វៀតណាមប្រារព្ធខួប៨០ឆ្នាំជាមួយក្បួនដង្ហែរទ័ពអាកាស-ក្បួនយោធារបស់ខ្លួនដ៏ធំសម្បើមមិនធ្លាប់មានទៅកាន់ពិភពលោក! ខណៈក្បួនទ័ពកម្ពុជាត្រូវដង្ហែរជាកិត្តិយស

នៅថ្ងៃនេះប្រទេសវៀតណាមបានប្រារព្ធទិវាជាតិរបស់ខ្លួនជាមួយនឹងការបង្ហាញដង្ហែក្បួនយោធាដ៏ធំបំផុតមិនធ្លាប់មានក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។ កម្មវិធីដ៏អស្ចារ្យនេះមានមនុស្សរាប់ពាន់នាក់បានជួបជុំគ្នានៅតាមដងផ្លូវនៃរដ្ឋធានីហាណូយ បន្ទាប់ពីមនុស្សជាច្រើននាក់បានបោះជំរុំពេញមួយយប់មិញនេះ ដើម្បីរង់ចាំទស្សនាការតាំងពិពណ៌ក្បួនយោធាដ៏ធំដើម្បីរំលឹកខួប៨០ឆ្នាំនៃឯករាជ្យភាពរបស់វៀតណាម។ ក្បួនដង្ហែនេះបានលាតត្រដាងនៅទីលាន Ba Dinh ជាកន្លែងដែលមេដឹកនាំបដិវត្តន៍ហូជីមិញបានប្រកាសឯករាជ្យរបស់ខ្លួនពីការគ្រប់គ្រងអាណានិគមបារាំងនៅថ្ងៃទី២ខែកញ្ញា ឆ្នាំ ១៩៤៥។ សូមបញ្ជាក់ថាការប្រយុទ្ធគ្នាបានចាប់ផ្តើមឡើងវិញភ្លាមៗ បន្ទាប់ពីកងកម្លាំងវៀតណាមបានប្រយុទ្ធជាមួយបារាំងនៅក្នុងសង្គ្រាមឥណ្ឌូចិនលើកទីមួយ ដែលបានបញ្ចប់នៅឆ្នាំ ១៩៤៥ នៅពេលដែលប្រទេសនេះត្រូវបានបែងចែកទៅជាកុម្មុយនិស្តខាងជើង និងខាងត្បូងដែលគាំទ្រដោយសហរដ្ឋអាមេរិក។ សង្រ្គាមវៀតណាមបានកើតឡើងបន្ទាប់ពីពួកកុម្មុយនិស្តខាងជើងបានប្រយុទ្ធជាមួយពួកខាងត្បូងនិងសម្ព័ន្ធមិត្តរបស់អាមេរិក។ ជម្លោះនោះបានបញ្ចប់នៅពេលដែលកងកម្លាំងកុម្មុយនិស្តបានកាន់កាប់ទីក្រុង Saigon នៅថ្ងៃទី ៣០ខែមេសា ឆ្នាំ១៩៧៥ ហើយប្រទេសនេះត្រូវបានបង្រួបបង្រួមឡើងវិញ។ មេដឹកនាំកំពូលរបស់វៀតណាម គឺអគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក To Lam បានគោរពវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ក្នុងការតស៊ូទាមទារឯករាជ្យភាព និងបានរំលឹកឡើងវិញនូវគោលដៅរបស់បក្សកាន់អំណាចថា នៅឆ្នាំ២០៤៥ ខាងមុខវៀតណាមនឹងក្លាយជា “ប្រជាជាតិដ៏មានឥទ្ធិពល វិបុលភាព និងសុភមង្គល”។ ក្បួនកងទ័ពបានដើរកាត់រួមមានទាំងក្បួនរថក្រោះ រថពាសដែក និងប្រព័ន្ធកាំជ្រួចផ្លោង។ មិនតែប៉ុណ្ណោះមានឧទ្ធម្ភាគចក្របានហោះពីលើអាកាសតាមពីក្រោយទង់ជាតិវៀតណាមដ៏ធំសម្បើម អមដោយយន្តហោះនានា ខណៈក្រុមយោធាមួយក្រុមទៀតបានសម្តែងក្បាច់គុននៅខាងក្រោម។ ក្រុមមន្ត្រីបាននិយាយថាមានទាហានចូលរួមជិត ១៦០០០នាក់ក្នុងព្រឹត្តិការណ៍នេះ រួមទាំងរថក្រោះដែលបានកែលម្អ កាំភ្លើងធំបំពាក់នៅលើយានយន្ត យានជំនិះ និងប្រព័ន្ធមីស៊ីលដែលផលិតដោយក្រុមហ៊ុនរដ្ឋរបស់វៀតណាមដែរ។ នេះគឺជាលើកដំបូងហើយ ដែលវៀតណាមបានរៀបចំក្បួនដង្ហែរកងទ័ពជើងទឹកដោយផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ពីឆ្នេរសមុទ្រនៃទីក្រុងកំពង់ផែ Cam Ranh ភាគខាងត្បូងប្រទេសវៀតណាម ដែលមាននាវាចម្បាំង នាវាជ្រមុជទឹក ឧទ្ធម្ភាគចក្រ និងយន្តហោះសមុទ្រជាដើម។ ឆ្មាំកិត្តិយសមកពីប្រទេសចិន រុស្សី ឡាវ និងកម្ពុជា ក៏បានចូលរួមក្នុងការបង្ហាញផងដែរ ដែលប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាមបាននិយាយថា នេះជាការឆ្លុះបញ្ចាំងពី “មិត្តភាពអន្តរជាតិ” របស់ប្រទេសវៀតណាមក្នុងនោះ វត្តមានរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានដឹកនាំគណប្រតិភូជាន់ខ្ពស់កម្ពុជាអញ្ជើញចូលរួម ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០នៃបដិវត្តខែសីហា និងទិវាបុណ្យឯករាជ្យជាតិ វៀតណាម និងមានឯកឧត្តម ថងលូន ស៊ីសូលី ប្រធានរដ្ឋ ឡាវ និងជាអគ្គលេខាធិការគណបក្សប្រជាជនបដិវត្តឡាវ និងឯកឧត្តម មីហ្គែល ឌីយែស ខានែល បឺមុដេហ្ស (Miguel Diaz-Canel Bermudez) ប្រធានាធិបតីនៃប្រទេសគុយបា និងឯកឧត្តម Zhao Leji ប្រធានសភាប្រជាជនចិនផងដែរ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងចំណោមកងទ័ពកិត្តិយសមិត្តភាពវៀតណាមនោះ ក៏មានក្បួនទ័ពកម្ពុជាចូលរួមក្នុងដំណើរព្យុះហយាត្រាក្នុងពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៨០ នោះដែរប្រកបដោយភាពអង់អាចក្លាហាន និង ស្វាហាប់ បង្ហាញពីភាតរភាព និង ភក្តីភាពរបស់កម្ពុជាក្នុងនាមជាប្រទេសជិតខាងល្អ និង សហប្រតិបត្តិការយូរអង្វែងក្នុងតំបន់។ អេក្រង់ទូរទស្សន៍យក្សនៅតាមផ្លូវប្រសព្វនានាបានផ្សាយផ្ទាល់នូវក្បួនដង្ហែ ខណៈយ៉រនៅទូទាំងទីក្រុងត្រូវបានគេបិទដោយទង់ជាតិវៀតណាមច្រើនទៀត។ ការផ្លាស់ប្តូររបស់វៀតណាមគឺស្ថិតក្នុងចំណោមភាពទាក់ទាញបំផុតរបស់អាស៊ី។ ចាប់តាំងពីការបើកសេដ្ឋកិច្ចរបស់ខ្លួននៅចុងទសវត្សរ៍ឆ្នាំ ១៩៨០ មកប្រទេសនេះបានក្លាយជាមជ្ឈមណ្ឌលផលិតគ្រឿងអេឡិចត្រូនិក វាយនភ័ណ្ឌ និងស្បែកជើង ដោយផ្គត់ផ្គង់ម៉ាកយីហោពិភពលោកដូចជា Samsung និង Nike ។ ភាពក្រីក្របានធ្លាក់ចុះ ហើយវណ្ណៈកណ្តាលកំពុងកើនឡើងយ៉ាងឆាប់រហ័ស។ ប៉ុន្តែបញ្ហាប្រឈមថ្មីកើតឡើងនៅពេលដែលប្រទេសនេះព្យាយាមធ្វើឱ្យមានតុល្យភាពកំណើនយ៉ាងឆាប់រហ័សជាមួយនឹងកំណែទម្រង់ ប្រជាសាស្រ្តដែលមានវ័យចំណាស់ ហានិភ័យអាកាសធាតុ ស្ថាប័នទន់ខ្សោយ និងសម្ពាធពន្ធគយរបស់សហរដ្ឋអាមេរិកចំពោះអតិរេកពាណិជ្ជកម្មរបស់ខ្លួនដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