“សប្ដាហ៍បេតិកភណ្ឌវប្បធម៌អរូបីកម្ពុជា” មានរៀបចំពិព័រណ៌មរតកវប្បធម៌ ២៣ស្ដង់ តាមបណ្តោយផ្លូវ Walk Street
ភ្នំពេញ ៖ ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” ក្នុងនោះ មានការតាំងពិព័រណ៌ពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី សិប្បកម្ម និងមរតកវប្បធម៌តាមដងទន្លេសាបសរុបចំនួន ២៣ស្ដង់។ ព្រឹត្តិការណ៍នេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរកម្ពុជាក្នុងនាមជារដ្ឋភាគីដែលបានដាក់បញ្ចូលបេតិកភណ្ឌវប្បធម៌អរូបី ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌នៃមនុស្សជាតិ របស់អង្គការយូណេស្កូ ដែលសរុបទាំងអស់មានចំនួន ៧ រាប់ចាប់តាំងពីឆ្នាំ២០០៣ រហូតដល់ឆ្នាំ២០២៤។
សម្រាប់ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” ក៏មានការចូលរួមពីលោកស្រី ឡងឌី សាន់ណារ៉ា រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាអធីបតីក្នុងព្រឹត្តិការណ៍នេះផងដែរ។
ក្នុងកម្មវិធីនេះដែរ ក្រសួងក៏បានរៀបចំឱ្យមានការតាំងពិព័រណ៌ពីសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី សិប្បកម្ម និងមរតកវប្បធម៌តាមដងទន្លេសាបសរុបចំនួន២៣ស្ដង់ ហើយនៅតាមស្ដង់នីមួយៗមាននូវសកម្មភាពផ្សេងៗរបស់សហគមន៍នីមួយៗ ការលេងល្បែងកំសាន្ត និងមានការសម្ដែងទស្សនីយភាពនានានៃមរតកវប្បធម៌អរូបី ជូនអ្នកទស្សនាផងដែ។
គួររំលឹកថា ព្រឹត្តិការណ៍ “សប្តាហ៍បេតិកភណ្ឌវប្បធម៌អរូបីនៃកម្ពុជាលើកទី១” ក្រោមប្រធានបទ “ខួប១០ឆ្នាំ នៃការបញ្ចូលល្បែងទាញព្រ័ត្រក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ រៀបចំឡើងរយៈពេល ២ថ្ងៃ គឺថ្ងៃទី២៩ និងថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ នៅបរិវេណជុំវិញរូបសំណាក តេជោមាស តេជោយ៉ត (តាមបណ្តោយផ្លូវ Walk Street)៕



