សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អញ្ជើញជាអធិបតីសន្និបាតបូកសរុបលទ្ធផលការងារ របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គម្រប់ ១០ឆ្នាំ និងខួបគម្រប់ ២៥ឆ្នាំ នៃការបង្កើតនាទីសន្ទនាធម៌

សន្និបាតបូកសរុបលទ្ធផលការងារ របស់មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា គម្រប់ ១០ឆ្នាំ (២០១៥-២០២៤) និងខួបគម្រប់ ២៥ឆ្នាំ នៃការបង្កើតនាទីសន្ទនាធម៌ បានប្រារព្ធធ្វើឡើងនៅព្រឹកថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៥ នាសាលសន្និសីទចតុមុខ រាជធានីភ្នំពេញ ក្រោមអធិបតីភាព ខ្ពង់ខ្ពស់សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ។
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងថា៖ ការអភិវឌ្ឍ កម្ពុជាមានកាលានុវត្តភាព សមត្ថភាព និងលទ្ធភាពគ្រប់គ្រាន់ក្នុងការបង្កើតបាននូវសមិទ្ធផលថ្មីៗ ដើម្បីបម្រើដល់ការថែរក្សាចីរភាពនៃសុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិមាតុភូមិឱ្យកាន់តែមានការរីកចម្រើន ទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ ។ ជាក់ស្តែង នៅពេលដែលមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជាកសាងរួចរាល់ នឹងធ្វើឱ្យឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យទាំងមូលក្លាយជាបូជនីយដ្ឋានសម្រាប់បម្រើដល់វិស័យព្រះពុទ្ធសាសនា រួមចំណែកក្នុងការអភិវឌ្ឍចំណេះដឹងទាំងផ្នែកផ្លូវលោក និងផ្លូវធម៌ ព្រមទាំងបណ្តុះបណ្តាលប្រជាពលរដ្ឋខ្មែរឱ្យចេះស្រឡាញ់វប្បធម៌ជាតិ និងចេះគោរពមាតាបិតា ជាពិសេស ចេះពង្រឹងសមត្ថភាពដឹកនាំមាគ៌ាជីវិតក្នុងផ្លូវត្រឹមត្រូវ។
សម្តេចកិត្តិសង្គហបណ្ឌិត បានបន្តទៀតថា ៖ ការបង្កើតនាទីសន្ទនាធម៌បានជួយដល់សីលធម៌រស់នៅរបស់មនុស្ស ឱ្យចរិតល្អ បានជួយដល់ការអភិវឌ្ឍន៍ជាតិ តាមរយៈការលើកកម្ពស់សីលធម៌ សន្តិភាព និងការរស់នៅដោយសុខសាន្ត និងបានជួយលើកកម្ពស់ការអប់រំ និងការយល់ដឹងរបស់ប្រជាពលរដ្ឋ ស្របតាមតួនាទីភារកិច្ចរបស់ក្រសួងធម្មការ និងសាសនា និងបានចូលរួមចំណែកក្នុងការអនុវត្តនូវយុទ្ធសាស្រ្តបញ្ជកោណដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
សម្តេចកិត្តិសង្គហបណ្ឌិ ក៏បានថ្លែងកោតសសើរចំពោះ អ្នកឧកញ៉ាអគ្គមហាឧបាសិកាធម្មបណ្ឌិត ញឹក ប៊ុនថា ប្រធានមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ដែលបានផ្តួចផ្តើម គំនិតក្នុងការសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសននេះឡើង ដោយមានការគាំទ្រពី ព្រះមហាក្សត្រនៃព្រះរាជណាចក្រកម្ពុជា និងហ្លួងម៉ែ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៃព្រឹទ្ធសភា រដ្ឋសភា និងមន្ត្រីរាជការ ព្រមទាំងសប្បុរសជនគ្រប់ទិសទីទាំងក្នុងនិងក្រៅប្រទេស ក៏បានរួមគ្នាអភិវឌ្ឍន៍និងសម្រេច បាននូវលទ្ធផលគួរជាទីមោទនៈ ដែលនឹងប្រែក្លាយមជ្ឈមណ្ឌល វប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ទៅជាទីតាំងទេសចរណ៍សាសនាដ៏ពេញនិយមសម្រាប់ថ្ងៃអនាគត។
សម្តេចកិត្តិសង្គហបណ្ឌិតបានគូសបញ្ជាក់ថា ៖ ការកសាងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា និងការបង្កើតនាទីសន្ទនាព្រះធម៌ គឺជាការវិនិយោគដ៏មានតម្លៃក្នុងការការពារ ពង្រីកវប្បធម៌ និងសាសនារបស់ជាតិ ដែលនឹងជួយឱ្យសង្គមមានសន្តិភាព និងការរីកចម្រើនក្រោមម្លប់នៃសុខសន្តិភាព៕