សង្ក្រាន្តនិស្សិតAUB បានចាប់ផ្ដើមធ្វើ នាថ្ងៃទី3 ខែមេសាឆ្នាំ 2026 ក្នុងបរិវេនសាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដោយកម្មវិធីនេះត្រូវបានរំពឹងទុកថា នឹងមានការចូលរួមពី សិស្ស-និស្សិត និងសាធារណជនទូទៅចូលរួម ច្រើនកុះករ 

ស្របពេលដែលនៅតាមបណ្តាខេត្ត-រាជធានី គ្រឹះស្ថានអប់រំសាធារណៈ និងឯកជនផ្សេងៗ រៀបចំព្រឹត្តិការណ៍សង្រ្កាន្តឆ្នាំ២០២៦ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលប្រនឹងព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៦ ខាងមុខនេះ សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា សហការជាមួយ សហភាពសហព័ន្ធយុវជនកម្ពុជារបស់សាកលវិទ្យាល័យ បានរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនិស្សិតAUB ដើម្បីជាឪកាសឲ្យថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងនិស្សិត បានជួបជុំគ្នា និងពង្រឹងសាមគ្គីភាព ។

លោកបណ្ឌិត ផុន ណារិន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ឲ្យដឹងថា ជារៀងរាល់ឆ្នាំ នៅមុនថ្ងៃចូលឆ្នាំថ្មីមកដល់ សាកលវិទ្យាល័យ តែងតែរៀបចំព្រឹត្តិការណ៍សង្រ្កាន្តនេះឡើង ក្នុងគោលបំណង ដើម្បីលើកកម្ពស់ភាពរុងរឿងរីកចម្រើនរបស់ សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា, លើកកម្ពស់ការចូលរួមរបស់សាកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ជាមួយសហគមន៍ ជាពិសេស ដើម្បីបណ្ដុះគំនិតយុវជន សិស្ស-និស្សិត ឲ្យចូលរួមលើកកម្ពស់មោទនភាព និងសេចក្តីស្រឡាញ់ថែរក្សាចំពោះវប្បធម៌ និងប្រពៃណីទំនៀមទម្លាប់ខ្មែរដ៏ល្អផូផង់ និងបង្កើតនូវបរិយាកាសសប្បាយរីករាយជួបជុំគ្នាជាមួយគ្រួសារAUB បង្កើនមិត្តភាព សាមគ្គីភាព រវាងលោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ និងនិស្សិត បន្ទាប់ពីបានឆ្លងកាត់វគ្គសិក្សាយ៉ាងម៉ត់ចត់នាពេលកន្លងមក ។

ក្នុងពិធីនេះដែរ លោកបណ្ឌិត ក៏បានលើកឡើង ពីប្រវត្តិខ្លះៗនៃពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ និងអត្ថន័យសង្ខេបពីព្រឹត្តិការណ៍សង្រ្កាន្ត ជាការក្រើនរំលឹកដល់សិស្ស-និស្សិត ត្រូវចងចាំពីសារៈសំខាន់ដែលមិនអាចខ្វះបាន នៃពិធីបុណ្យចូលឆ្នាំថ្មី ដែលជាអត្តសញ្ញាណជាតិដ៏ខ្ពង់ខ្ពស់របស់ខ្មែរ។ 

ប្រធានក្លឹបនិស្សិតAUB ក៏បានលើកទឹកចិត្ត និងចែករំលែកបទពិសោធន៍ ពីការចូលរួមរបស់សមាជិក សមាជិកា គ្រប់ៗរូប តាមរយះសកម្មភាពនានាជាច្រើន នេះពិតជាបានសបញ្ជាក់យ៉ាងច្បាស់ពីតួនាទីយ៉ាងសំខាន់របស់យុវជន ក្នុងសកម្មភាពរៀបចំព្រឹត្តិការណ៍សង្រ្កាន្តAUB ជាពិសេស ត្រូវមានឆន្ទៈចូលរួមក្នុងកិច្ចការងារសង្គម ដែលនេះជាគំរូមួយដ៏ល្អសម្រាប់យុវជន និងសិស្សិ-និស្សិតជំនាន់ក្រោយៗ។ 

សូមបញ្ជាក់ថា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏មានរៀបចំពិធីលេងល្បែងប្រជាប្រិយខ្មែរ ដូចជា ចោលឈូង បោះអង្គុញ វាយក្អម លាក់កន្សែង ទាញព្រ័ត្រ ដណ្តើមស្លឹកឈើ លោតអន្ទាក់ ចាប់កូនខ្លែង របាំត្រុដិ ការសម្តែងផ្សេងៗ ព្រមទាំងមានការប្រគំតន្ត្រី និងរាំលេងកម្សាន្ត ដែលសម្តែងដោយក្រុមនិស្សិតរបស់សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ផងដែរ។