វេទិកាយុវវ័យ ស្តីពី «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត» នឹងក្លាយ ជាឧបករណ៍សម្រាប់ត្រួសត្រាយជីវិតរបស់ខ្លួនឱ្យបានប្រើសើរនិងក្លាយជាគ្រាប់ពេជ្រសម្រាប់ប្រទេសជាតិយើង ពិសេសប្រជាសកលឆ្នាំ២០៥០
រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃច័ន្ទ ១ កើត ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ពស ២៥៦៩ ត្រូវនឹងថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៦ នាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្ដិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា សហការជាមួយសមាគមអប់រំសីលធម៌អន្ដរជំនាន់ ពុទ្ធិកសមាគមកម្ពុជរដ្ឋ ក្រុមកាយរឹទ្ធិរៀមច្បងរាជធានីភ្នំពេញ បានរៀបចំវេទិកា ស្ដីពី «ពិពិធកម្មសាសនោវាទ ដើម្បីនិម្មាបនកម្មវដ្ដជីវិត»ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ហ៊ឺ វិរៈ ប្រធាននាយកដ្ឋានជំរុញ ចលនាវប្បធម៌ សាសនា និងប្រវត្ដិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជា លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន តំណាងលោក ហែម ស៉ីណារ៉េត ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ដែលមានការចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា នៃនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្ដិសាស្ដ្រ សាស្ដ្រាចារ្យ និងសិស្ស ប្រមាណជាង ២៥០រូប។
ឯកឧត្តម ឈួរ សុបញ្ញា អនុប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្ដិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា ការរៀបចំវេទិកាដ៏មានសារៈសំខាន់នេះឡើង ដែលនេះជាសក្ខីភាពបង្ហាញឱ្យឃើញពីសកម្មភាពទទួលខុសត្រូវក្នុងនាមជាម្ចាស់នៃប្រទេសនិងធានាដល់ការចូលរួមចំណែកកសាងធនធានមនុស្ស លើកកម្ពស់វិស័យវប្បធម៌ សាសនា និងសីលធម៌សង្គម តាមរយៈការផ្ដល់ចំណេះដឹងដល់យុវជនខាងផ្នែកផ្លូវចិត្ត និងស្មារតី ដោយយកខ្លឹមសារមេរៀនរបស់ព្រះពុទ្ធមកធ្វើជាយន្តការបន្ថែមលើការសិក្សារៀនសូត្រ និងប្រតិបត្ដិក្នុងជីវិតរស់នៅប្រចាំថ្ងៃ និងគោលបំណងសំខាន់ចំនួន ៣ ធំៗ គឺ៖ (១).បង្កើនការយល់ដឹងអំពីទស្សទានពុទ្ធសាសនាក្នុងការរួមចំណែកអភិវឌ្ឍមូលធនមនុស្សស្របតាម គោលនយោបាយ និងផែនការយុទ្ធសាស្រ្ដរបស់រាជរដ្ឋាភិបាលកម្ពុជា។ (២).