សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានបោះឆ្នោតជ្រើសតាំងជា ប្រធាន ខណៈឯកឧត្តម តុប សំ ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ (២០២៥-២០៣០)

សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ត្រូវបានសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ បោះឆ្នោតជ្រើសតាំងជា ប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ខណៈឯកឧត្តម តុប សំ ជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ (២០២៥-២០៣០)។ ការបោះឆ្នោតនេះ បានធ្វើឡើងនាកាលរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៥ នៅទីស្ដីការអង្គភាពប្រឆាំងអំពើពុករលួយ តាមការអញ្ជើញរបស់ឯកឧត្តម ហេង វង្សប៊ុនឆាត ព្រឹទ្ធសមាជិក នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ ដែលរួមមានសមាសភាពចំនួន ១១រូប បានដំណើរការកិច្ចប្រជុំលើកទី១ របស់ខ្លួន ដើម្បីបោះឆ្នោតជ្រើសតាំងប្រធាន និងអនុប្រធានក្រុម ប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ (២០២៥-២០៣០)។
សមាជិកក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយ អាណត្តិថ្មី ចំនួន ១១រូប មានវត្តមានក្នុងកិច្ចប្រជុំ លើកទី១ នេះ រួមមាន៖ ១-សម្តេចមហាមន្ត្រី គុយ សុផល, ២-ឯកឧត្តម តុប សំ សមាជិក, ៣-ឯកឧត្តម កើត រិទ្ធសមាជិក , ៤-លោកជំទាវ សោម គីមសួគ៌, ៥-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន, ៦-ឯកឧត្តម ហេង វង្សប៊ុនឆាត, ៧-ឯកឧត្តម តាំង ស៊ុនឡាយ, ៨-ឯកឧត្តម កែវ រ៉េមី, ៩-ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឱម យិនទៀង, ១០-ឯកឧត្តម ឡាយ សំកុល និង ១១-ឯកឧត្តម ជីវ កេង ។
គណៈកម្មការបោះឆ្នោតចំនួន ៣ រូប មានឯកឧត្តម កែវ រ៉េមី ឯកឧត្តម តាំង ស៊ុនឡាយ និង ឯកឧត្តម ឡាយ សំកុល បានដំណើរការការងារបោះឆ្នោត ហើយទទួលបានលទ្ធផលដូចតទៅ៖ ១-សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជ្រើសតាំងជា ប្រធាន ក.ជ.ប.ព. អាណត្តិទី៤ ដោយមានសម្លេងគាំទ្រជាឯកច្ឆ័ន្ទចំនួន ១១ លើ ១១ សម្លេង ។ ២-ឯកឧត្តម តុប សំ ត្រូវបានជ្រើសតាំងជា អនុប្រធាន ក.ជ.ប.ព. អាណត្តិទី៤ ដោយ មានសម្លេងគាំទ្រជាឯកច្ឆ័ន្ទចំនួន ១១ លើ ១១ សម្លេង។
គួរបញ្ជាក់ថា មុននឹងជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន មានតួនាទីជាអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ។
ក្នុងនាមបេក្ខជនជាប់ឆ្នោតជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ សម្តេច កិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានថ្លែងនូវអំណរគុណហើយសន្យាបំពេញភារកិច្ចដឹកនាំក្រុមប្រឹក្សាជាតិ ប្រឆាំងអំពើពុករលួយឱ្យបានល្អដូចអាណត្តិទី១ ទី២ និងទី៣ កន្លងមក ។
ឯកឧត្តម យិនទៀង ពុទ្ធិរិទ្ធ អនុប្រធានទី១ នៃអង្គភាពប្រឆាំងអំពើពុករលួយ ក្នុងនាមថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់របស់អង្គភាពប្រឆាំងអំពើពុករលួយ បានអបអរសាទរជូន ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិថ្មី និងជូនជាពិសេស សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងឯកឧត្តម តុប សំ ដែលត្រូវបានជ្រើសតាំងជាប្រធាន និងអនុប្រធានក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ។
ក្នុងអាណត្តិទី៤ នេះ មានសមាជិកថ្មីចំនួន ២រូប នៃក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ គឺ ឯកឧត្តម ឡាយ សំកុល ជ្រើសតាំងដោយព្រឹទ្ធសភា និង ឯកឧត្តម ជីវ កេង ជ្រើសតាំងចេញពីគណៈ កម្មាធិការដឹកនាំការកែទម្រង់ប្រព័ន្ធយុត្តិធម៌។
ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ អាណត្តិទី៤ និងអង្គប្រជុំដែលមានការចូលរួមពីសំណាក់ អនុប្រធានទី១ អនុប្រធាន ឧបការី នៃអង្គភាពប្រឆាំងអំពើពុករលួយ និងថ្នាក់ដឹកនាំគ្រប់ថ្នាក់គ្រប់ផ្នែក ទាំងអស់ក្នុងអង្គភាព បានសម្តែងនូវការគោរពចំពោះវីរភាពដ៏ខ្ពង់ខ្ពស់របស់វីរកងទ័ពដែលបានការពារ បូរណភាពទឹកដីដ៏អង់អាចក្លាហាន ហើយសូមបួងសួងដល់គ្រប់វត្ថុស័ក្តិសិទ្ធិក្នុងលោកសូមតាមការពារ ថែរក្សា និងនាំមកនូវជោគជ័យយ៉ាងត្រចះត្រចង់ដល់វីរកងទ័ពរបស់យើងក្នុងបុព្វហេតុការពារជាតិដែល មិនអាចកាត់ថ្លៃបាននេះ ៕