វេទិកាសាធារណៈស្តីពី “ថវិកាអប់រំប្រចាំឆ្នាំ២០២៥” និងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី “រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិត បឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) របស់កម្ពុជា”
ក្រសួងអប់រំ យុវជន និងកីទ្បា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៥ បានរៀបចំវេទិកាសាធារណៈស្តីពី “ថវិកាអប់រំប្រចាំឆ្នាំ២០២៥” និងពិធីផ្សព្វផ្សាយរបាយការណ៍ថ្នាក់ជាតិស្តីពី “រង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សកម្រិត បឋមសិក្សា នៅតំបន់អាស៊ីអាគ្នេយ៍ ឆ្នាំ២០២៤ (SEA-PLM 2024) របស់កម្ពុជា” ក្រោមអធិបតីភាដ៏ខ្ពង់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា។
គោលបំណងក្នុងថ្ងៃនេះ គឺចង់បង្ហាញអំពីវឌ្ឍនភាពនៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអប់រំ យុវជន និងកីឡា និងបុគ្គលិកអប់រំគ្រប់ជាន់ថ្នាក់ ក្នុងការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ដំណាក់កាលទី ៤ ដែលជាកំណែទម្រង់ឆ្អឹងខ្នងមួយ សម្រាប់គាំទ្រដល់កំណែទម្រង់ អប់រំដទៃទៀត ដោយហេតុថាកំណែទម្រង់វិស័យអប់រំមិនអាចអនុវត្តទៅបានរលូន និងជោគជ័យ នោះទេ ប្រសិនបើមិនមានការគាំទ្រពីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាពិសេស នៅក្នុងការអនុវត្តសកម្មភាពកែទម្រង់នានារបស់វិស័យអប់រំ យុវជន និងកីឡា ឆ្ពោះទៅសម្រេច បានការអភិវឌ្ឍមូលធនមនុស្ស ដូចមានបញ្ជាក់នៅក្នុងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ ចក្ខុវិស័យវែងឆ្ងាយ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា។
ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកទ្បើងថាវេទិកានៅថ្ងៃនេះគឺជាឆ្នាំទី២ និងជាព្រឹត្តិការណ៍ប្រចាំឆ្នាំដ៏មានសារៈសំខាន់មួយដែល ផ្តល់ឱកាសឱ្យថ្នាក់ដឹកនាំ ដៃគូអភិវឌ្ឍ បុគ្គលិកអប់រំ និងសាធារណជនបានជ្រាបអំពី វឌ្ឍនភាព និងសមិទ្ធផលនៃការអនុវត្តកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីកំណែ ទម្រង់អប់រំដទៃទៀត ជាពិសេសការប្រើប្រាស់កញ្ចប់ថវិកាប្រចាំឆ្នាំ ២០២៥ ដើម្បីគាំទ្រដល់ការ អនុវត្ត និងការសម្រេចបានសមិទ្ធផលអប់រំ ទាំងផ្នែកបរិមាណ ទាំងផ្នែកគុណវិស័យ ដែលនៅថ្ងៃ នេះក្រសួងអប់រំ យុវជន និងកីឡាក៏នឹងប្រកាសជាផ្លូវការផងដែរ នូវលទ្ធផលនៃការសិក្សារបស់ សិស្សកម្ពុជា នៅក្នុងកម្មវិធីរង្វាយតម្លៃលទ្ធផលសិក្សារបស់សិស្សថ្នាក់ទី ៥ កម្រិតតំបន់ ឆ្នាំ ២០២៤ (SEA-PLM 2024)។
ក្នុងឱកាសនេះឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន សូមគូសរំលេចជូនអង្គពិធីនូវសមិទ្ធផលសំខាន់ៗ នៃកម្មវិធីកែទម្រង់ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្នុងវិស័យអប់រំ យុវជន និងកីឡា ជាពិសេសថវិកាអប់រំឆ្នាំ ២០២៥ ដែលមានខ្លឹមសារសង្ខេប ដូចខាងក្រោម៖
១ ក្នុងរយៈពេល ១ទសវត្សចុងក្រោយនេះ ថវិកាវិស័យអប់រំ យុវជន និងកីឡា ត្រូវបាន បង្កើនរហូតដល់ជាង ៣ ដង។
២ គណនេយ្យភាពហិរញ្ញវត្ថុ ត្រូវបានកែលម្អកាន់តែប្រសើរឡើង តាមរយៈការដាក់ឲ្យអនុវត្ត ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន សម្រាប់ជួយដល់ការអនុវត្តថវិកា ការផលិតរបាយការណ៍ ហិរញ្ញវត្ថុបានទាន់ពេលវេលា និងតាមដានការអនុវត្តថវិកាជាប្រចាំ។
៣ ក្រសួងបានរៀបចំចុះកិច្ចព្រមព្រៀងសមិទ្ធកម្ម (កម្រិត១) ជាមួយក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង (កម្រិត២) រវាងប្រធានកម្មវិធីទាំង ៥ ជាមួយរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង (កម្រិត៣) រវាងប្រធានកម្មវិធីជាមួយ និងអនុកម្មវិធី។
៤ ក្រសួងបានពង្រឹងយន្តការពិនិត្យតាមដាននិងវាយតម្លៃ ដោយបានរៀបចំរបាយការណ៍ សមិទ្ធកម្ម ប្រចាំត្រីមាស និងប្រចាំឆ្នាំ ជាទៀងទាត់។
៥ ក្រសួងបានរៀបចំបោះពុម្ព និងចែកផ្សាយជាសាធារណៈនូវសៀវភៅថវិកាពលរដ្ឋ ជា ពិសេស នៅថ្ងៃនេះក្រសួងបាន និងកំពុងរៀបចំវេទិកាសាធារណៈ ស្តីពី “ថវិកាអប់រំប្រចាំ ឆ្នាំ២០២៥”ស្របតាមផែនការសកម្មភាពរបស់កម្មវិធីកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ។ នៅក្នុងឆ្នាំ ២០២៥ កញ្ចប់ថវិការបស់ក្រសួងអប់រំ យុវជន និងកីឡាមានចំនួន ៤,០០៨ ពាន់លានរៀល (ស្មើនឹង១៦.៨% ធៀបនឹងចំណាយចរន្តថ្នាក់ជាតិ) ក្នុងនោះ ៧៩.៦% លើបន្ទុកបុគ្គលិក និងប្រមាណ ២០.៤% ក្រៅបន្ទុកបុគ្គលិក។ ទន្ទឹមនេះ ក្រសួងបានផ្ទេរថវិកាទៅរដ្ឋបាលក្រុង ស្រុក ខណ្ឌ ដែលមានឥណទានសរុប ១,៨៤៥ ពាន់លានរៀលស្មើនឹង ៤៦% នៃឥណទានចំណាយចរន្តសរុប ក្នុងនោះបន្ទុកបុគ្គលិកចំនួន ១,៧៣១ ពាន់លានរៀល និង ក្រៅបន្ទុកបុគ្គលិកចំនួន ១០៤ ពាន់លានរៀល៕



