សកម្មភាពកងទ័ពជួយសង្គ្រោះប្រជាជននេប៉ាល់ពីភូមិឋានដែលទឹកជន់លិចដោយសារជំនន់ទឹកភ្លៀងនិងរអិលបាក់ដីសម្លាប់មនុស្សជាង៤០នាក់ហើយ 

អាជ្ញាធរបាននិយាយថាស្ថានការណ៍រអិលបាក់ដីយ៉ាងគំហុក និងទឹកជំនន់ដែលបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំងបានសម្លាប់មនុស្ស៤៤នាក់ហើយក្នុងប្រទេសនេប៉ាល់ ហើយកាលពីថ្ងៃអាទិត្យនេះដែរមានមនុស្ស៥នាក់ផ្សេងទៀតបានបាត់ខ្លួន។ អាជ្ញាធរផ្នែកកាត់បន្ថយ និងគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយជាតិរបស់ប្រទេសនេប៉ាល់បាននិយាយថា អ្នកដែលត្រូវស្លាប់ចំនួន ៣៧នាក់ស្ថិតនៅក្នុងស្រុកជាតំបន់ភ្នំភាគខាងកើតនៃខេត្ត Illam ជាកន្លែងដែលភូមិទាំងមូលត្រូវបានទឹកជំនន់ហូរនាំទៅតាមរយៈរអិលបាក់ដី។ មនុស្សជាច្រើននាក់ទៀតនៅបាត់ខ្លួន ចំណែកភ្លៀងធ្លាក់ខ្លាំងនៅតែបន្ត ចាប់តាំងពីថ្ងៃសុក្រមកនៅក្នុងស្រុកដែលមានព្រំប្រទល់ជាប់ប្រទេសឥណ្ឌា ហើយត្រូវបានគេស្គាល់ថាជាតំបន់អ្នកដាំតែសម្រាប់អាជីវកម្ម។ ជំនួយការមន្ត្រីរដ្ឋបាលរបស់ខេត្ត Illam លោក Bholanath Guragai បាននិយាយថា មនុស្ស៦នាក់ដែលមកពីគ្រួសារតែមួយត្រូវស្លាប់ទាំងអស់ដោយសារដីដែលបាក់នោះ បុកចំផ្ទះរបស់ពួកគេខណៈពេលដែលពួកគេកំពុងលង់លក់ដំណេក។ ជំនន់ទឹកភ្លៀងបានបង្អាក់កិច្ចខិតខំប្រឹងប្រែងដើម្បីទៅដល់ភូមិរងគ្រោះ ហើយផ្លូវជាច្រើនខ្សែត្រូវកាត់ផ្តាច់ ឬកកស្ទះដោយដីបាក់រអិល។ រដ្ឋាភិបាលបាននិយាយថា ឧទ្ធម្ភាគចក្រជំនួយក៏កំពុងជម្លៀសប្រជាជនតាមដែលអាចធ្វើទៅបាន មានទាំងប្រអប់វេជ្ជសាស្រ្តមកជាមួយដែរ ហើយកងទ័ពជើងគោកក៏កំពុងជួយផ្លាស់ទីប្រជាជនទៅកាន់តំបន់ដែលមានសុវត្ថិភាពថែមទៀតផង។ រដ្ឋាភិបាលនេប៉ាល់បានចេញសេចក្តីព្រមានអំពីភ្លៀងធ្លាក់ខ្លាំងនៅតំបន់ភាគខាងកើត និងភាគកណ្តាលនៃប្រទេសចាប់ពីថ្ងៃសៅរ៍ដល់ថ្ងៃច័ន្ទនេះ ខណៈដែលផ្លូវហាយវេធំៗត្រូវបិទដំណើរការ។ ជើងហោះហើរក្នុងស្រុកទាំងអស់ត្រូវបានផ្អាកចាប់ពីថ្ងៃសៅរ៍មក ដោយអាជ្ញាធរអាកាសចរណ៍បញ្ជាក់ពីស្ថានភាពមានភ្លៀងធ្លាក់ខ្លាំង និងមិនអាចមើលឃើញផ្លូវហោះហើរ ដើម្បីបញ្ចៀសគ្រោះថ្នាក់នានា៕ 

សម្រួលអត្ថបទ៖ សុផារិន្ទ