សមាជិក ស.ស.យ.ក. ប្រមាណ២ពាន់នាក់ទទួលបបានការបណ្តុះបណ្តាលស្តីពី ការចុះឈ្មោះស្វែងរកការងារ ដល់ ភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ

សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) ទូទាំងរាជធានីខេត្តប្រមានជា២០០០ពាន់នាក់ ទទួលបានការបណ្តុះបណ្តាលពី ការចុះឈ្មោះស្វែងរកការងារ ដល់សមាជិក សមាជិកា ស.ស.យ.ក. ជាភ្នាក់ងារព័ត៌មានទីផ្សារការងារនៃវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់បងប្អូនប្រជាពលករ ដែលត្រឡបមកពីប្រទេសថៃ មានបំណងស្វែងរកការងារធ្វើបន្តនៅតាមទីតាំងដែលខ្លួនចង់ធ្វើ ។ ពិធីនេះធ្វើឡើងនាព្រឹក ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងមានការអញ្ជើញចូលរួមពី អនុប្រធាន ស.ស.យ.ក. សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្តាល និងសមាជិក សមាជិកា ស.ស.យ.ក. ជាច្រើនរូប។
ថ្លែងនៅក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងថា ដើម្បីអនុវត្តន៍នូវគោលនយោបាយ និងការគិតគូរដោយការយកចិត្តទុដាក់ របស់រាជរដ្ឋាភិបាល ត្រូវតែមានការចូលរួមចំណែក ទាំងអស់គ្នា ហើយកិច្ចការងារនេះមិនអាចធ្វើតែមួយថ្ងៃ គឺត្រូវធ្វើរយៈពេលយូរ។ ឯកឧត្តម គូសបញ្ជាក់បន្ថែមថា ការគិតគូររកការងារធ្វើជូនបងប្អូនប្រជាពលករដែលត្រឡប់មកពីប្រទេសថៃវិញ ដែលមានបំណងចង់បន្តធ្វើការនៅក្នុងស្រុក គឺត្រូវមានការផ្សព្វផ្សាយជាប្រចាំ ដោយចូលរួមចំណែកយ៉ាងស្រស្រាក់ស្រាំដើម្បីដោះស្រាយបញ្ហាញនេះ ។
ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា កម្ពុជាបច្ចុប្បន្ននេះ មិនដូចកម្ពុជាកាល២០ឆ្នាំមុននោះទេ បើនិយាយពីប្រាក់ឈ្នួល គឺមានការកើនឡើង ជាបន្តបន្ទាប់ ខណៈដែលការងារនៅជិតផ្ទះមានកក់ក្តៅជាងការងារនៅឆ្ងាយពីក្រុមគ្រួសារ។តាមរយៈចូលរួមផ្សព្វផ្សាយពីការងារនៅក្នុងស្រុក របស់ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) នៅតាមបណ្តារាជធានីខេត្ត គឺបានចូលរួមជួយរាជរដ្ឋាភិបាល ធ្វើយ៉ាងណាបងប្អូនប្រជាពលករគាត់ទទួលបានការងារដោយមិនចាំបាច់វិលត្រឡប់ទៅវិញ ដែលអាចទទួលរងនូវហានិភ័យ មើលងាយពីពួកក្រុមជ្រុលនិយម ធ្វើបាបមកលើបងប្អូនពលករយើងនៅប្រទេសជិតខាង។
ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា «ខ្ញុំពិតជាមានមោទនភាពណាស់ ក្នុងនាមជាកូនខ្មែរជាចម្បង កត្តាសាមគ្គី និងស្មារតី និងឆន្ទៈ ទឹកចិត្ត ការរួបរួមប្រឆាំងនិងការឈ្លានពាន ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល និងការផ្តល់កំលាំងចិត្ត និងលើកទឹកចិត្តដល់វីរៈកងទ័ព ដែលកំពុងតែឈរជើងនៅតាមបណ្តាព្រំដែនរហូតដល់ពេលបច្ចុប្បន្ន» ។ ក្រុមគ្រួសារ ស.ស.យ.ក. មិនឈរឱបដៃពេលប្រទេសនិងប្រជាជនត្រូវការយើងនោះទេ គឺយើងត្រូវតែចូលរួមចំណែកទាំងអស់គ្នា ពេលប្រទេសមានវិបត្តិ ដែលជាផ្នែកមួយក្នុងការដោះស្រាយបញ្ហា ។
ឯកឧត្តម ហេង សួរ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា នៅប្រទេសកម្ពុជាយើង មានរោងចក្រសហគ្រាសជាច្រើនកំពុងត្រូវការបុគ្គលិករាប់សិបម៉ឹននាក់ ក្នុងខណៈពេលដែលប្រជាពលករដែលវិលត្រឡប់មកពីប្រទេសថៃប្រមាណជាង ៩០ម៉ឺននាក់ កំពុងតែស្វែងរកការងារ ហេតុនេះការចូលរួមសម្របសម្រួលពីសមាជិក សមាជិកា ស.ស.យ.ក. ក្នុងការផ្តល់ព័ត៌មានការងារជូនប្រជាពលករយើងនឹងអាចជួយជីវភាពរស់នៅរបស់ពួកគាត់ ក៏ដូចជាកុំឲ្យម្ចាស់សហគ្រាស និងប្រជាពលរដ្ឋកំពុងស្វែងរកការងារលេងបិទពួននឹងគ្នា។
គួរបញ្ជាក់ផងដែរថា ពិធីនេះ មានគោលបំណងបណ្តុះបណ្តាលដល់សមាជិក សមាជិកា ស.ស.យ.ក. តាមបណ្តារាជធានី ខេត្ត ដែលជាជនបង្គោល និងជាភ្នាក់ងារដ៏សំខាន់នៅក្នុងការស្វែងរកការងារជូនប្រជាពលករខ្មែរដែលត្រលប់មកពីប្រទេសថៃវិញ ក្រោមស្មារតី «ខ្មែរជួយរកការងារឱ្យខ្មែរ»។ យុវជន ស.ស.យ.ក. និងធ្វើការផ្សព្វផ្សាយ កម្មវិធីស្វែងរកការងារ ស្វែងរកបុគ្គលិក តាមរយៈ លេខ១២៩៧ ឬអាចស្កែនQR Code ស្វែងរកបុគ្គលិក និងស្វែងរកការងារ និងការជិះកង់ផ្សព្វផ្សាយការងារ នៅតាមភូមិឃុំ និងមូលដ្ឋានរបស់ប្រជាពលរដ្ឋនៅតាមបណ្តារាជធានីខេត្តផងដែរ៕