ភ្នំពេញ៖ ជីអេស១កម្ពុជារបស់សភាពាណិជ្ជកម្មកម្ពុជាបានផ្តួចផ្តើមរៀបចំសិក្ខាសាលាស្តីពីការគាំទ្រផលិតផលជាតិ ឬ “Khmer First” និងត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ នៅថ្ងៃទី១៣ ខែតុលា ក្នុងអគារសភាពាណិជ្ជកម្មកម្ពុជា ក្នុងគោលបំណងជំរុញស្តង់ដារផលិតផលកម្ពុជាឲ្យមានគុណភាពខ្ពស់ ដើម្បីអាចដាក់លក់នៅផ្សារទំនើបក្នុងស្រុក និងឈានដល់ការនាំចេញទៅទីផ្សារអន្តរជាតិ។
ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា តំណាងអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានមានប្រសាសន៍ថា ធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ត្រូវគិតទៅលើរូបរាង សំបកវេចខ្ចប់ និងស្តង់ដារផលិតផលមានសារៈសំខាន់ណាស់សម្រាប់អតិថិជន។ ឯកឧត្តមក៏ បានជំរុញឲ្យលើកកម្ពស់គុណភាព និងការវេចខ្ចប់គុណភាព គឺជាកត្តាចម្បងផុត បូកផ្សំនិងការវេចខ្ចប់អនុលោមតាមស្តង់ដារ ក៏ដូចជាលក្ខខណ្ឌតម្រូវរបស់ផ្សារទំនើប ឬអ្នកបញ្ជាទិញពីក្រៅប្រទេស។ ឯកឧត្តមថា ការជំរុញស្តង់ដារសកល គឺជាការប្រកួតប្រជែង និងពង្រីកខ្លួន ដែលអាស្រ័យលើគុណភាព និងអនុលោមភាពតាមស្តង់ដារអន្តរជាតិ ដែលជាកត្តាតម្រូវចាំបាច់ដើម្បីឈានទៅកាន់ទីផ្សារធំៗ និងទទួលបានផលចំណេញច្រើន។
ជាមួយគ្នានេះ ឯកឧត្តមក៏បានលើកទឹកចិត្តធុរជន ពាណិជ្ជករ និងអ្នកផលិតទាំងអស់ ដែលបានមកជួបជុំគ្នានៅទីនេះ សូមរួមគ្នាគាំទ្រ និងជំរុញផលិតផលក្នុងស្រុក ដូចជាការពង្រឹងសមត្ថភាព តាមរយៈការកសាងអាជីវកម្មប្រកបដោយភាពរឹងមាំ មិនមែនគ្រាន់តែផលិតផលឱ្យតែល្អនោះទេ គឺទាមទារនូវការលះបង់ពេលវេលា សម្រាប់ការរៀបចំផែនការហិរញ្ញវត្ថុជាយុទ្ធសាស្ត្រ ការគ្រប់គ្រងលំហូរសាច់ប្រាក់ប្រកបដោយប្រសិទ្ធភាព និង ការគ្រប់គ្រងគ្រប់ជ្រុងជ្រោយគ្រប់ផ្នែកនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់។ ឯកឧត្តមបន្ថែមថា សហគ្រាសធុនតូចនិងមធ្យមបានចូលរួមចំណែកយ៉ាងច្រើនដល់សេដ្ឋកិច្ចជាតិ និងជាមូលដ្ឋានគ្រឹះនៃស្ថិរភាពសហគមន៍។ ហេតុនេះ ការគាំទ្រផលិតផលកម្ពុជា គឺជាការវិនិយោគជាយុទ្ធសាស្ត្រតាមរយៈការបង្កើនការងារនិងសមធម៌ លុយដែលចំណាយលើផលិតផលក្នុងស្រុក នឹងវិលជុំក្នុងប្រទេស បង្កើតចំណូលពន្ធ និងផ្តល់ចរន្តដល់ការងារក្នុងស្រុក។
