វៀតណាមផ្ញើសារ SMS ឲ្យពលរដ្ឋខ្លួនប្រុងប្រយ័ត្នខ្ពស់នឹងព្យុះ ត្រូពិចប្រភេទថ្មីឈ្មោះ Wipha (វីផា)ដែលមានល្បឿនខ្យល់ អតិបរមា១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង

វៀតណាមបានត្រៀមខ្លួនជាស្រេចសម្រាប់ការមកដល់របស់ព្យុះវីផា ខណៈដែលបណ្ដាខេត្តតាមតំបន់ឆ្នេរសមុទ្រមួយចំនួនត្រូវបានដាក់ក្នុងស្ថានភាពប្រកាសអាសន្ន ហើយក្រុមហ៊ុនអាកាសចរណ៍ក៏បានលុបចោលជើងហោះហើរមុននឹងព្យុះនេះចូលដល់ដែរនៅថ្ងៃអង្គារនេះ។ ព្យុះនេះត្រូវបានគេព្យាករណ៍ថានឹងនាំមកនូវខ្យល់ខ្លាំង និងភ្លៀងធ្លាក់ច្រើន ដែលអាចបង្កគ្រោះថ្នាក់និងទឹកជំនន់ភ្លាមៗហើយបណ្តាលឲ្យមានការបាក់ដីនៅតំបន់ភ្នំភាគខាងជើងនៃប្រទេសវៀតណាមផងដែរ។ ជាងនេះទៅទៀត វាក៏អាចបង្កជាទឹកជំនន់នៅទីក្រុងនានា ជាពិសេសគឺរដ្ឋធានីហាណូយ។ យ៉ាងណាមិញនាយករដ្ឋមន្រ្តីវៀតណាម លោក Pham Minh Chinh បានបញ្ជាឲ្យទូកនេសាទ កប៉ាល់ដឹកទំនិញ និងទូកទេសចរទាំងអស់ត្រលប់មកកំពង់ផែវិញជាបន្ទាន់ ហើយអំពាវនាវឲ្យប្រជាជននៅតាមតំបន់ដែលមានហានិភ័យខ្ពស់ត្រូវចាកចេញពីទីលំនៅបណ្តោះអាសន្នសិន។ យោងតាមសេចក្តីជូនដំណឹងគ្រោះមហន្តរាយធម្មជាតិនេះ ត្រូវបានផ្ញើជាសារ SMS ទៅឲ្យប្រជាជនរាប់លាននាក់ក្នុងប្រទេសវៀតណាម។ អ្នកព្យាករណ៍អាកាសធាតុបានប្រកាសថា៖ ព្យុះវីផានឹងចូលដល់ទឹកដីរវាងខេត្ត Hai Phong និងខេត្ត Thanh Hoa នៅថ្ងៃអង្គារនេះ ក្នុងល្បឿនខ្យល់អតិបរមាដល់ទៅ១៦៦ គីឡូម៉ែត្រក្នុងមួយម៉ោង។ គួរបញ្ជាក់ដែរថាវៀតណាមមិនមែនជាប្រទេសដែលមិនធ្លាប់ជួបនឹងព្យុះឥទ្ឋិពលត្រូពិចអាក្រក់នោះទេ។ ប៉ុន្តែអ្នកជំនាញអាកាសធាតុបាននិយាយថា៖ ព្យុះប្រភេទដូច វិផា នេះគឺមានឥទ្ធិពលកាន់តែខ្លាំងឡើងដោយសារទឹកសមុទ្រកើនកម្ដៅហើយបានផ្តល់ថាមពលច្រើនជាងមុនសម្រាប់បង្កើតជាព្យុះ ហើយនេះក៏ជាហេតុផលដែលបណ្ដាលឲ្យវាមានល្បឿនខ្យល់ខ្លាំងជាងមុន និងភ្លៀងធ្លាក់ច្រើនជាងមុនដែរ។ គួររំលឹកកាលពីឆ្នាំមុនព្យុះយ៉ាគី (Yagi) បានសម្លាប់មនុស្សប្រហែល ៣០០ នាក់ និងបង្កការខូចខាតក្នុងទំហំទឹកប្រាក់ ៣.៣ ប៊ីលានដុល្លារ បណ្តាលឲ្យកំណើនសេដ្ឋកិច្ច (GDP) វៀតណាមធ្លាក់ចុះ ០.១៥ %ថែមទៀតផង៕

សម្រួលអត្ថបទ៖ ឡុង បញ្ញា