជគុណ ធិច ហ្វិថុង (Most Venerable Thich Hue Thong) ព្រះអនុប្រធានក្រុមប្រឹក្សាប្រតិបត្តិ និងជាព្រះប្រធានគណៈកម្មាធិការមជ្ឈិមកិច្ចការនីតិកម្ម នៃព្រះពុទ្ធសាសនាវៀតណាម , ឯកឧត្តមបណ្ឌិត ខឿងខឹម កែវនូចាន់ (H.E. Dr. Kheungkham Keonuchan) អនុរដ្ឋមន្ត្រី និងជានាយករងទីស្តីការនាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ និងព្រះតេជគុណ ថាវ័ន តៈផនប៉ាក់សឺត (Most Venerable ThavoneTaphonepaseuth) ជំនួយការព្រះប្រធានស្តីទីសមាគមព្រះពុទ្ធសាសនាមជ្ឈិម  នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ, ឯកឧត្តម លោកជំទាវ តំណាងអង្គទូត តំណាងក្រសួង-ស្ថាប័ន ជាតិនិងអន្តរជាតិ ។

ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានមានប្រសាសន៍អំពីរបាយការណ៍ ជម្រាបជូន សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពប៉ិនប្រសប់ ទន់ភ្លន់ម៉ឺងម៉ាត់ និងប្រាកដនិយមរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអនុញ្ញាតឱ្យក្រសួងធម្មការនិងសាសនា រៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា បីប្រទេស លើកទី៣ ក្រោមមូលបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដ៏មានសារៈសំខាន់នេះឡើង ក្នុងគោលបំណងរឹតចំណងសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នព្រះពុទ្ធសាសនានៃប្រទេសទាំងបី កម្ពុជា ឡាវ វៀតណាម ឱ្យកាន់តែរឹងមាំ ស្ថិតស្ថេរយូរអង្វែងថែមទៀត។

ជាមោទនៈភាពរបស់ប្រទេសនិងប្រជាជនកម្ពុជា ឯកឧត្តម រដ្ឋមន្រ្តី សូមគោរពចូលរួមសម្តែងការអបអរសាទរយ៉ាងក្លៀវក្លាបំផុត ជូនចំពោះសម្តេចធិបតី នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា ដែលបានដឹកនាំគណៈប្រតិភូ និងសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពរវាងព្រះរាជាណាចក្រកម្ពុជា និងព្រះរាជាណាចក្រថៃ ដ៏មានសារៈសំខាន់ ជាតម្លៃនៃប្រវត្តិសាស្ត្រកាលពីថ្ងទី២៦ ខែតុលា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី ដោយមានការអញ្ជើញចូលរួម ពីសំណាក់ឯកឧត្តម ដូណាល់ ជេ ត្រាំ ប្រធានាធិបតីសហរដ្ឋអាមេរិក និងឯកឧត្តម អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមមន្ត្រីម៉ាឡេស៊ី និងជាប្រធានអាស៊ានប្តូរវេន ធ្វើជាសាក្សីនៃកិច្ចព្រមព្រៀងសន្តិភាព។

ឯកឧត្តម ចាយ បូរិន បានមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការពហុភាគីនៃស្ថាប័នគ្រប់គ្រងព្រះពុទ្ធសាសនានៃប្រទេសទាំងបីគឺ (១)ក្រសួងធម្មការនិងសាសនា និងគណៈសង្ឃនាយកនៃព្រះរាជាណាច ក្រ កម្ពុជា (២) ក្រសួងមហាផ្ទៃ (គណៈកម្មាធិការសាសនា បច្ចុប្បន្នជាក្រសួងកិច្ចការជនជាតិនិងសាសនា) និងសមាគមព្រះពុទ្ធសាសនានៃសាធារណរដ្ឋសង្គមនិយមវៀតណាម (៣) ក្រសួងមហាផ្ទៃ និងសមាគ មព្រះពុទ្ធសាសនា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានពិភាក្សា និងឯកភាពគ្នាក្នុងការរៀបចំកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេសប្តូរវេន។ ហើយរហូតមកទល់បច្ចុប្បន្ននេះ កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនា បានរៀបចំឡើងចំនួនបីលើក រាប់ទាំងលើកនេះ ដោយ៖
– លើកទី១ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១ ៨ នៅទីក្រុងវៀងច័ន្ទន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ក្រោម មូលបទ ការពង្រឹងកិច្ចសហប្រតិបត្តិការទំនាក់ទំនង និងសាមគ្គីភាពជាប្រពៃណីរបស់ស្ថាប័នគណៈសង្ឃព្រះពុទ្ធសាសនាទាំងបីប្រទេស កម្ពុជា ឡាវ វៀតណាម នៅក្នុងការធ្វើសមាហរណកម្មក្នុងតំបន់និងអន្តរជាតិ។

