វេទិកា ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត នៅវិទ្យាល័យសន្ធរម៉ុក

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១០ រោច ខែមាឃឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ នៃ សហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយ ពុទ្ធិកសមាគមកម្ពុជរដ្ឋ សមាគមអប់រំសីលធម៌អន្តរជំនាន់ និងក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានរៀបចំវេទិកាយុវវ័យ ស្តីពី «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត» ក្រោមអធិបតីភាពឯកឧត្តម ហ៊ឺ វិរៈ និងមានការចូលរួមពីសិស្សានុសិស្ស សាស្ត្រាចារ្យ និងភ្ញៀវកិត្តិយស ប្រមាណជាង ២៥០រូប នៅវិទ្យាល័យសន្ធរម៉ុក ក្រោមព្រះអធិបតីភាពព្រះសិរីកោសល សំ សុខា ប្រធានពុទ្ធិកៈសមាគមកម្ពុជរដ្ឋ និងអធិបតីភាពឯកឧត្ដម ហ៊ឺ វិរៈ ប្រធាននាយកដ្ឋានជំរុញ ចលនាវប្បធម៌ សាសនា និងប្រវត្ដិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន។

«ពិពិធកម្មសាសនោវាទ» មានន័យថា ការបំលែងរាល់សាសនៈវចនៈពីគោលការណ៍អរូបីឱ្យក្លាយជាសកម្មភាពជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ មិនមែនសិក្សាទ្រឹស្តីដើម្បីដឹងប៉ុណ្ណោះទេ ប៉ុន្តែយកមកអនុវត្ត ដើម្បីកែប្រែគំនិត អាកប្បកិរិយា និងរបៀបរស់នៅឱ្យស្របតាមសីលធម៌ សមធម៌ និងទំនួលខុសត្រូវសង្គម។ ការរៀបចំវេទិកានេះឡើងក្នុងគោលបំណងសំខាន់បីប្រការគឺ ១.បង្កើនការយល់ដឹងអំពីទស្សនៈពុទ្ធសាសនាក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ២.លើកកម្ពស់អត្តសញ្ញាណពុទ្ធសាសនាខ្មែរ និង៣.ការផ្សារភ្ជាប់ទ្រឹស្តីពុទ្ធសាសនាជាមួយជីវិតរស់នៅប្រចាំថ្ងៃ។ ក្នុងនោះសីលធម៌គឺជាគ្រឹះដ៏សំខាន់បំផុត ព្រោះមនុស្សដែលមានចំណេះដឹង ប៉ុន្តែខ្វះសីលធម៌ អាចបង្កគ្រោះថ្នាក់ដល់សង្គម ខណៈមនុស្សដែលមានទាំងចំណេះដឹង និងសីលធម៌ នឹងក្លាយជាថាមពលវិជ្ជមានសម្រាប់ជាតិ។ តាមរយៈវេទិកាដ៏មានសារៈសំខាន់នេះ គឺជាសក្ខីភាពបង្ហាញពីការទទួលខុសត្រូវរួមក្នុងនាមយុវជនជាម្ចាស់អនាគតជាតិ និងការប្តេជ្ញាចិត្តក្នុងការកសាងមូលធនមនុស្សប្រកបដោយគុណភាព ស្របតាមទិសដៅអភិវឌ្ឍន៍កម្ពុជា ឆ្នាំ២០៣០ និងចក្ខុវិស័យក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

