សកម្មភាពបាញ់តបតគ្នាឥតស្រាកស្រាន្តរវាងកងកម្លាំងរុស្ស៊ីនិងអ៊ុយក្រែនកាលពីម្សិលមិញមានចំនួន១៥១ដង និងទៅលើទីតាំង១៥៣កន្លែងផ្សេងៗគ្នា

រុស្ស៊ីបានថាកងកម្លាំងប្រដាប់អាវុធរបស់ខ្លួនបានវាយប្រហារតំបន់ចំនួន ១៥៣ នៅក្នុងប្រទេសអ៊ុយក្រែន ខណៈដែលអ៊ុយក្រែននៅថ្ងៃដដែលនោះក៏បានរាយការណ៍ដែរថា ខ្លួនបានបាញ់ទម្លាក់ ឬបង្ក្រាបយន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ីចំនួន១០១គ្រឿង។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយនៅក្នុងរបាយការណ៍ប្រចាំថ្ងៃចុងក្រោយរបស់ខ្លួនថា ក្នុងសកម្មភាពវាយប្រហារនៅក្នុងតំបន់អ៊ុយក្រែនទាំង១៥៣ ក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ កងកម្លាំងរុស្ស៊ីបានកំណត់គោលដៅជាចម្បងលើកន្លែងផ្គត់ផ្គង់ប្រេងឥន្ធនៈ និងថាមពល និងរថភ្លើងយោធាដែលដឹករថពាសដែក ហើយក៏បានបាញ់ទម្លាក់គ្រាប់បែកតាមអាកាសចំនួន៣គ្រឿង និងយន្តហោះគ្មានមនុស្សបើកស្លាបថេរចំនួន២០៦ គ្រឿងផងដែរ។ នៅក្នុងទិសដៅលើតំបន់ Pokrovsk និង Kharkiv រួមទាំង Kupiansk នៅភាគខាងកើតអ៊ុយក្រែន ដោយកងទ័ពរុស្ស៊ីបានវាយបកការវាយប្រហារជាច្រើនទៅលើកងកម្លាំងអ៊ុយក្រែន។ នៅថ្ងៃអង្គារម្សិលមិញនោះដែរ អគ្គសេនាធិការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានរាយការណ៍ថា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារលើអ៊ុយក្រែនដោយប្រើមីស៊ីលផ្លោងប្រភេទ “Iskander-M” ចំនួន ៤ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន១១៤ គ្រឿងក្នុងរយៈពេលពេញមួយថ្ងៃកន្លងមកនេះ ដែលអ៊ុយក្រែនបានគ្រប់គ្រងដើម្បីបាញ់ទម្លាក់ ឬបង្ក្រាបបានចំនួន១០១ គ្រឿង។ របាយការណ៍នេះក៏បាននិយាយបន្ថែមទៀតថា៖ កងកម្លាំងអ៊ុយក្រែនបានធ្វើការវាយប្រហារយ៉ាងច្បាស់លាស់លើកន្លែងយោធានៅក្នុងប្រទេសរុស្ស៊ីដោយប្រើមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ពសហរដ្ឋអាមេរិក។ អ៊ុយក្រែនក៏បាននិយាយផងដែរថា ខ្លួននឹងបន្តប្រើប្រាស់សមត្ថភាពវាយប្រហាររយៈចម្ងាយឆ្ងាយនៅក្នុងជម្លោះនេះ រួមទាំងមីស៊ីលយុទ្ធសាស្ត្ររបស់កងទ័ពសហរដ្ឋអាមេរិកផងដែរ។ លើសពីនេះដែរយោងតាមរបាយការណ៍បានលើកឡើងថា មានការប៉ះទង្គិចគ្នាចំនួន១៥១ដង នៅក្នុងតំបន់ជួរមុខក្នុងរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ៕

សម្រួលអត្ថបទ៖ សុផារិន្ទ