សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជាអធិបតីពិធីបុណ្យឆ្លងសមិទ្ធផលនានា ក្នុងវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នាព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ។

ពិធីនេះមានការយាង និងនិមន្តដោយ សម្តេចព្រះពោធិវ័ង្ស កិត្តិបណ្ឌិត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី១ នៃព្រះរាជាណាចក្រកម្ពុជា សម្តេចសង្ឃតាមឋានានុក្រម ព្រះមន្រ្តីសង្ឃ និងអញ្ជើញអមដំណើរដោយ ឯកឧត្តម ចាយ បូរិន រដ្ឋមន្រ្តីក្រសួងធម្មការនិងសាសនា ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំក្រសួងធម្មការនិងសាសនា និងចូលរួម ឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំ ព្រមទាំងប្រជាពុទ្ធបរិស័ទយ៉ាងច្រើនកុះករ ។

ថ្លែងក្នុងឱកាសនោះសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ,សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនដល់អង្គពិធីប្រកបដោយក្តីនឹករលឹក និងការគិតគូរយកចិត្តទុកដាក់លើវិស័យពុទ្ធចក្រ និងអាណាចក្រ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្តថា ជំនឿ ក្លាយទៅជាសមិទ្ធផល រាល់សមិទ្ធផលទាំងឡាយដែលបានអភិវឌ្ឍន៍ គឺដោយសារប្រទេសមានសុខសន្តិភាព ដែលទទួលបានដោយសារការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបានអនុវត្តនូវនយោបាយឈ្នះ-ឈ្នះ ប្រសិនបើគ្មានការឯកភាពជាតិ គ្មានសុខសន្តិភាពទេនោះ ការអភិវឌ្ឍផ្សេងៗ ក៏មិនអាចរុញទៅមុខបានដែរ ទាំងវិស័យពុទ្ធចក្រ និងវិស័យអាណាចក្រ ពោលគឺ ពុទ្ធបរិស័ទគ្រប់រូប គ្មានលទ្ធភាពរបង្កើនចំណូល យកមកចូលដើម្បីកសាងសមិទ្ធផលក្នុងទីអារាម ចំណែកព្រះសង្ឃក៏គ្មានចង្ហាន់គ្រប់គ្រាន់នោះដែរ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើងថា៖ «ដោយសារសន្តិភាពពេញលេញ ទើបយើងទាំងអស់គ្នាអាចប្រារព្ធពិធីសាសនាតាមជំនឿរៀងៗខ្លួន និងអាចជំរុញការអភិវឌ្ឍនៅលើគ្រប់វិស័យ ធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋពីមួយថ្ងៃទៅមួយថ្ងៃមានការរីកចម្រើនជាលំដាប់»  និងចូលរួមថែរក្សាសមិទ្ធផលដែលយើងមានពេលនេះឱ្យបាននៅគង់វង្សស្ថិតស្ថេរ ដើម្បីជាការចូលរួមចំណែកក្នុងការការលើកស្ទួយដល់វិស័យព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋនៅកម្ពុជា៕