លើកកម្ពស់ការយល់ដឹងអំពីអត្តសញ្ញាណពុទ្ធសាសនាខ្មែររួមមាន៖ សាសនបុគ្គល សាសនពិធី សាសនោវាទនិងការបដិបត្ដិ ដើម្បីជម្រុញការចូលរួមអភិរក្សសម្រាប់មនុស្សជាតិគ្រប់ជំនាន់។ (៣).ចែករំលែកនូវទ្រឹស្ដីបថពុទ្ធសាសនាផ្សារភ្ជាប់នឹងជីវិតរស់នៅប្រចាំថ្ងៃសម្រាប់យុវជន ដើម្បីប្រើប្រាស់ មធ្យោបាយក្នុងការកសាងជីវិតរស់នៅប្រកបដោយសេចក្ដីថ្លៃថ្នូរក្នុងសង្គម។
ឯកឧត្តម ហ៉ឺ វិរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្ដិសាស្ដ្រ នៃសហភាពសហព័ន្ធយុវជនកម្ពុជាបានមានប្រសាសន៍ថា ពិពិធកម្មសាសនោវាទ គឺជាការបំលែងព្រះធម៌ពីគោលការណ៍អរូបី ឱ្យក្លាយជាសកម្មភាពជាក់ស្តែងក្នុងជីវិតប្រចាំថ្ងៃ។ វាមិនមែនជាការសិក្សាព្រះធម៌ដើម្បីដឹងតែទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែជាការយកធម៌មកអនុវត្ត ដើម្បីកែប្រែគំនិត អាកប្បកិរិយា និងរបៀបរស់នៅឱ្យស្របតាមគុណធម៌ សីលធម៌ និងសមធម៌។ ក្នុងន័យនេះ ពិពិធកម្មសាសនោវាទ គឺជាឧបករណ៍ដ៏សំខាន់សម្រាប់ និម្មាបនកម្មវដ្ដជីវិត របស់មនុស្ស និងសង្គមទាំងមូល។ ជាអាទិភាពគន្លឹះទីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា មូលធនមនុស្ស ជាអាទិភាពគន្លឹះទីមួយ ក្នុងការជំរុញសេដ្ឋកិច្ចឱ្យសម្រេចបាននូវគោលដៅរបស់កម្ពុជាឆ្នាំ២០៣០ និងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ពាក្យថា មូលធនមនុស្ស គឺសំដៅដល់កត្តារួមផ្សំចំនួន ៤យ៉ាងគឺ (១).មនុស្សមានចំណេះដឹង (២).មនុស្សមានចំណេះធ្វើឬបំណិន (៣).មនុស្សមានឥរិយាបថល្អ (សីលធម៌ក្នុងការរស់នៅ) និង(៤).មនុស្សមានសុខភាពល្អ។ ក្នុងនោះឥរិយាបថល្អរបស់មនុស្ស ឬសីលធម៌ល្អរបស់មនុស្ស ជាចំណុចសំខាន់មួយក្នុងចំណោម កត្តាទាំងបួននេះ ហើយមេរៀនរបស់ព្រះពុទ្ធគឺគោលការណ៍នៃសីលធម៌ក្នុងការរស់នៅប្រចាំថ្ងៃ។ ក្នុងនោះការរៀនផ្នែកទ្រឹស្តីនិងការអនុវត្ត ជារឿងដ៏សំខាន់ក្នុងការកសាងមូលធនមនុស្ស ដើម្បីអភិវឌ្ឍសង្គមប្រកបដោយចីរភាព។ ពូកែទ្រឹស្តី បើមិនអនុវត្តតាមលទ្ធផលស្មើសូន្យ ពូកែអនុវត្តតាម ប៉ុន្តែបើគ្មានទ្រឹស្តីទេ ការអនុវត្តនោះអាចបង្កគ្រោះថ្នាក់បានគ្រប់ពេល។ ដូច្នេះ សូមឱ្យមានទាំងទ្រឹស្តី មានទាំងការអនុវត្ត។
