វៀតណាមបើកមហាសន្និបាតបក្សលើកទី ១៤៖ កំណត់វាសនាជាតិ និងជ្រើសរើសថ្នាក់ដឹកនាំថ្មីសម្រាប់អាណត្តិ ៥ ឆ្នាំ

ហាណូយ៖ មហាសន្និបាតជាតិលើកទី ១៤ នៃគណបក្សកុម្មុយនិស្តវៀតណាម បានប្រារព្ធបើកជាផ្លូវការ នៅទីក្រុងហាណូយ សាធារណរដ្ឋសង្គមនិយមវៀតណាម ដោយមានការចូលរួមពីតំណាងចំនួន ១,៥៨៦ រូប ដែលត្រូវបានជ្រើសតាំងពីអង្គការបក្សគ្រប់លំដាប់ថ្នាក់ ទូទាំងប្រទេស។ ថ្នាក់ដឹកនាំ១៥៨៦រូប គឺ តំណាងឱ្យសមាជិកគណបក្សកុម្មុយនិស្តវៀតណាមជាង ៥,៦ លាននាក់ ទូទាំងប្រទេស។

ពិធីបើកមហាសន្និបាត មានការចូលរួមពីថ្នាក់ដឹកនាំកំពូលរបស់ គណបក្ស និងរដ្ឋ រួមមាន ឯកឧត្តម តូ ឡាំ (To Lam) អគ្គលេខាធិការ នៃគណបក្សកុម្មុយនិស្តវៀតណាម, ឯកឧត្តម លួង គឿង (Luong Cuong) ប្រធានរដ្ឋ, ឯកឧត្តម ផាំ មិញ ជិញ (Pham Minh Chinh) នាយករដ្ឋមន្ត្រី, និង ឯកឧត្តម ត្រាន់ ថាញ់ ម៉ាន់ (Tran Thanh Man) ប្រធានរដ្ឋសភាជាតិ ព្រមទាំងសមាជិកការិយាល័យនយោបាយ និងគណៈកម្មាធិការមជ្ឈឹមបក្សជាច្រើនរូបទៀត។

មហាសន្និបាតជាតិលើកទី ១៤ នេះ ផ្តោតលើប្រធានបទសំខាន់ៗ រួមមាន ការវាយតម្លៃលទ្ធផលអនុវត្តគោលនយោបាយក្នុងអាណត្តិមុន ការកំណត់ទិសដៅ និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច–សង្គម សម្រាប់អាណត្តិថ្មី ការពង្រឹងតួនាទីដឹកនាំរបស់គណបក្ស ការកសាង និងពង្រឹងរដ្ឋនីតិសម្បទា ការលើកកម្ពស់វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការអភិវឌ្ឍប្រកបដោយចីរភាព ព្រមទាំងការជ្រើសរើសថ្នាក់ដឹកនាំថ្មីរបស់គណបក្ស។

មហាសន្និបាតនេះ ត្រូវបានចាត់ទុកថា ជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុតរបស់វៀតណាម ដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅ ក្នុងការកំណត់ទិសដៅអភិវឌ្ឍន៍ជាតិ និងការដឹកនាំរបស់គណបក្ស សម្រាប់រយៈពេល ៥ ឆ្នាំខាងមុខ។

អត្ថបទ-រូបថត៖ទទក