ឯកឧត្តមថា មោទកភាពនិងអត្តសញ្ញាណជាតិ នៅពេលផលិតផលក្នុងស្រុកទទួលបានជោគជ័យ យើងធ្វើឲ្យពិភពលោកទទួលស្គាល់។ យើងប្រែក្លាយទំនិញទៅជាកេរ្តិ៍ឈ្មោះជាម៉ាកយីហោជាតិ និងភាពធន់នៃសេដ្ឋកិច្ច ទីផ្សារក្នុងស្រុករឹងមាំជួយការពារពីវិបត្តិសេដ្ឋកិច្ចសាកល និងធានាបាននូវតម្រូវការប្រកបដោយស្ថិរភាព។ ឯកឧត្តមឧកញ៉ា ងួន ម៉េងតិច បានសង្កេតឃើញថា ចលនាទិញផលិតផលខ្មែរទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន និងរាជរដ្ឋាភិបាល។ ដើម្បីសម្រេចបាននូវការគាំទ្រយូរអង្វែង និងទទួលបានទំនុកចិត្តពីអតិថិជន យើងត្រូវលើកកម្ពស់ស្តង់ដារគុណភាព សុវត្ថិភាព និង សង្គតិភាព ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ សម្រាប់អ្នកផលិត សូមកុំប្រកួតប្រជែងតែលើថ្លៃលក់ ប៉ុន្តែសូមប្រកួតប្រជែងលើគុណភាព សុវត្ថិភាព និងបុព្វហេតុ។ គួររៀបចំការវេចខ្ចប់ឲ្យទាក់ទាញ និងប្រាប់ពីប្រភពដើមផលិតផលឲ្យបានច្បាស់លាស់។ សម្រាប់អ្នកលក់ និងអ្នកចែកចាយបន្ត សូមធ្វើយ៉ាងណាឲ្យងាយស្រួលរកផលិតផលក្នុងស្រុក និងមានគ្រប់មុខ គួរបែងចែកផ្នែកណាមួយនៃហាងសម្រាប់ដាក់តាំងលក់ផលិតផលខ្មែរសុទ្ធសាធ។
ក្នុងឱកាសនោះដែរ, ធុរជន ពាណិជ្ជករ និងអ្នកផលិត បានប្តេជ្ញាពង្រឹងគុណភាព សុវត្ថិភាព ស្តង់ដារ និងអនាម័យ ដើម្បីឲ្យអតិថិជនទាំងក្នុងនិងក្រៅប្រទេសទទួលស្គាល់ម៉ាកសញ្ញាផលិតផលជាតិ ឲ្យស្របទៅតាមអនុលោមភាពតាមស្តង់ដារជាតិនិងអន្តរជាតិ ខណៈដែលប្រជាពលរដ្ឋខ្មែរកំពុងតែមានសន្ទុះគាំទ្រផលិតផលក្នុងស្រុកយ៉ាងច្រើនផុសផុលនាពេលបច្ចុប្បន្ននេះ។ លោក អាលវីដ ស្វាកសិនប័ក អនុប្រធាននាយកប្រតិបត្តិនៃធនាគារស្ថាបនា បានមានប្រសាសន៍ថា សិក្ខាសាលា យើងគាំទ្រផលិតផលជាតិ ឬ Khmer First, Supporting Local Products 884 គឺជាគំនិតផ្តួចផ្តើមយ៉ាងសំខាន់ ដែលបង្ហាញពីសិល្បៈនៃការច្នៃប្រឌិត និងស្មារតីសហគ្រិនរបស់អ្នកផលិតជនជាតិខ្មែរ។ ការវិនិយោគលើផលិតផលក្នុងស្រុក គឺជាការរួមចំណែកសំខាន់មួយ ក្នុងការបង្កើតសេដ្ឋកិច្ចប្រកបដោយចីរភាព។ ធនាគារស្ថាបនាបានត្រៀមខ្លួនធ្វើជាដៃគូដែលមិនត្រឹមតែជួយបំពេញនូវចន្លោះហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់នូវដំណោះស្រាយសេវាធនាគារ ដែលជំរុញអោយផលិតផលក្នុងស្រុកនៃវិស័យពាណិជ្ជកម្មកម្ពុជាមានការរីកចម្រើន។
សូមបញ្ជាក់ថា ស្ថាប័នជីអេស១កម្ពុជា គាំទ្រដោយសភាពាណិជ្ជកម្មកម្ពុជា បានរៀបចំសិក្ខាសាលា “យើងគាំទ្រផលិតផលជាតិ” ឬ Khmer First: Supporting Local Products 884 ក្រោមប្រធានបទ “ការត្រៀមខ្លួនដាក់លក់ផលិតផលខ្មែរលើទីផ្សារ” ក្នុងគោលបំណងពង្រីកវិសាលភាពសហគ្រិនភាពកម្ពុជា ដោយបង្ហាញពីដំណើរការនិងលក្ខខណ្ឌតម្រូវ ក្នុងការបញ្ជូលផលិតផលសម្រេច ឬពាក់កណ្តាលសម្រេចទៅក្នុងផ្សារទំនើប និងទីផ្សារអន្តរជាតិ៕