សមាគមគ្រឿងអលង្ការកម្ពុជា និងវៀតណាម រួមគ្នាជំរុញការនាំចេញ-នាំចូល នូវគ្រឿងអលង្ការរវាងប្រទេសទាំងពីរ។

(ភ្នំពេញ)៖ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥នេះ បានរៀបចំពិធីចុះហត្ថលេខា ជាមួយសមាគមគ្រឿងអលង្ការវៀតណាម ក្នុងគោលបំណងជំរុញការនាំចេញ-នាំចូល នូវគ្រឿងអលង្ការរវាងប្រទេសទាំងពីរ ឲ្យកាន់តែមានភាពងាយស្រួល។

ពិធីនេះ បានធ្វើឡើងក្រោមវត្ដមាន លោកជំទាវញ៉ែត ស្រីអូន ប្រធានសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា និងប្រធានសមាគមគ្រឿងអលង្ការវៀតណាម នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្យ នាល្ងាចថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៥។ ក្នុងនោះ ក៏មានពិធីសម្បថរបស់សមាជិកសមាជិកាថ្មី របស់សមាគមផងដែរ។

លោកជំទាវ ញ៉ែត ស្រីអូន បានថ្លែងថា «ការចុះហត្ថលេខា សហការគ្នារវាងសមាគមប្រទេសទាំងពីរ គឺដើម្បីមានភាពងាយស្រួល ក្នុងការនាំចេញនាំចូល នូវគ្រឿងអលង្ការ រវាងប្រទេសទាំងពីរ ព្រមទាំងងាយស្រួល ដល់សមាជិកសមាជិកា ក្នុងការចូលជាសមាជិក ឆ្លាស់គ្នារវាងសមាគមទាំងពីរផងដែរ»។ 

បន្ថែមពីនោះទៀត លោកជំទាវ ញ៉ែត ស្រីអូន បានគូសបញ្ជាក់ថា ក្នុងន័យនេះ សមាជិកសមាគមកម្ពុជា ក៏អាចក្លាយជាសមាជិកសមាគមវៀតណាម ហើយសមាជិកសមាគមវៀតណាម ក៏អាចក្លាយជាសមាជិកសមាគមកម្ពុជាបានដូចគ្នា។

បើតាមលោកជំទាវ ញ៉ែត ស្រីអូន, ក្នុងរយៈពេលជាង១ឆ្នាំមកនេះ សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា សម្រេចបាននូវផ្លែផ្កាថ្មីៗ ជាបន្តបន្ទាប់ បើទោះបីជាឆ្លងកាត់ឧបសគ្គជាច្រើនក្តី។ 

ដើម្បីសម្រេចបាននូវផ្លែផ្កានេះ លោកជំទាវ ញ៉ែត ស្រីអូន បានលះបង់ពេលវេលា កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ក្នុងការអនុវត្តតាមគោលការណ៍ និងបេសកកម្ម ដែលបានដាក់ចេញ សម្រាប់ដឹកនាំសមាគម ដើម្បីធ្វើឱ្យសមាគមមួយនេះ មានភាពរឹងមាំ និងពង្រីកខ្លួនឲ្យកាន់តែប្រសើរថែមទៀត។

លោកជំទាវ ញ៉ែត ស្រីអូន បានឲ្យដឹងទៀតថា ក្នុងស្មារតីនេះ កិច្ចខិតខំប្រឹងប្រែងនាពេលកន្លងមក ក៏នឹងធានាឲ្យបាននូវផលប្រយោជន៍ដល់សមាគម និងលើកស្ទួយកិត្តិសព្ទល្បីរន្ទឺ របស់សមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា ឲ្យរីកសាយភាយលើឆាកអន្តរជាតិ។

ទន្ទឹមគ្នានេះដែរ ក្នុងរយៈពេលនៃការដឹកនាំរបស់សមាគមទទួលបាននូវសមិទ្ធផលការងារជាច្រើនទាំងជាតិ និងអន្តរជាតិ ហួសពីការរំពឹងទុក។ ហើយក៏បានចុះកិច្ច សហការជាមួយសមាគមគ្រឿងអលង្ការបរទេស ដើម្បីងាយស្រួលដល់ពាណិជ្ជករបរទេសមកវិនិយោគ លើវិស័យគ្រឿងអលង្ការ ក្នុងប្រទេសកម្ពុជា៕