សកម្មភាពព្រះសង្ឃក្នុងសហគមន៍ដាឡៃឡាម៉ាបានសូត្រធម៌ ដើម្បីទទួលស្វាគមន៍ឆ្នាំថ្មីទីបេនៅក្នុងប្រទេសឥណ្ឌា

ក្រុមព្រះសង្ឃដាឡៃឡាម៉ាប្រចាំសាលា Gelug នៃព្រះពុទ្ធសាសនាទីបេបានធ្វើពិធីសូត្រមន្តនៅលើរានហាលមួយក្នុងបរិវេណវត្ត Tsuglakhang (សាំងឡាក់ខាង)ក្នុងទីក្រុងដារ៉ាមសាឡា នៅថ្ងៃពុធនេះ ដើម្បីជាការស្វាគមន៍ឆ្នាំថ្មីរបស់សញាតិទីបេផងដែរ។ ពួកគេបានទួងស្គរ និងផ្លុំស្នែង ព្រមទាំងពាក់មួកពណ៌លឿង ដើម្បីចូលរួមសូត្រធម៌បែបប្រពៃណីរបស់ខ្លួននៅពីមុខរូបចម្លាក់ធំៗចំនួន២។ តំបន់ដារ៉ាមសាឡា គឺជាទីអាសនៈរបស់រដ្ឋាភិបាលទីបេដែលនិរទេសខ្លួនមកកាន់ជើងភ្នំហិម៉ាឡៃក្នុងប្រទេសឥណ្ឌា និងជាជម្រករបស់មេដឹកនាំខាងវិញ្ញាណទីបេដែរ គឺសម្តេចសង្ឃ ដាឡៃឡាម៉ា។ ទីក្រុងធម្មសាលនេះមានចម្ងាយ២៦១គីឡូម៉ែត្រពីទិសពាយ័ព្យនៃទីក្រុងស៊ីមឡា និងមានចម្ងាយ៤៨៤គីឡូម៉ែត្រពីភាគខាងជើងនៃទីក្រុងញ៉ូវដេលី និងមានចម្ងាយ២៦០គីឡូម៉ែត្រពីទិសខាងលិចនៃទីក្រុងម៉ាណាលីដែរ ក្នុងប្រទេសឥណ្ឌា។ ទីនេះគឺជាជម្រករបស់សម្តេចសង្ឃដាឡៃឡាម៉ា និងសហគមន៍ទីបេដ៏ធំមួយចាប់តាំងពីសម្តេចសង្ឃដាឡៃឡាម៉ាបានភៀសព្រះកាយចេញពីតំបន់ទីបេប្រទេសចិនក្នុងឆ្នាំ១៩៥៩ ជាមួយព្រះសង្ឃចំនួន៥២អង្គ មកពីវត្តណាំយ៉ាល់ ជិតទីក្រុងឡាសា។ ទីនេះមានទីតាំងស្ថិតនៅផ្នែកខាងលើនៃជ្រលងភ្នំកាងក្រានិងស្ថិតនៅចន្លោះភ្នំ Dhauladhar ដ៏អស្ចារ្យ ។ ទីក្រុងដ៏មានមន្តស្នេហ៍នេះត្រូវបានគេស្គាល់ដោយសារមានព្រៃឈើស្រល់ស្រស់ៗ មានផ្ទះឈើតូចៗក្បូរក្បាច់រចនាប្លែកៗ ភ្ជាប់ជាមួយកងអធិស្ឋាន ទង់អធិស្ឋាន និងវត្តអារាមទីបេប្លែកៗជាច្រើនប្រភេទ។ សម្តេចសង្ឃដាឡៃឡាម៉ាបានមករស់នៅក្រៅទីក្រុងនេះ ក្នុងតំបន់ McLeod Ganj (ម៉េក ឡុក ហ្កាន់)។ បន្ថែមពីលើចំនួនវត្តអារាមដ៏ច្រើនសន្ធឹកសន្ធាប់ និងទីសក្ការៈបូជាបែបព្រះពុទ្ធសាសនាទីបេ ទីនេះក៏មានអគារសាសនាហិណ្ឌូសំខាន់ៗមួយចំនួនផងដែរ រួមមានទាំងវត្តចាវ៉ាឡាមុគី និងបៃណាត ដែលធ្វើឲ្យវាក្លាយជាទីកន្លែងទេសចរមួយ សម្រាប់ទាក់ទាញភ្ញៀវទេសចរឥណ្ឌា និងជនបរទេសរាប់រយ រាប់ពាន់នាក់ជារៀងរាល់ថ្ងៃថែមទៀតផង៕

សម្រួលអត្ថបទ៖ សុផារិន្ទ