សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចាត់សហការី ចុះសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ៧៩១គ្រួសារ នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

មណ្ឌលគិរី ៖ កាកបាទក្រហមកម្ពុជា ក្រោមម្លប់គង់ប្រថាប់ដ៏ឧត្ដុង្គឧត្តមនៃសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្តិយស និងក្រោមការដឹកនាំរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាជនងាយរងគ្រោះបំផុត និងប្រជាជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗដោយគ្មានការរេីសអេីងអ្វីឡេីយ តាមពាក្យស្លោក «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
ជាក់ស្តែងឆ្លើយតប តាមការស្នើសុំរបស់សាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នៅព្រឹកថ្ងៃសៅរ៍ ទី២៧ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យមន្ត្រីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ប្រជាជនរងគ្រោះដោយទឹកជំនន់រហ័ស ចំនួន ៧៩១គ្រួសារ មកពីឃុំចំនួន៥ នៃស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ពិធីជួបសំណេះសំណាល និងចែកអំណោយខាងលើនេះ ប្រព្រឹត្តទៅក្រោមវត្តមាន លោកវេជ្ជបណ្ឌិត អ៊ុយ សំអុន នាយកនាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា , អ្នកឧកញ៉ា អ៉ឹង ស៊ីតាតវីរៈ ប្រធានកិត្តិយសសាខា និងឯកឧត្តម ថង សាវុន ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី ដែលបានធ្វេីឡេីងនៅទីតាំងចំនួន២ គឺ៖
ទីតាំងទី១ នៅវិទ្យាល័យ ហ៊ុនសែន កោះញែក ស្ថិតក្នុងភូមិរង្សី ឃុំស្រែសង្គម ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះចំនួន ៥០១គ្រួសារ មកពីឃុំស្រែសង្គម ឃុំស្រែហ៊ុយ និងឃុំរយ៉ ។
ទីតាំងទី២ នៅអនុវិទ្យាល័យសុខសាន្ត ស្ថិតក្នុងភូមិទួល ឃុំអបួនលេី ស្រុកកោះញែក សម្រាប់ប្រជាជនរងគ្រោះ ២៩០គ្រួសារ មកពី ឃុំអបួនលេី និងឃុំសុខសាន្ត។
សូមជម្រាបជូនថា នៅថ្ងៃស្អែកទី២៨ ខែកញ្ញានេះ ក្រុមការងារពីទីស្នាក់ការកណ្តាល និងសាខាកាកបាទក្រហមកម្ពុជា ខេត្តមណ្ឌលគិរី នឹងបន្តចុះសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយជូនប្រជាជនរងគ្រោះដោយទឹកជំនន់រហ័សចំនួន ១៥៩គ្រួសារទៀត រស់នៅក្នុងស្រុកកែវសីមា ដែលសរុបប្រជាជនរងគ្រោះចំនួន ៩៥០គ្រួសារ នៅស្រុកកោះញែក និងស្រុកកែវសីមា ខេត្តមណ្ឌលគិរី។
សូមបញ្ជាក់ថា គ្រួសាររងគ្រោះនីមួយៗទទួលបានអំណោយរួមមាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកស៊ីអ៊ីវ ៦ដប, ប្រេងឆា ១ដប, ម្សៅសាប៊ូ ១កញ្ចប់ និងឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់៕