វេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន ២០២៥ ក្លាយជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន
ភ្នំពេញ– រដ្ឋមន្រ្តីក្រសួងអធិការកិច្ច ចាត់ទុកវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន ២០២៥ ជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសការផ្លាស់ប្តូរវប្បធម៌រវាងយុវជន និងការស្វែងរកឱកាសធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ។
ការគូសបញ្ជាក់នេះ ត្រូវបាន ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងអធិការកិច្ច និងជាអនុប្រធានក្រុមប្រឹក្សាភិបាលផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន លើកឡើងនៅក្នុងពិធីបើកវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន “ផ្លូវសូត្រផ្សារភ្ជាប់ប្រជាជននិងប្រជាជន” ឆ្នាំ២០២៥ ក្រោមមូលបទ «មិត្តភាពដ៏រឹងមាំគ្រប់រដូវកាល ផ្សារភ្ជាប់បេះដូងប្រជាជន និងប្រជាជន» ក្រោមអធិបតីភាព ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការចូលរួមពីថ្នាក់ដឹកនាំកម្ពុជា-ចិន សហគ្រិន អ្នកវិនិយោគ និស្សិត និងបណ្ដាស្ថាប័នរដ្ឋនិងឯកជនជាច្រើនរូប នៅសណ្ឋាគារ ហៃយ៉ាត់ រីជេនស៊ីភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៥នេះ។
ថ្លែងក្នុងវេទិកាដ៏មានសារៈសំខាន់នេះ ឯកឧត្តមអនុប្រធានក្រុមប្រឹក្សាភិបាល បានរំលេចពីសារៈសំខាន់នៃវេទិកាផ្លាស់ប្ដូរមិត្តភាពកម្ពុជា-ចិន ២០២៥ ដែលជាកម្លាំងចលករដ៏សំខាន់ក្នុងការជំរុញ និងលើកកម្ពស់ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសការផ្លាស់ប្តូរវប្បធម៌រវាងយុវជន និងការស្វែងរកឱកាសធុរកិច្ចរវាងសហគ្រិនវ័យក្មេងនៃប្រទេសទាំងពីរ សំដៅចូលរួមជាមួយរដ្ឋាភិបាលដើម្បីសម្រេចបាននូវការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ្គសម័យថ្មី។
ឯកឧត្តមអនុប្រធានក្រុមប្រឹក្សាភិបាល ក៏បានលើកឡើងអំពីចំណងមិត្តភាពរវាងកម្ពុជា-ចិនដែលត្រូវបានបន្តពូនជ្រំយ៉ាងយកចិត្តទុកដាក់ដោយថ្នាក់ដឹកនាំគ្រប់ជំនាន់នៃប្រទេសទាំងពីរ និងក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តមប្រធានាធិបតី ស៊ី ជីនពីង ក្នុងការប្តេជ្ញាចិត្តឥតងាករេចំពោះ ទំនាក់ទំនងមិត្តភាពដែកថែបកម្ពុជា-ចិន ការពង្រឹងនិងធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះរវាងប្រទេសទាំងពីរ។
ឆ្លៀតក្នុងឱកាសនេះផងដែរឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនចិនចំពោះការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជាជាពិសេសកិច្ចសហប្រតិបត្តិការលើហេដ្ឋារចនាសម្ព័ន្ធធំៗដូចជា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរជាដើម និងបានលើកយកសុភាសិតចិនចំនួនពីរឃ្លាមកឆ្លុះបញ្ចាំងពីទំនាក់ទំនងដ៏ល្អជ្រាលជ្រៅនេះ គឺ “ផ្លូវឆ្ងាយទើបដឹងកំលាំងសេះ ការប្រាស្រ័យទាក់ទងគ្នាយូរទើបយល់ពីចិត្តមនុស្ស” និង “ដំណើរតែឯងលឿន ប៉ុន្តែដំណើររួមគ្នាទើបបានឆ្ងាយ”។
ឯកឧត្ដម សុខ សូកេន បានគូសបញ្ជាក់នូវការប្ដេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងក្រុមការងារនៃផ្ទះយុវជនទាំងអស់ក្នុងការចូលរួមកសាងសហគមន៍ជោគវាសនារួមចិន-កម្ពុជា ក្នុងយុគសម័យថ្មី និងការអនុវត្តយន្តការកិច្ចសហប្រតិបត្តិការនានាដូចជា កិច្ចសហប្រតិបត្តិការត្បូងពេជ្រ ច្រករបៀងមច្ឆានិងអង្ករ ច្រករបៀងឧស្សាហកម្មនិងបច្ចេកវិទ្យាជាដើម។
គួរបញ្ជាក់ថា ក្នុងរយៈពេល៦៧ឆ្នាំនេះ ចំណងការទូត និងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំងពីរត្រូវបានបន្តពូនជ្រំនៅគ្រប់កម្រិត និងយន្តការទាំងសភា រដ្ឋាភិបាល សង្គមស៊ីវិល និងប្រជាជន ហើយមានការលូតលាស់ស្ទើរគ្រប់វិស័យរួមមាន៖ នយោបាយ, ពាណិជ្ជកម្ម និងវិនិយោគ, ការពារជាតិ និងសន្តិសុខ, ការផ្លាស់ប្តូរ ប្រជាជននិងប្រជាជន, វប្បធម៌, ការអប់រំ, សុខាភិបាល និងបច្ចេកវិទ្យា ព្រមទាំងកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ហាតំបន់ និងសកលលោកជាច្រើនទៀត។ វត្តមានរបស់លោក ហឺ វុយមីង និងគណៈប្រតិភូចិន នាពេលនេះ គឺបានឆ្លុះបញ្ជាំងពីការបន្តពង្រឹងនូវ ទំនាក់ទំនងមិត្តភាពដែកថែបរវាងកម្ពុជា និងចិន ព្រមទាំងចូលរួមជំរុញ និងអនុវត្តការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន គ្រប់រដូវកាល ក្នុងយុគ-សម័យថ្មី៕



