សមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣៨៨នាក់ ទទួលបានការយកចិត្តទុកដាក់ពី លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត

លោកជំទាវបណ្ឌិត​ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត អគ្គស្នងការសមាគមន៍កាយឬទ្ធិនារីកម្ពុជា អមដំណើរដោយឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងជាប្រធានក្រុមប្រឹក្សាភិបាលមូលនិធិត្រីចក្រយានកម្ពុជា និងលោកជំទាវ នាព្រឹកថ្ងៃអាទិត្យ ទី១១ ខែឧសភា ឆ្នាំ២០២៥ បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគនិងថវិកាមួយចំនួន ចែកជូនដល់បងប្អូន ដែលជាសមាជិកអ្នកធាក់ស៊ីក្លូក្នុងរាជធានីភ្នំពេញ ចំនួន៣៨៨នាក់ នៅក្នុងបរិវេនសាលារាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា៖ ការផ្តល់អំណោយមនុស្សធម៌ទាំងនេះ គឺមិនប្រកាន់និន្នាការនយោបាយអ្វីទាំងអស់។ការបង្កើតឱ្យមានមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) គឺដើម្បីអភិរក្សស៊ីក្លូឱ្យនៅគង់វង្ស និងដើម្បីជួយសម្រួលជីវភាពរបស់បងប្អូនអ្នកធាក់ស៊ីក្លូផងដែរ។ ពួកគាត់តែងទទួលបានថវិកាជាប្រចាំចំនួន ៧០០០រៀលក្នុង១ថ្ងៃ ដែលអាចបើកបាន៣ដង ក្នុង១ខែ ហើយមួយដង៧ម៉ឺនរៀល ជាមួយនឹងផ្តល់ជូនប័ណ្ណសមធម៌(ប. ស. ស) ដើម្បីឲ្យបងប្អូន អាចទៅពិនិត្យក៏ដូចជាព្យាបាលជំងឺដោយមិនអស់ប្រាក់ នៅតាមមន្ទីរពេទ្យនានា ។ បន្ថែមពីនេះទៀត ក្នុងអំឡុងពេលដែលប្រទេសកម្ពុជា ក៏ដូចជារាជធានីភ្នំពេញ កំពុងប្រឈមមុខនឹងការរាតត្បាតជម្ងឺកូវីដ-១៩ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ប្រធានកិត្តិយសមូលនិធិត្រីចក្រយានកម្ពុជា(ស៊ីក្លូ) និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នូវបានផ្តល់អំណោយជាគ្រឿងឧបភោគ បរិភោគ ម៉ាស អាកុល ជែល ជូនពួកគាត់ថែមទៀត។
ជាក់ស្តែងសំរាប់ពេលនេះ បងប្អូនដែលជាសមាជិកស៊ីក្លូ ទាំង៣៨៨នាក់ ក្នុងម្នាក់ៗទទួលបានអំណោយដូចជា៖ អង្ករ ចំនួន ៣៥គីឡូក្រាម មី ១កេស ទឹកសុទ្ធ ២កេស ទឹកស៊ីអ៊ីវ ១យួរ (៦ដប) ប្រេងឆា ១ដបទឹកក្រូច ១កេស ថ្នាំពេទ្យ ១កញ្ចប់ អាវក្រណាត់ ចំនួន១ ខោ ចំនួន១ ក្រមា ចំនួន១ ច្រាសដុសធ្មេញ ចំនួន១ ថ្នាំដុសធ្មេញ ចំនួន១ សាប៊ូលាងដៃ ចំនួន ១ សាប៊ូកក់សក់ ចំនួន ១ សាប៊ូបោកខោអាវ ចំនួន ១ធុង អាវភ្លៀង ចំនួន១ រួមនិងថវិកា ចំនួន១០ម៉ឺនរៀល និងអាហារថ្ងៃត្រង់ ចំនួន១ប្រអប់។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសនោះ បានមានប្រសាសន៍លើកឡើងថា៖ ការបង្កើតឱ្យមានកម្មវិធីមនុស្សធម៌ និងការចូលរួមពីសប្បុរសជននេះ គឺបានបង្ហាញឱ្យឃើញពីក្តីស្រលាញ់ចំពោះលោកតា លោកអ៊ុ លោកពូ អ្នកធាក់ស៊ីក្លូនៅកម្ពុជា។ សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន បានបង្កើតឱ្យមានមូលនិធិនេះ តាំងពីថ្ងៃទី១៨មករាឆ្នាំ២០១៨ មក ម្ល៉្លេះហើយឱ្យតែមានបុណ្យជាតិធំៗ ដូចជា៖ បុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ សម្តេចតេជោនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតតែងផ្តល់អំណោយ ជូនពួកគាត់ជានិច្ច។
លោកជំទាវបណ្ឌិតពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា៖ នៅខែកញ្ញា២០២៥ខាងមុខនេះ ពោលគឺនាឱកាសបុណ្យ ដាក់បិណ្ឌ ភ្ជុំបិណ្ឌ លោកជំទាវបណ្ឌិត រួមជាមួយឯកឧត្ដម ឃួង ស្រេង និងលោកជំទាវ ជា សុីណា ឃួងស្រេង នឹងអញ្ជើញបងប្អូនអ្នកធាក់ស៊ីក្លូទាំង៣៨៨នាក់ ទៅដាក់បិណ្ឌជាមួយគ្នា ដើម្បីបានទទួលបានកុសលផលបុណ្យរួមគ្នា៕