សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បញ្ជាក់ថា សមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ពិតជាបានចូលរួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចនៅកម្ពុជា

ទំនាក់ទំនងកម្ពុជា-ចិន មានការរីកចម្រើនកាន់តែខ្លាំងក្លា ពីមួយឆ្នាំទៅមួយឆ្នាំ ពីដៃគូយុទ្ធសាស្ត្រ ទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងជាមិត្តភាពដែកថែប រួមគ្នាកសាងសហគមន៍វាសនារួម ប្រកបដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ បង្កើតបាននូវក្របខណ្ឌកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ហើយយើងមានជំនឿយ៉ាងមុតមាំថា ពិតជារួមចំណែកជម្រុញកំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការផ្ដល់ចំណូល និងឱកាសការងារដល់ប្រជាពលរដ្ឋ ដែលជាកត្ដាចាំបាច់ក្នុងការកាត់បន្ថយភាពក្រីក្រ។

នេះជាប្រសាសន៍លើកឡើងរបស់ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រកាសចូលកាន់មុខតំណែង ក្រុមប្រឹក្សាភិបាលអណត្តិទី៣ នៃសមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ។

សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ក្រោមការដឹកនាំ ប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បាននាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍ លើគ្រប់វិស័យ ជាពិសេស វិស័យវិនិយោគពាណិជ្ជកម្ម និងទេសចរណ៍ ជាដើម។ ក្នុងរយៈពេលជាង២០ឆ្នាំ ចុងក្រោយនេះ ប្រទេសកម្ពុជា មានកំណើនសេដ្ឋកិច្ច ជាមធ្យមប្រមាណ ៧%។ ដោយឡែកនៅក្នុងឆ្នាំ២០២៤នេះ ក្នុងរង្វង់ប្រមាណ ៦.៦% ដែលនាំឲ្យចំណូល របស់ប្រជាជនទូទាំងប្រទេស មានការកើនឡើង និងមានជីវភាពកាន់តែមានភាពកាន់តែប្រសើរ។ ដោយឡែករាជធានីភ្នំពេញ បាននឹងកំពុងក្លាយទៅជា តំបន់ទេសចរណ៍ដ៏ស្រស់បំព្រង ជាមជ្ឈមណ្ឌលពាណិជ្ជកម្មមួយ ដ៏ទាក់ទាញ និងរស់រវើក ។ មិនត្រឹមតែប៉ុណ្ណោះ រាជរដ្ឋាភិបាល ក៏បានដាក់ចេញនូវគោលនយោបាយ ជាច្រើនដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិ ក្នុងនោះគោលនយោបាយសុខដុមភាវូនីយកម្មជាតិសាសន៍ និងសាសនា បានបង្កលក្ខណៈ ឱ្យគ្រប់ជាតិសាសន៍ និងជនជាតិទាំងអស់ ដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា អាចរស់នៅជាមួយគ្នាដោយសុខដុមរមនា និងរួមគ្នាអភិវឌ្ឍន៍មាតុប្រទេសយើង ទាំងអស់គ្នា។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានបញ្ជាក់យ៉ាងដូច្នេះថា ប្រទេសចិនបានដាក់ចេញនូវគំនិតផ្តួចផ្តើម ខ្សែក្រវាត់មួយផ្លូវមួយ ការបង្កើតមូលនិធិផ្លូវសូត្រ និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដើម្បីពង្រឹងភាពជាដៃគូ និងជំរុញការអភិវឌ្ឍតាមបែប ឈ្នះ-ឈ្នះ ក្នុងប្រទេសនានា ដែលស្ថិតក្នុងតំបន់ខ្សែក្រវ៉ាត់ និងផ្លូវសូត្រ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ តភ្ជាប់ទំនាក់ទំនងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ស្ថាប័ន ប្រជាជន វិស័យធុរកិច្ច ហិរញ្ញវត្ថុ វប្បធម៌ និងវិស័យគន្លឹះផ្សេងៗទៀត។

បន្ទាប់ពីពិធីប្រគល់ និងផ្ទេរភារៈកិច្ច ដល់ប្រធានសមាគមអាណត្តិថ្មី លោក លី ស៊ីនហួរ បានបញ្ជាក់ថា ចាប់តាំងពីកកើតសមាគមសភាពណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា រហូតមកដល់ពេលនេះ សមាគមបានពង្រឹង និងពង្រីកនូវទំនាក់ទំនង ក៏ដូចជាកិច្ចសហប្រតិបត្តិការជាមួយសហគមធុរកិច្ច រវាងសមាគមពាណិជ្ជករចិនផ្សេងទៀត ក៏ដូចជា ការជម្រុញនូវសហគ្រិនភាព រវាងចិន-កម្ពុជា ការពង្រីកនូវសេដ្ឋកិច្ចទីផ្សារ ចូលទៅក្នុងការអភិវឌ្ឍន៍ នៃសាកលភាវូបនីយកម្ម ស្របតាមគោលនយោបាយ ផ្លូវមួយ ខែ្សក្រវ៉ាត់មួយ។ គោលបំណងសំខាន់របស់សមាគម គឺបំពេញបេសកកម្មរបស់ខ្លួន ហើយចាប់ផ្ដើម ដំណើរថ្មីនៃការអភិវឌ្ឍន៍សមាគមសភាពាណិជ្ជកម្មខេត្តហ៊ូណានប្រចាំនៅកម្ពុជា ដោយភាពស្វាហាប់ ការជឿជាក់ដ៏រឹងមាំ និងវិធានការជាក់ស្ដែងបន្ថែមទៀត។

ឯកឧត្តម ឯក សំអុល ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមមិត្តភាពកម្ពុជា-ចិន ក៏បានកត់សម្គាល់ផងដែរថា សភាពាណិជ្ជកម្មនេះ មិនត្រឹមតែដើរតួនាទីសម្រាប់ជាស្ពានមិត្តភាពរវាងប្រជាជនកម្ពុជា និងប្រជាជនចិនប៉ុណ្ណោះទេ ថែមទាំងបានក្លាយជាគ្រឹះមួយចំណែកដ៏រឹងមាំ ក្នុងការផ្សារភ្ជាប់ភាពរីកចម្រើន នៃសេដ្ឋកិច្ចកម្ពុជា ឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត។

ឯកឧត្តម ចាវ ហាយចៀន អគ្គទីប្រឹក្សាស្ថានទូត នៃសាធារណៈរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ក៏បានលើកឡើង នៅពេលដែលសមាគមចិន-កម្ពុជា នៃអនាគតរួមគ្នា ភាពជឿនលឿន រឹងមាំ និងធានាបានស្ថិរភាព ភាពប្រាកដនិយមបន្ថែមទៀតទៅក្នុងពិភពលោក ហើយនឹងនាំមកនូវឱកាសថ្មីសម្រាប់ការអភិវឌ្ឍន៍ក្នុងវិស័យនានា ដូចជាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ការផ្លាស់ប្តូរប្រជាជន និងប្រជាជន ដែលផ្តល់ផលប្រយោជន៍ដល់ប្រទេសទាំងពីរ រួមទាំងសហគ្រាស ខេត្តហ៊ូណានផងដែរ។