សមត្ថកិច្ចចម្រុះ ចុះរុះរើ បែរចិញ្ចឹមត្រីបណ្តែតលើទឹកមានដំបូលចំនួន ៧៩បែរ នៅឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥នេះ កម្លាំងចម្រុះខេត្តកំពង់ឆ្នាំង និងស្រុកបរិបូរណ៍ ដឹកនាំដោយ លោក ជា សុខរិទ្ធ អភិបាលរងខេត្ត បានចុះរុះរើបែរចិញ្ចឹមត្រីមានដំបូលចំនួន ៧៩បែរ ដែលគេសាង សង់បណ្ដែតលើទឹកទន្លេ ក្នុងភូមិសាស្ត្រ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ដោយអនុវត្តតាមបទបញ្ជារបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង។
លោក ចេង ចាន់ដូណា អភិបាលស្រុកបរិបូរណ៌ បានឲ្យដឹងថា អនុវត្តតាមផែនការបន្លាស់ទីផ្ទះបណ្ដែតទឹក ឡើងគោក និងបទបញ្ជារបស់ លោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកំពង់ឆ្នាំង កម្លាំងចម្រុះដែលដឹកនាំដោយលោក ជា សុខរិទ្ធ អភិបាលរងខេត្ត បានចុះរុះរើបែរចិញ្ចឹមត្រីមានដំបូលបណ្ដែតទឹកចំនួន ៧៩បែរ ដែលបានធ្វើឲ្យប៉ះពាល់ដល់បរិស្ថានទឹកទន្លេ នៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌។
លោកឲ្យដឹងទៀតថា ក្រោយពីមានផែនការ និងបទបញ្ជា កាលពីថ្ងៃទី០៨ ខែឧសភា ក្រុមការងារចម្រុះខេត្ត និងស្រុកបានចុះផ្សព្វផ្សាយផែនការនេះដល់ម្ចាស់បែរទាំងអស់រួចមកហើយ ដោយត្រូវរុះរើបែរ និងដំបូលចេញដោយខ្លួនឯងឱ្យអស់ គឺបានដាក់ឱសានវាត ត្រឹមថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ២០២៥។ លុះដល់ថ្ងៃឱសានវាទហើយនោះ ក្រុមការងារចម្រុះពិនិត្យឃើញម្ចាស់បែរមួយ ចំនួនមិនព្រមរុះរើបែរ ដោយខ្លួនឯងតាមការណែនាំនោះឡើយ។ ទើបចាប់ពីថ្ងៃទី១១ ខែឧសភាមក ក្រុមការងារចម្រុះ បានចុះរុះរើបែរ និងដំបូលដែលនៅបណ្ដែតលើ ទឹកទន្លេទាំងអស់ចេញជាបន្តបន្ទាប់។
លោកអភិបាលស្រុកបរិបូរណ៌ បានបន្ថែមទៀតថា ការ ពិតម្ចាស់បែរចិញ្ចឹមត្រីទាំងអស់នោះសុទ្ធតែបន្លាស់ទីផ្ទះបណ្ដែតលើទឹកឡើងទៅរស់នៅលើគោករួចហើយ នៅ ក្នុងឃុំឆ្នុកទ្រួ។ ប៉ុន្តែកន្លងមកដោយឃើញប្រជាពលរដ្ឋមួយចំនួនតូចធ្វើដំបូលបែរចិញ្ចឹមត្រីបណ្ដែតនៅលើទឹកនៅតាមប្រឡាយមុខសាលាឃុំឆ្នុកទ្រូ ទើបប្រជាពលរដ្ឋទៃងនោះនាំគ្នាធ្វើដំបូលបែរតាម ទើបមានបែរចិញ្ចឹមត្រីមានដំបូលដូចផ្ទះទឹកបណ្ដែតនៅលើទឹកកើនឡើងបែបនេះ។ ប៉ុន្តែទោះជាយ៉ាងណា អាជ្ញាធរឃុំ និងស្រុក មិនអនុញ្ញាតឱ្យមានបែរចិញ្ចឹមត្រី ឬផ្ទះបណ្ដែតនៅលើទឹកទន្លេខុសច្បាប់ទៀតនោះឡើយ៕