ឯកឧត្តម ឧត្តមសេនីយ៍ឯកបម្រុង ង្វៀន វ៉ាន់ឡុង អនុរដ្ឋមន្ត្រីក្រសួងនគរបាល នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងលទ្ធផលរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ព្រមទាំងបង្ហាញការជឿជាក់លើការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
ការលើកឡើងនេះធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី នារសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលវសនាការរបស់ឯកឧត្តមសន្តិបណ្ឌិត នៃអគារមិត្តភាព ទីស្ដីការគណៈរដ្ឋមន្ត្រី។ ឯកឧត្តម ង្វៀន វ៉ាន់ឡុង បានដឹកនាំគណៈប្រតិភូវៀតណាម មកចូលរួមសន្និសីទអន្តរជាតិ ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងជំនួបនេះ ឯកឧត្តម ង្វៀន វ៉ាន់ឡុង បានថ្លែងអំណរគុណចំពោះឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលបានផ្ដល់កិត្តិយសឱ្យគណៈប្រតិភូក្រសួងនគរបាលវៀតណាម ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមបានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងក្រសួងនគរបាលវៀតណាម និងក្រសួងមហាផ្ទៃកម្ពុជា ជាពិសេសជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ កន្លងមក ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។
ឯកឧត្តមអនុរដ្ឋមន្ត្រីបានលើកឡើងថា ភាគីទាំងពីរបានអនុវត្តយ៉ាងម៉ឺងម៉ាត់ និងមានការឯកភាពគ្នារវាងថ្នាក់ដឹកនាំបក្ស និងរដ្ឋនៃប្រទេសទាំងពីរ ក្នុងការធានាសន្តិសុខ និងសុវត្ថិភាពសង្គម។ វៀតណាមមានជំនឿលើរាជរដ្ឋាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ប្រភេទ ជាពិសេសបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា ហើយរំពឹងថា កម្ពុជានឹងបន្តទទួលបានលទ្ធផលវិជ្ជមានបន្ថែមទៀតនាពេលខាងមុខ។
ជាការឆ្លើយតប ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានបង្ហាញការពេញចិត្តចំពោះលទ្ធផលនៃកិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជា-វៀតណាម នាពេលកន្លងមក ទាំងលើការងារសន្តិសុខ ការពារជាតិ និងវិស័យសេដ្ឋកិច្ច។ ឯកឧត្តមបានបញ្ជាក់ថា កម្ពុជាមានមោទនភាព និងចូលរួមអបអរសាទរចំពោះការរីកចម្រើនរបស់វៀតណាម ខណៈការអភិវឌ្ឍរបស់ប្រទេសទាំងពីរ បានរួមចំណែកដល់ការរីកចម្រើនទៅវិញទៅមក។
ពាក់ព័ន្ធនឹងសន្និសីទអន្តរជាតិ ដែលចាប់ផ្ដើមនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានឱ្យដឹងថា សន្និសីទនេះមានការចូលរួមពីបណ្ដាប្រទេសនៅតំបន់ផ្សេងៗ និងអង្គការអន្តរជាតិធំៗ រួមមាន Interpol, FBI, UNODC-ROSEAP និងមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការសន្តិសុខ និងសមាហរណកម្មអនុវត្តច្បាប់មេគង្គ-ឡាងឆាង ជាដើម។
ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានលើកឡើងថា បទពិសោធន៍ក្នុងរយៈពេលជាង១ឆ្នាំនៃការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បានបង្ហាញថា ការប្រយុទ្ធប្រឆាំងបទល្មើស Online Scams មិនអាចធ្វើដោយប្រទេសណាមួយតែឯងបានជោគជ័យនោះទេ ប៉ុន្តែត្រូវការកិច្ចសហប្រតិបត្តិការអន្តរជាតិ ព្រោះបទល្មើសនេះមានការរៀបចំ និងចាត់តាំងក្នុងកម្រិតសកល។
ក្នុងន័យនេះ ឯកឧត្តមសន្តិបណ្ឌិត បានស្នើឱ្យភាគីវៀតណាមចូលរួមផ្ដល់យោបល់ និងចែករំលែកបទពិសោធន៍នៅក្នុងសន្និសីទ ដើម្បីរួមគ្នាស្វែងរកល្បិចកល បទពិសោធន៍ និងទិសដៅអនុវត្តបន្ត ក្នុងការប្រយុទ្ធប្រឆាំងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា។ ឯកឧត្តមសង្ឃឹមថា សន្និសីទរយៈពេលមួយថ្ងៃកន្លះ នឹងទទួលបានលទ្ធផលជាផ្លែផ្កា ខណៈកម្ពុជាបានបង្ក្រាបទីតាំងមជ្ឈមណ្ឌលធំៗជាច្រើន។
ជាមួយគ្នានេះ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ក៏បានថ្លែងអំណរគុណដល់ភាគីវៀតណាម ចំពោះគម្រោងជួយសាងសង់មជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀននៅខេត្តស្វាយរៀង។ ឯកឧត្តមបានកោតសរសើរចំពោះគំរូនៃការគ្រប់គ្រងមជ្ឈមណ្ឌលព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀនរបស់វៀតណាម ដែលកម្ពុជានឹងយកមកអនុវត្តលើការងារព្យាបាល និងស្តារនីតិសម្បទាអ្នកញៀនគ្រឿងញៀន៕



