សភាមីយ៉ាន់ម៉ាដំណើរការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីក្រោយ៥ឆ្នាំពីការបះបោរ! ខណៈមេដឹកនាំយោធាប្រកាសលាលែងពីតំណែងដើម្បីធ្វើជាបេក្ខភាពដ៏រឹងមាំតែប៉ុណ្ណោះ
សភាប្រទេសមីយ៉ាន់ម៉ាបានចាប់ផ្តើមដំណើរការបោះឆ្នោតជ្រើសរើសប្រធានាធិបតីបន្ទាប់របស់ខ្លួនកាលពីល្ងាចថ្ងៃចន្ទនេះ ដែលវាបានក្លាយជាការកត់សម្គាល់មួយនូវការវិលត្រឡប់ទៅកាន់រដ្ឋាភិបាលជាប់ឆ្នោតថ្មី បន្ទាប់ពីការគ្រប់គ្រងរបស់យោធារយៈពេល៥ឆ្នាំនេះ ប៉ុន្តែវាត្រូវបានគេចាត់ទុកថា គ្រាន់តែជាកិច្ចខិតខំប្រឹងប្រែងដើម្បីរក្សាអំណាចនៅក្នុងដៃរបស់កងទ័ពប៉ុណ្ណោះ។ ដំណើរការនេះបានចាប់ផ្តើមនៅថ្ងៃដដែល ខណៈដែលលោកឧត្តមសេនីយ៍ជាន់ខ្ពស់ មីន អ៊ួង លាំង ប្រមុខរដ្ឋាភិបាលដឹកនាំដោយយោធា បានប្រកាសថាលោកកំពុងលះបង់តំណែងជាអគ្គមេបញ្ជាការយោធារបស់លោកហើយ។ ការផ្លាស់ប្តូរនេះគឺជាតម្រូវការដែលត្រូវធ្វើជាមុន សម្រាប់កំឡាយខ្លួនទៅជាប្រមុខរដ្ឋ ពីព្រោះរដ្ឋធម្មនុញ្ញហាមឃាត់បេក្ខភាពប្រធានាធិបតីពីការកាន់តំណែងក្នុងយោធាកំពូល នាពេលដំណាលគ្នាជាមួយតំណែងប្រមុខរដ្ឋ។ លោក មីន អ៊ួង លាំង នឹងស្ថិតក្នុងចំណោមបេក្ខជនបីនាក់ដើម្បីប្រកួតប្រជែងគ្នាដណ្តើមតំណែងប្រធានាធិបតី ប៉ុន្តែស្ទើរតែទាំងអស់គ្នាបានប្រាកដណាស់ថា លោកនឹងទទួលបានអំណាចនេះ ស្របពេលដែលសមាជិកសភាមកពីគណបក្សដែលគាំទ្រដោយយោធា និងសមាជិកដែលត្រូវបានតែងតាំងពីយោធា គឺកាន់កាប់ភាគច្រើនបំផុតនៅក្នុងសភាមីយ៉ាន់ម៉ា៕
សម្រួលអត្ថបទ៖ សុផារិន្ទ



