សមយុទ្ធ “នាគមាស-២០២៥” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន បានបិទបញ្ចប់ដោយជោគជ័យ

នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានអញ្ជើញជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបិទសមយុទ្ធ “នាគមាស-២០២៥” រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន រួមទាំងឯកឧត្តម ឧត្តមនាវីឯក មួយ វិនហួយមេបញ្ជាការរង យោធភូមិភាគខាងត្បូង កងទ័ពរំដោះប្រជាជនចិន ដែលបានប្រារព្ធធ្វើនៅ មជ្ឈមណ្ឌលហ្វឹកហ្វឺន កងរាជអាវុធហត្ថ ភ្នំជុំសែនរីករាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។
ថ្លែងក្នុងពិធីបិទសមយុទ្ធនាគមាស ឆ្នាំ២០២៥ ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានមានប្រសាសន៍ថាក្នុងនាមក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទ ពិតជាមានមោទនភាពជាទីបំផុត បានធ្វើជាម្ចាស់ផ្ទះជាលើកទី៧ សមយុទ្ធ “នាគមាស-២០២៥” នាពេលនេះ ធ្វើឱ្យកងទ័ពប្រទេសទាំងពីរទទួល បានឱកាសថ្មីមួយទៀតក្នុងការផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍ រៀនសូត្រពីគ្នាទៅវិញទៅមក និងបង្កើនកិច្ច សហប្រតិបត្តិការជាមួយគ្នាកាន់តែជិតស្និទ្ធថែមទៀត រួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាពក្នុងតំបន់ និងសកលលោក។
ឯកឧត្ដមនាយឧត្តមសេនីយ៍ ទៀ សីហា បានបន្តថាសមយុទ្ធ “នាគមាស-២០២៥” បានរៀបចំឡើងក្នុងបរិបទដែលពិភពលោកបាននិងកំពុងបន្តប្រឈម នឹងការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ប្រកបដោយភាពស្មុគស្មាញ និងពិបាកប៉ាន់ស្មាន។ ទោះប្រឈមនឹងសភាព- ការណ៍បែបនេះក៏ដោយ កងទ័ពប្រទេសទាំងពីរជំនះគ្រប់ឧបសគ្គ គ្រប់ការលំបាក រួមចិត្តតែមួយ កៀកស្មាគ្នាធ្វើ ការជាមួយគ្នា រហូតសម្រេចបានជោគជ័យតាមផែនការគ្រោងទុក។ មួយវិញទៀត តាមរយៈសមយុទ្ធរវាងកង យោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិនលើកនេះ បានបន្សល់ទុកនូវនិមិត្តសញ្ញាមួយដ៏រឹងមាំ កត់ត្រា ទុកក្នុងប្រវត្តិសាស្ត្រយោធានៃកិច្ចសហប្រតិបត្តិការមិត្តភាពរវាងកងទ័ពប្រទេសទាំងពីរ សម្រាប់នាយទាហានបន្ត វេនសិក្សារៀនសូត្រនាពេលអនាគត។ កងយោធពលខេមរភូមិន្ទនៅតែចាត់ទុកការងារហ្វឹកហ្វឺន គឺជាកត្តាគន្លឹះដ៏សំខាន់មួយ សម្រាប់អភិវឌ្ឍ សមត្ថភាពធនធានមនុស្សវ័យក្មេងបន្តវេន ដែលជាជ្រុងអាទិភាពមួយក្នុងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិ បាល និងផែនការកែទម្រង់កងយោធពលខេមរភូមិន្ទ សំដៅធ្វើទំនើបកម្ម និងបង្កើនសមត្ថភាពវិជ្ជាជីវៈដល់កង កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីធានាកិច្ចការពារអធិបតេយ្យភាពជាតិ បូរណភាពទឹកដី សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់សង្គមប្រកបដោយប្រសិទ្ធភាព រួមចំណែកក្នុងការអភិវឌ្ឍសង្គម សេដ្ឋកិច្ច និងចូលរួមក្នុង បេសកកម្មរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ ដែលជាការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់សហគមន៍ អន្តរជាតិ ដើម្បីបុព្វហេតុសន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើលោក៕
រូបភាព: #Rosa