លោក ង៉ែត ចាន់សុខ ប្រធានការិយាល័យយុវជន មានប្រសាសន៍ថា ប្រទេសកម្ពុជាយើងបានកំណត់យក ព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ ដែលមានចែងទុកក្នុងច្បាប់រដ្ឋធម្មនុញ្ញ ត្រង់មាត្រាទី៤៣។ព្រះពុទ្ធសាសនារបស់ប្រទេកម្ពុជាយើង ទុកដូចជាអង្គការរបស់រដ្ឋ ដែលបានរៀបចំឱ្យមានរបៀបរបបគ្រប់គ្រងឋិតនៅក្រោមព្រះរាជូបត្ថម្ភរបស់ព្រះមហាក្សត្រ ជាព្រះពុទ្ធសាសនិក និងឋិតនៅក្នុងការគ្រប់គ្រងនៃរាជរដ្ឋាភិបាល ដែលមានក្រសួងធម្មការនិងសាសនាជាសេនាធិការ ព្រោះថាព្រះពុទ្ធសាសនានៅប្រទេសខ្មែរយើង បានក្លាយជាទំនៀមទម្លាប់ប្រទេស រលាយជាសាច់ ជាឈាម ប្រជាជាតិទាំងមូលទៅហើយ ឥតមានអ្នកណាមួយ ឬសាសនាណាមួយ អាចចូលមកជំនួសបានឡើយ ពិសេសបានក្លាយជាទីកន្លែងសម្រាប់ ព្យាបាលនូវរោគសម្រាប់ជីវិតមនុស្សក្នុងសង្គមខ្មែរតាមរយៈពុទ្ធោវាទនិងដំណើរនៃសាសនពិធីផ្សេងៗ។
ព្រះសិរីកោសល សុំ សុខា ព្រះប្រធានពុទ្ធិកៈសមាគមកម្ពុជរដ្ឋមានថេរដិកាថា សង្គមជាតិយើង ត្រូវការមូលធនមនុស្សជាកត្តាចាំបាច់ ដើម្បីដើរឱ្យទាន់សម័យសាកលភាវូបនីយកម្ម និងការអភិវឌ្ឍប្រកបដោយចីរភាពក្នុងតំបន់និងពិភពលោកទាំងមូល។ មួយរយៈកាលកន្លងមក យើងឃើញថា យុវជនមួយចំនួនតូចបានដើរផ្លូវខុស ប្រព្រឹត្តអំពើអសីលធម៌តាមទីសាធារណៈ មានការដេញកាប់ចាក់គ្នា ឬប្រព្រឹត្តអំពើហិង្សាជាដើម ដែលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបាត់បង់កិត្តយសជាតិ។ យើងក៏មិនបន្ទោសយុវជនទាំងនោះដែរ ព្រោះតែភាពក្មេងវ័យ ឈាមរាវ មិនទាន់មានការគិតវែងឆ្ងាយ ទើបដើរផ្លូវខុស។ សកម្មភាពខុសឆ្គងរបស់ក្មេង មិនមែនជាកំហុសទេ អ្វីដែលជាកំហុសពិតប្រាកដ គឺយើងគ្រប់គ្នាមិនបានយកចិត្តទុកដាក់ក្នុងការអប់រំពួកគាត់ឱ្យបានគ្រប់ជ្រុងជ្រោយ។ អ្នកដែលត្រូវទទួលខុសត្រូវចំពោះជោគវាសនយុវជនបន្តវេនគឺ អាណាព្យាបាល អាជ្ញាធរមានសមត្ថកិច្ច សាលារៀន (ក្រសួងអប់រំ) និងវត្តអារាម (ក្រសួងធម្មការនិងសាសនា) ដែលភាគីទាំងបួននេះ ត្រូវសហការគ្នាឱ្យបាល្អ ទើបអាចបណ្តុះយុវជនឱ្យក្លាយជាមូលធនមនុស្សពិតប្រាកដសម្រាប់សង្គមជាតិបាន។
ឯកឧត្តម ឈួរ សុបញ្ញាបន្តថា តាមរយៈខ្លឹមសារនៃវេទិកានេះអាចឱ្យអ្នកចូលរួម ទទួលចំណេះដឹងអំពីសក្ដានុពលនៃពុទ្ធសាសនោវាទក្នុងការបំពេញតួនាទីរួមចំណែកអភិវឌ្ឍមូលធនមនុស្ស ការអភិរក្ស និងលើកតម្កើងអត្ដសញ្ញាណជាតិ និងចូលរួមយ៉ាងសកម្មក្នុងការស្វែងយល់ ផ្សព្វផ្សាយពុទ្ធសាសនោវាទ និងក្បួនខ្នាតនៃទំនៀមខ្មែរ សម្រាប់ជីវិតរស់នៅប្រចាំថ្ងៃប្រកបដោយសេចក្ដីសុខរមនា។