– លើកទី២ ត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣ នៅទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម លើមូលបទ ទស្សនវិស័យព្រះពុទ្ធសាសនា ស្តីពីការថែរក្សាបរិស្ថាន និងការថែរក្សាពិភពលោកប្រកបដោយចីរភាព។
-និងលើកទី៣ នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ នៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមមូលបទ“សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព” ដោយ កិច្ចប្រជុំកំពូលនេះ ពិតជាមានសារៈសំខាន់ មិនត្រឹមតែឆ្លុះបញ្ចាំងឱ្យឃើញពីការរីកចម្រើននៃការគោរព និងប្រតិបត្តិព្រះពុទ្ធសាសនាប៉ុណ្ណោះទេ ថែមទាំងបានឆ្លើយតបទៅនឹងតម្រូវការចាំបាច់ដែលអ្នកកាន់ព្រះពុទ្ធសាសនា ត្រូវរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីចូលរួមចំណែកដល់ការកសាងសន្តិភាព និងការកសាងភាពសុខដុមរមនានៅក្នុងសង្គម តាមរយៈពុទ្ធមាគ៌ាដ៏ត្រឹមត្រូវរបស់ព្រះពុទ្ធសាសនានៃប្រទេសនីមួយៗ។
ឯកឧត្តម ចាយ បូរិន បានលើកឡើងថា ក្រោយរដោះ ៧ មករា ១៩៧៩ រំដោះប្រជាជននិងប្រទេសជាតិឱ្យរួចផុតពីការកាប់សម្លាប់របស់របប ប៉ុល ពត និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពក្នុងការប្រតិបត្តិជំនឿសាសនា ក្រោយការស្តារឡើងវិញ ក្រោមនយោបាយឈ្នះ-ឈ្នះរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ហើយបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានបិទបញ្ចប់សង្គ្រាម រវាងខ្មែរនិងខ្មែរទាំងស្រុង នៅឆ្នាំ១៩៩៨ កម្ពុជាមានសុខសន្តិភាពពេញលេញ ទើបប្រទេសជាតិយើងមានកាលានុវត្តភាពសម្រាប់កសាង និងអភិវឌ្ឍលើគ្រប់វិស័យក្នុងនោះវិស័យធម្មការនិងសាសនា ត្រូវបានលើកកម្ពស់ជាបន្តបន្ទាប់។ បន្តមកដល់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពទន់ភ្លន់ ម៉ឺងម៉ាត់ ប្រាកដនិ យម របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជានៅតែបន្តរក្សាបានយ៉ាងគត់មត់នូវឯករាជ្យ សន្តិភាព បូរណភាពទឹកដី ស្ថិរភាពនយោបាយ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គ ម និងការអភិវឌ្ឍ ទោះបីស្ថិតក្នុងបរិបទនៃតំបន់និងពិភពលោកកំពុងប្រឈមនឹងសង្រ្គាម អំពើហិង្សា និងការប្រឈម ដទៃទៀត។

នាឱកាសដ៏មហានក្ខត្តឬក្សវិសេសវិសាលនេះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ សូមកោតសរសើរវាយតម្លៃខ្ពស់ ចំពោះក្រសួងធម្មការនិងសាសនា ដែលដឹកនាំដោយ ឯកឧត្តមរដ្ឋមន្រ្តី ចាយ បូរិន បានរៀបចំកិច្ចប្រជុំកំពូលនេះឡើង ក្នុងគោលបំណងចែករំលែកអំពីតួនាទីព្រះពុទ្ធសាសនានៃប្រទេសទាំង៣ កម្ពុជា ឡាវ និង វៀតណាម ដើម្បីចូលរួមចំណែកកសាង អភិវឌ្ឍប្រទេសទាំងក្នុងវិស័យនយោបាយ សេដ្ឋកិច្ច សង្គមវប្បធម៌ និងសាសនា ជាពិសេស គឺការចូលរួមកសាងមូលធនមនុស្ស។
ឆ្លៀតក្នុងឱកាសនេះ សម្តេច បានមានប្រសាសន៍ថា តាងនាមប្រជាជនកម្ពុជាទូទាំងប្រទេស យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះស្ម័គ្រ ជូនចំពោះឯកឧត្តមប្រធានាធិបតី ដូណាល់ ជេ ត្រាំ ដែលបានខិតខំប្រឹងប្រែងដើម្បីគាំទ្រសន្តិភាពជានិរន្តរ៍រវាងកម្ពុជា-ថៃ និងឯកឧត្តមនាយករដ្ឋមមន្ត្រី អាន់វ៉ា អ៊ីប្រាហ៊ីមដែលបានសម្របសម្រួលស្វែងរកសន្តិភាពនេះ និងថ្នាក់ដឹកនាំអាស៊ាន ចិន និងប្រទេសដៃគូនានាផងដែរ។

