សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ព្រមទាំងមន្ត្រីរាជការកាកបាទក្រហមកម្ពុជា អញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ

(រាជធានីភ្នំពេញ) នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១១ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងការអញ្ជើញចូលរួមពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នីហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ ឯកឧត្តម លោកជំទាវ លោកអ្នកឧកញ៉ា ព្រមទាំងមន្ត្រីរាជការកាកបាទក្រហមកម្ពុជា បានអញ្ជើញចូលរួមក្នុងពិធីសំណេះសំណាលសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជាលើកទី២ ដល់សមាជិកមូលនិធិត្រីចក្រយានកម្ពុជា (ស៊ីក្លូ) ចំនួន ៣៨៦នាក់ ក្នុងរាជធានីភ្នំពេញ ដែលពិធីនេះប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា។
ក្នុងឱកាសនោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានសម្តែងនូវក្តីសោមនស្សរីករាយដោយបានជួបសំណេះសំណាលដោយផ្ទាល់ជាលើកទី២ ជាមួយ លោកតា បងប្អូន ក្មួយៗសមាជិកស៊ីក្លូទាំងអស់ ព្រមទាំងបានពាំនាំនូវព្រះរាជបណ្តាំផ្ញើសួរសុខទុក្ខប្រកបដោយព្រះរាជហឫទ័យ និងសេចក្តីនឹករលឹកដ៏ជ្រាលជ្រៅពីសំណាក់ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកិត្តិយសកាកបាទក្រហមកម្ពុជា ជូនចំពោះលោកតា បងប្អូន ក្មួយៗសមាជិកស៊ីក្លូទាំងអស់ ជាពិសេសក្នុងឱកាសបុណ្យកាន់បិណ្ឌ-ភ្ជុំបិណ្ឌនេះផង។
សូមបញ្ជាក់ថាអំណោយកាកបាទក្រហមកម្ពុជា ដែលទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន បានចែកជូនសមាជិកមូលនិធិត្រីចក្រយានកម្ពុជា ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ៣០គីឡូក្រាម, មី ១កេស, ត្រីខ ១កេស (ស្មើនឹង ១០០កំប៉ុង), ប្រេងឆា ១ដប, ទឹកស៊ីអ៊ីវ ១យួរ, ភេសជ្ជៈបាកាស ១យួរ, ទឹកក្រូច ១កេស, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកា ៣០០.០០០រៀល រួមជាមួយអាហារពេលព្រឹក រួមមាន បាយសាច់មាន់ ១ប្រអប់, ផ្លែក្រូចឃ្វិច ២ផ្លែ, ទឹកក្រូច ១កំប៉ុង និងទឹកបរិសុទ្ធ ២ដប ទៀតផង។
សូមជម្រាបថា សមាគមមូលនិធិត្រីចក្រយានកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមដ៏ឧត្តុង្គឧត្តមបំផុតរបស់សម្ដេចតេជោ ហ៊ុន សែន និងត្រូវបានចុះបញ្ជីទទួលស្គាល់ត្រឹមត្រូវ តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា តាមរយៈប្រកាសលេខ១៩០ ប្រក ចុះថ្ងៃទី៩ ខែមករា ឆ្នាំ២០១៨ របស់ក្រសួងមហាផ្ទៃ ដែលគិតមកទល់ពេលនេះ សមាគមមានអាយុកាលជាង ៧ឆ្នាំកន្លងទៅហើយ ក្នុងនោះ សមាគមបានទទួលកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុតពីសម្ដេចតេជោ ហ៊ុន សែន ក្នុងឋានៈជាប្រធានកិត្តិយសក្រុមប្រឹក្សាភិបាល ដោយមានក្រុមប្រឹក្សាភិបាល និងលេខាធិការដ្ឋានរបស់សមាគម ជាសេនាធិការទទួលបន្ទុកគ្រប់គ្រង និងដំណើរការមូលនិធិ ក្នុងន័យចូលរួមអភិរក្ស និងអភិវឌ្ឍមុខរបរធាក់ស៊ីក្លូ ឱ្យបានល្អប្រសើរ ៕