សកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ2025-2026  សម្រាប់និស្សិតជំនាញផ្នែកហិរញ្ញវត្ថុនិងធនាគារ ជំនាន់ទី១០

TVK App

កំណើននិស្សិតសិក្សា លើជំនាញផ្នែកហិរញ្ញវត្ថុនិងធនាគារនៅកម្ពុជា មានការកើនឡើងគួរឱ្យកត់សម្គាល់ ដែលស្របតាមការរីកចម្រើនយ៉ាងឆាប់រហ័ស នៃប្រព័ន្ធហិរញ្ញវត្ថុ ឥណទាន និងការទូទាត់តាមប្រព័ន្ធឌីជីថល។ ក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី ឆ្នាំ2025-2026 សម្រាប់និស្សិតជំនាញផ្នែកហិរញ្ញវត្ថុនិងធនាគារ ជំនាន់ទី១០ របស់សកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ក៏មានការកើនឡើងនូវចំនួននិស្សិតជាច្រើនផងដែរ ដែលនេះពិតជាបានបង្ហាញយ៉ាងច្បាស់ពីតម្រូវការខ្ពស់លើការអប់រំ និងការស្រាវជ្រាវលើមុខវិជ្ជាធនាគារ ហិរញ្ញវត្ថុ និងធនធានមនុស្សនៅក្នុងវិស័យនេះ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន។

លោកបណ្ឌិត ផុន ណារិន សកលវិទ្យាធិការ នៃសកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា បានថ្លែងថា ចំពោះនិសិ្សតជំនាន់ទី១០ បានមកសិក្សាសរុបចំនួន 10,766នាក់ ក្នុងនោះនិស្សិតស្រីមានចំនួន 7,930នាក់ សម្រាប់ឆ្នាំសិក្សា2025-2026នេះ។ ការសម្រេចចិត្តសិក្សាលើជំនាញផ្នែកហិរញ្ញវត្ថុនិងធនាគារ គឺជាការបើកផ្លូវទៅរកឪកាសការដ៏សំបូរបែប ស្របតាមការអភិវឌ្ឍន៍កម្មវិធីសិក្សារបស់ សកលវិទ្យាល័យពាណិជ្ជសាស្ត្រអេស៊ីលីដា ដែលបានឆ្លុះបញ្ចាំងពី តម្រូវការធនធានមនុស្សក្នុងវិស័យហិរញ្ញវត្ថុនិងធនាគារ ដើម្បីបំពេញតាមកំណើនសេដ្ឋកិច្ចជារួម។

លោកបណ្ឌិត បន្តទៀតថា ដោយទទួលបានសេចក្តីទុកចិត្ត និងជឿជាក់លើកំរឹតគុណភាព នៃការអប់រំ ចំណេះជំនាញខ្ពស់ ក្រសួងអប់រំយុវជន និងកីឡា គ្រោងដាក់បញ្ចូល សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា ជាសមាជិតរបស់ ASEAN University Network Quality Assurance ដែលមានដៃគូសហការ ជិត១០០ស្ថាប័ន មកពីសកលវិទ្យាល័យជាតិ និងអន្តរជាតិ។ ក្រៅពីនេះ ក្នុងចំនោម សាកលវិទ្យាល័យចំនួន២៧៥ នៃ Asia pacific education membership មានប្រទេសចំនួន២៦ មកពីទូទាំងពិភពលោកផងដែរ។

លោកបណ្ឌិត បញ្ជាក់ដែរថា សាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា មានកម្មវិធីសិក្សាជាច្រើនដូចជា ផ្នែកហិរញ្ញវត្ថុនិងធនាគារ, គណនេយ្យ, ទីផ្សារ, និតិសាស្ត្រ,ពាណិជ្ជកម្មអន្តរជាតិ, សេដ្ឋកិច្ចពាណិជ្ជកម្ម, គ្រប់គ្រងធុរកិច្ចនិងសហគ្រាស, គ្រប់គ្រងហានិភ័យនិងធានារ៉ាប់រង, គ្រប់គ្រងបណ្តាញផ្គត់ផ្គង់និងចលនូបត្ថម្ភ, បច្ចេកវិទ្យាហិរញ្ញវត្ថុ, បច្ចេកវិទ្យាព័ត៏មានធុរកិច្ច, វិទ្យាសាស្ត្រនិងវិស្វកម្មកុំព្យូទ័រ, ភាសាអង់គ្លេស, ភាសាអង់គ្លេសសម្រាប់បំណិនបកប្រែ និងភាសាអង់គ្លេសសម្រាប់ទំនាក់ទំនងធុរកិច្ច៕