សម្តេច បានបញ្ជាក់ថា កិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស លើកទី៣នេះ រៀបចំឡើង ចំពេលដែលពិភពលោកនា បច្ចុប្បន្ន កំពុងប្រឈមនឹងវិបត្តិជាច្រើន ដូចជាជម្លោះប្រដាប់អាវុ ធ សង្រ្គាមសេដ្ឋកិច្ច ការបម្រែបម្រួលអាកាសធាតុ ភាពឡើងកំដៅនៃភូមិសាស្ត្រនយោបាយ ភាពផុយស្រួយនៃជម្លោះសាសនា ការបំពុលបរិស្ថាន ជំងឺឆ្លង និងគម្លាតសង្គម ធ្វើឱ្យមនុស្សរស់នៅមិនមានភាពចុះសម្រុង និងមិនយោគយល់គ្នា ព្រមទាំងបង្កភាពរាំងស្ទះដល់ការរីកចម្រើនរបស់សង្គម ហើយវិបត្តិទាំងនោះ បានក្លាយជាបញ្ហារួមនៅក្នុងសង្គមក៏ដូចជាក្នុងតំបន់ ធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម សេដ្ឋកិច្ច និងវិស័យសាសនាទៀតផង។ ព្រះពុទ្ធសាសនា គឺជាមាគ៌ាមួយដ៏សំខាន់ក្នុងការបង្កើតនិងរក្សាសន្តិភាព តាមរយៈការផ្តល់ឱវាទដោយផ្អែកលើព្រហ្មវិហារធម៌ និងមាគ៌ាកណ្តាល ដែលអាចជួយបុគ្គល គ្រួសារ និងសង្គម ប្រកាន់យកនូវវប្បធម៌អហិង្សា ការគោរពអធ្យាស្រ័យយោគយល់គ្នាខ្ពស់ ការប្រកាន់យកនូវសីលធម៌រស់នៅល្អ សុខដុមរមនា ដែលជាឧបករណ៍ចាំបាច់សម្រាប់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។

យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ នៃរដ្ឋសភា ដែលដឹកនាំពោរពេញដោយថាមពល ឆន្ទៈមុតស្រួច និងចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តោតសំខាន់ទៅលើ មនុស្ស ទឹក ផ្លូវ ភ្លើង និងបច្ចេកវិទ្យា ។ ហើយមុំមួយ ក្នុងចំណោមមុំ នៃបញ្ចកោណទាំង៥ គឺការពង្រឹងភាពជាពលរដ្ឋក្នុងសង្គមដែល មានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន ដែលផ្តោតសំខាន់លើការធ្វើឱ្យពលរដ្ឋមានសីលធម៌ គុណធម៌ និងសុជីវធម៌ ហើយថែមទាំងមានវិន័យ ព្រមទាំងការទទួលខុសត្រូវខ្ពស់ ប្រកបដោយមនសិការ ស្នេហាជាតិ និងភក្តីភាពចំពោះអត្តសញ្ញាណខ្មែរ។ លើសពីនេះទៀត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិរក្ស និងការអភិវឌ្ឍវិស័យសាសនា មានជាអាទិ៍៖ ១)គោរពសេរីភាពខាងជំនឿ និងធ្វើប្រតិបត្តិខាងផ្លូវសាសនា លើកស្ទួយព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ និងគាំទ្រ ការគោរពប្រតិបត្តិសាសនាផ្សេងៗទៀតក្នុងព្រះរាជាណាចក្រកម្ពុជា ២)ពង្រឹងសុខដុមនីយកម្មរវាងគ្រប់សាសនា ជាតិសាសន៍ ក្នុងព្រះរាជាណាចក្រកម្ពុជា ៣)បន្តពង្រឹងនិងពង្រីកពុទ្ធិកសិក្សាគ្រប់កម្រិត។ បច្ចុប្បន្ន វិស័យសាសនានៅប្រទេសកម្ពុជា មានការរីកចម្រើនយ៉ាងខ្លាំង ហើយអាចរស់នៅរួមគ្នាប្រកបដោយភាពសុខដុមរមនា។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន សង្ឃឹមថា តាមរយៈកិច្ចប្រជុំកំពូលព្រះពុទ្ធសាសនាបីប្រទេស កម្ពុជា ឡាវ វៀតណាម លើកទី៣ ក្រោមមូលបទ “សុខដុមនីយកម្មព្រះពុទ្ធសាសនា ដើម្បីសន្តិភាពនិងការអភិវឌ្ឍ ប្រកបដោយចីរភាព” គឺជាធាតុចូលដ៏សំខាន់ សម្រាប់ជំរុញឱ្យសង្គមមានសន្តិភាព វិបុលភាព និងភាពរុងរឿងទៀតផង ៕