សត្វផ្សោត និងពូជត្រីកម្រជាង ២០ ប្រភេទកំពុងត្រូវបានការពារ និងអភិរក្សយ៉ាងម៉ឺងម៉ាត់ក្នុងខេត្តក្រចេះ

ខេត្តក្រចេះ÷ក្រៅពីការងារអភិរក្សសត្វផ្សោតជារតនៈសម្បត្តិត្រីទឹកសាប,ពូជត្រីកម្រដូចជា ត្រីបបែលយក្សទឹកសាប ត្រីរាជ ត្រីគល់រាំង ត្រីត្រសក់ ត្រីប៉ាស៊ីអ៊ី ត្រីប៉ាវ៉ាមុខពីរ ត្រីប៉ាសាណាក់ជាង ២០ ប្រភេទទៀត ត្រូវបានមន្រ្តីខណ្ឌរដ្ឋបាលជលផលខេត្តក្រចេះកំពុងធ្វើការការពារ និងអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត។
លោក ម៉ុក ពន្លក នាយខណ្ឌរដ្ឋបាលជលផល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តក្រចេះបានឲ្យដឹងថា បច្ចុប្បន្នខណ្ឌរដ្ឋបាលជលផលមានឆ្មាំទន្លេនៅតាមដងទន្លេ៤៤ រូប ចែកចេញជា ១១ប៉ុស្ដិ៍ ដើម្បីការពារថែ រក្សាផ្សោត និងត្រីមេពូជ។ ត្រីមេពូជដែលកំពុងត្រូវបាន ការពារអភិរក្សយ៉ាងយកចិត្តទុកដាក់បំផុត ដោយយោងទៅលើអនុក្រិតលេខ ១២៣ របស់រាជរដ្ឋាភិបាល គឺមាន ២៩ ប្រភេទ ហើយនៅអាងទន្លេមេគង្គសព្វថ្ងៃមានត្រីពូជប្រមាណជាង ១០០ ប្រភេទ។
ជាក់ស្ដែង ខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានខិតខំធ្វើការគ្រប់គ្រងតាមដងទន្លេមេគង្គ ក្នុងការទប់ស្កាត់បទល្មើសនេសាទ ក្រៅពីការទប់ស្កាត់បទល្មើសជាមួយឆ្មាំទន្លេ ហើយនឹងអាជ្ញាធរមូលដ្ឋាន ព្រមទាំងកម្លាំងពាក់ព័ន្ធ។
នាពេលកន្លងទៅថ្មីៗនេះ ខណ្ឌរដ្ឋបាលជលផលបានលែងត្រីចម្រុះចំនួន ៥ ម៉ឺនក្បាល និងត្រីមេពូជ ចំនួន ៥០ គីឡូក្រាម ចូលទៅក្នុងអាងទំនប់ធម្មជាតិនៅទំនប់ប៉ាក់ ភូមិកែងប្រាសាទ ស្រុកសំបូរ ខេត្តក្រចេះ ដើម្បីទុកជាប្រយោជន៍ដល់ប្រជាសហគមន៍ បញ្ជៀសកុំឱ្យទៅនេសាទនៅតាមដងទន្លេ ចាប់ត្រីពូជខុសច្បាប់។ ដូច្នេះការធ្វើការនេសាទជាលក្ខណៈគ្រួសារនៅកន្លែងដែនសហគមន៍នេសាទនេះ ដើម្បីបានផលត្រីយកទៅដោះស្រាយជីវភាពគ្រូសារប្រចាំថ្ងៃរបស់ពលរដ្ឋ។
លោកនាយខណ្ឌបានបន្តថា ផែនការបន្តខណ្ឌរដ្ឋបាលជលផលនឹងខិតខំប្រឹងប្រែង សហការជាមួយអាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ សមត្ថកិច្ចពាក់ព័ន្ធទាំងបីប្រភេទ ដើម្បីធ្វើការគ្រប់គ្រងការពារនិងអភិរក្សទាំងត្រូមេពូជក៏ដូចជា ជីវចម្រុះជលផលនៅអាងទន្លេមេគង្គ ឬក៏នៅតាមអាង បឹង ព្រែក ដែលកំពុងមាននាពេលបច្ចុប្បន្ន។
ក្នុងនោះដែរ ខណ្ឌរដ្ឋបាលជលផលបានខិតខំប្រឹងប្រែងទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទឱ្យដូចភ្លៀងរលឹម ហើយក្នុងនាមខណ្ឌរដ្ឋបាលជលផល លោកក៏ស្នើដល់ប្រជាពលរដ្ឋធ្វើយ៉ាងណា ចូលរួមថែរក្សាការពារទាំង អស់គ្នា ហើយកុំធ្វើនេសាទនូវឧបករណ៍ទាំងឡាយណាដែលច្បាប់ហាមឃាត់ ដើម្បីរក្សាធនធានជលផលឱ្យមានការកើនឡើងសម្រាប់ផ្គត់ផ្គង់ជីវភាពរបស់បងប្អូនផ្ទាល់នៅទីនេះ ក៏ដូចជាអ្នកមកពីឆ្ងាយក្តីឱ្យតែនេសាទលក្ខណៈគ្រួសារ ធ្វើយ៉ាងណាកំឱ្យមានបទល្មើស ព្រោះ ថារដូវនេះជារដូវបិទនេសាទ៕