សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តព្រះសីហនុ នាំយកអំណោយមនុស្សធម៌ជូនជនចាស់ជរាគ្មានទីពឹង ក្នុងក្រុងកោះរ៉ុង ចំនួន៥០គ្រួសារ

ព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៥ លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ បានអញ្ជើញដឹកនាំលោកជំទាវ/លោកស្រី ប្រធានសាខា អនុប្រធានសាខា សមាជិកា នៃសមាគមនារីខេត្តព្រះសីហនុ ចុះសួរសុខទុក្ខ និងសំណេះ សំណាល និងនាំយកអំណោយមនុស្សធម៌ នៃសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ ផ្ដល់ជូនលោកយាយ លោកតា ចាស់ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ រស់នៅក្នុងក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។

លោក រាជ សុវណ្ណ អភិបាល នៃគណៈអភិបាល ក្រុងកោះរ៉ុង បានមានប្រសាសន៍ថា ក្នុងនាមក្រុមប្រឹក្សាក្រុង គណៈអភិបាលក្រុង មន្ត្រីរាជការនៃរដ្ឋបាលក្រុង និងបងប្អូនប្រជាពលរដ្ឋសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកជំទាវ/លោកស្រី ប្រធានសាខា អនុប្រធានសាខា សមាជិកា នៃសមាគមនារីខេត្តព្រះសីហនុទាំងអស់ដែលបាននាំយកអំណោយមនុស្សធម៌ចែកជូនជនចាស់ជរាគ្មានទីពឹងនាពេលនេះដោយសកម្មភាពទាំងអស់នេះហើយគឺជាការឆ្លុះបញ្ចាំងឱ្យឃើញថាគ្រប់ទីកន្លែងនៅពេលដែលមានបងប្អូនប្រជាពលរដ្ឋជួបនៅបញ្ហាផ្សេងៗដោយក្នុងនាមសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តព្រះសីហនុ តែងតែជួយជានិច្ច ហើយព្រមទាំងមិនមានការប្រកាន់វណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរអ្វីឡើយ។

នាឱកាសនោះ លោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្ត បានមានប្រសាសន៍សំណេះសំណាល និងសាកសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ ជាពិសេសលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត បានពាំនាំការផ្តាំផ្ញើ និងការនឹករលឹកដែលជានិច្ចកាលសម្ដេចនិងលោកជំទាវបណ្ឌិត តែងតែគិតគូរដល់សុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណ: ដោយមិនប្រកាន់ពណ៌សម្បុរ ពូជសាសន៍ និន្នាការនយោបាយអ្វីឡើយ និងមិនទុកបងប្អូនប្រជាពលរដ្ឋណាម្នាក់ចោលឡើយ ដោយជាមួយគ្នានោះផងដែរលោកជំទាវ គីម សុភ័ក្រ្ត ម៉ាង ស៊ីណេត ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជា ក៏មានប្រសាសន៍ផ្តាំផ្ញើបន្ថែមទៀតដល់លោកយាយ/លោកតា ចាស់ជរា សូមមានការប្រុងប្រយ័ត្នខ្ពស់បំផុតក្នុងការថែរក្សាសុខភាព ហើយកត្តាដែលសំខាន់នោះ គឺការរស់នៅត្រូវប្រកាន់យកនៅចំណុចបីល្អគឺ រស់នៅស្អាត ផឹកស្អាត ហូបស្អាត អោយបានខ្ជាប់ខ្ជួន ជាពិសេសសូមក្រើនរម្លឹកដល់ប្រជាពលរដ្ឋ ត្រូវចូលរួមទប់ស្កាត់ការរីករាលដាល នៃជំងឺឆ្លងផ្សេងៗ ដោយសារការប្រែប្រួលអាកាសធាតុនិងបរិស្ថាន ផ្តោតលើការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិកក្នុងសហគមន៍។

សូមបញ្ជាក់ថា អំណោយមនុស្សធម៌ ដែលឧបត្ថមជូនដល់លោកយាយ លោកតា ចាស់ ជរាគ្មានទីពឹងដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ក្នុងមួយគ្រួសារៗទទួលបាន អង្ករ ២៥គីឡូក្រាម មី ១កេស ទឹកត្រី ១យួរ ត្រីខ កំប៉ុង ១យួរ កន្ទេល១ ឃីតចំនួនមួយកញ្ចប់ក្នុងនោះមាន( ក្រមា១ សារុង១ មុង១ ភួយ១ ) និងថវិកា ១០ម៉ឺនរៀល៕