ជាអាទិភាពគន្លឹះទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មូលធនមនុស្ស ជាអាទិភាពគន្លឹះទីមួយ ក្នុងការជំរុញសេដ្ឋកិច្ចឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជាឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ពាក្យថា មូលធនមនុស្ស គឺសំដៅដល់កត្តារួមផ្សំចំនួន ៤យ៉ាងគឺ (១).មនុស្សមានចំណេះដឹង (២).មនុស្សមានចំណេះធ្វើឬបំណិន (៣).មនុស្សមានឥរិយាបថល្អ (សីលធម៌ក្នុងការរស់នៅ) និង(៤).មនុស្សមានសុខភាពល្អ។ ក្នុងនោះឥរិយាបថល្អរបស់មនុស្ស ឬសីលធម៌ល្អរបស់មនុស្ស ជាចំណុចសំខាន់មួយក្នុងចំណោម កត្តាទាំងបួននេះ ហើយមេរៀនរបស់ព្រះពុទ្ធគឺគោលការណ៍នៃសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងនោះការរៀនផ្នែកទ្រឹស្តីនិងការអនុវត្ត ជារឿងដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស ដើម្បីអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ពូកែទ្រឹស្តី បើមិនអនុវត្តតាមលទ្ធផលស្មើសូន្យ ពូកែអនុវត្តតាម ប៉ុន្តែបើគ្មានទ្រឹស្តីទេ ការអនុវត្តនោះអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល។ ដូច្នេះ សូមឱ្យមានទាំងទ្រឹស្តី មានទាំងការអនុវត្ត។

ប្រទេសកម្ពុជា បានកំណត់យកព្រះពុទ្ធសាសនាជាសាសនារដ្ឋ តាមរដ្ឋធម្មនុញ្ញ មាត្រា៤៣ ដែលបញ្ជាក់ពីតួនាទីសាសនាក្នុងការរក្សាសីលធម៌ និងអត្តសញ្ញាណជាតិ។ ព្រះធម៌បានរលាយជាសាច់ឈាមក្នុងជីវិតប្រជាជាតិខ្មែរ និងក្លាយជាមូលដ្ឋានសម្រាប់ការបណ្ដុះបណ្ដាលគុណធម៌ជំនាន់ក្រោយ។ ទោះបីជាយុវជនមួយចំនួនតូចបានដើរផ្លូវខុសដោយសារកត្តាផ្សេងៗរបស់សង្គម និងភាពខ្វះការណែនាំក៏ដោយ ការកែប្រែស្ថានភាពនេះត្រូវការសហការរវាងអាណាព្យាបាល សាលារៀន អាជ្ញាធរ និងវត្តអារាម ដើម្បីបណ្តុះបណ្តាលយុវជនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដ។ ការអប់រំយុវជនឱ្យមានចំណេះដឹង បំណិន និងសីលធម៌ គឺជាគ្រឹះសម្រាប់កសាងមូលធនមនុស្ស ដែលជាអាទិភាពគន្លឹះសម្រាប់អនាគតកម្ពុជា។ សាមគ្គីឯកភាពជាតិ មិនអាចកើតឡើងដោយពាក្យស្លោក ឬការអំពាវនាវតែប៉ុណ្ណោះទេ ប៉ុន្តែត្រូវកើតពីការចូលរួមសកម្មរបស់គ្រប់ភាគី បុគ្គល គ្រួសារ សាលារៀន សហគមន៍ អាជ្ញាធរដែនដី និងសង្គមទាំងមូល ក្នុងការលើកកម្ពស់គុណធម៌ សីលធម៌ និងការអនុវត្តធម៌ជាក់ស្តែង។ យុវជនកម្ពុជាត្រូវត្រៀមខ្លួនឱ្យក្លាយជាគ្រាប់ពេជ្រ ប្រកបដោយបញ្ញា មានសុចរិតភាព និងមានស្មារតីទទួលខុសត្រូវចំពោះសង្គម។ប្រសិនបើយើងអាចបំលែងសាសនៈវចនៈឱ្យក្លាយជាវប្បធម៌នៃការរស់នៅ នោះសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាព នឹងត្រូវបានធានាសម្រាប់ប្រទេសជាតិយើង ទាំងសម្រាប់ឆ្នាំ២០៣០ ឆ្នាំ២០៥០ និងជំនាន់បន្ទាប់ៗទៅ។