វិស័យមូលបត្រកម្ពុជា បានឈានដល់ដំណាក់កាលថ្មីមួយទៀត ក្នុងកិច្ចប្រឹងប្រែងអភិវឌ្ឍវិស័យមូលបត្រ ការដាក់ចេញនូវផែនការមេ សម្រាប់ការ- អភិវឌ្ឍន៍រយៈពេល ១០ឆ្នាំខាងមុខ “យុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥”

នៅសណ្ឋាគារសុខាភ្នំពេញ ព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៥ និយ័តករមូលបត្រកម្ពុជា រួមសហការជាមួយធនាគារអភិវឌ្ឍន៍អាសុី ADB រៀបចំ សន្និសីទមូលបត្រប្រចាំឆ្នាំ២០២៥ ក្រោមមូលបទស្តីពី “ការវិវត្តនៃវិស័យមូលបត្រ៖ ចីរភាព, នវានុវត្តន៍, បរិយាបន្ន និងភាពធន់” ដែលមានការអញ្ជើញជាធិបតីដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាប្រធាន ក្រុមប្រឹក្សាអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា (ន.ម.ក.)។
កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់នូវយុទ្ធ- សាស្ត្រអភិវឌ្ឍន៍វិស័យមូលបត្រ ២០២៥-២០៣៥ ឱ្យកាន់តែទូលំទូលាយ និងជាពិសេសការបង្កើត ជាវេទិកាជួបជុំ និងពិភាក្សារវាងតួអង្គសំខាន់ៗនៅក្នុងវិស័យមូលបត្រនៅកម្ពុជាអំពីភាពរីក- ចម្រើន និងនវានុវត្តន៍នៃវិស័យមូលបត្រ ព្រមទាំងនិន្នាការនៃការវិវត្តរបស់វិស័យនេះ ក៏ដូចជា តួនាទីដ៏សំខាន់របស់វិស័យមូលបត្រចំពោះសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងពិធីបើកឯកឧត្តម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកនៃនិយ័តករមូលបត្រកម្ពុជា បានមានប្រសាសន៍ថាវិស័យមូលបត្រនៅកម្ពុជាមានការអភិវឌ្ឍគួរឱ្យកត់សម្គាល់ក្នុងរយៈពេលជាង ១៥ ឆ្នាំមកនេះ ជាពិសេស ការរៀបចំបទប្បញ្ញត្តិ និងការបង្កើតហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធអេកូឡូស៊ី ទីផ្សារ រួមមានជាអាទិ៍៖ ការបង្កើតនិងការដាក់ចេញក្របខ័ណ្ឌច្បាប់ និងបទប្បញ្ញត្តិដើម្បីបង្កើត តួអង្គ និងដំណើរការផលិតផលថ្មីៗនៅក្នុងទីផ្សារ រួមទាំងការធ្វើនវានុវត្តទីផ្សារ និងផលិតផល។ គិតត្រឹមត្រីមាសទី៣ ឆ្នាំ២០២៥ ន.ម.ក. បានដាក់ចេញបទប្បញ្ញត្តិចំនួន ៩៣ ដើម្បីគ្រប់គ្រង ត្រួតពិនិត្យ និងអភិវឌ្ឍវិស័យនេះ ជាកិច្ចឆ្លើយតបនឹងតម្រូវការ និងនិន្នាការវិវត្តនៃវិស័យនេះ។ ជាសមិទ្ធផលទីផ្សារ គិតមកដល់បច្ចុប្បន្ន យើងមានក្រុមហ៊ុនចំនួន ២៥ បានបោះ- ផ្សាយលក់មូលបត្រ និងចុះបញ្ជីលក់មូលបត្រនៅ ផមក ដែលក្រុមហ៊ុនទាំង ២៥ នេះ បាន ប្រមូលសាច់ប្រាក់ក្នុងរង្វង់ ៥៥០ លានដុល្លារអាម៉េរិក ហើយនាថ្ងៃស្អែក យើងនឹងមានការចុះ បញ្ជីសញ្ញាបណ្ណចំនួន ១០០ លានដុល្លារអាម៉េរិកបន្ថែមទៀត។ ក្នុងចំណោមក្រុមហ៊ុនទាំង ២៥ នេះ មានក្រុមហ៊ុនចំនួន ១១ បានបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ និងក្រុមហ៊ុនចំនួន ១៤ បានបោះផ្សាយលក់សញ្ញាបណ្ណ ដោយរួមបញ្ចូលទាំងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណ ចីរភាព ដែលនេះជាមោទនភាពមួយសម្រាប់កម្ពុជា ថ្វីត្បិតតែប្រទេសយើងចាប់ផ្តើមទីផ្សារ ក្រោយគេ ហើយទំហំទីផ្សារនៅតូច តែការអនុវត្ត និងការអភិវឌ្ឍទីផ្សារ គឺស្របទៅនឹងនិន្នាការ ថ្នាក់តំបន់ និងសកល។ ចំពោះសញ្ញាបណ្ណ ដែលបានបោះផ្សាយ គឺមានឥណប្រតិទានចន្លោះ ពី ៣ ឆ្នាំ ដល់ ១៥ ឆ្នាំ។ គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៥ ទំហំមូលធនូបនីយកម្មទីផ្សារសរុប មានតម្លៃប្រហែល ១១,០១ ទ្រីលានរៀល (២,៧៥ ពាន់លានដុល្លារអាម៉េរិក) ឬស្មើនឹង ៥,៧៣% ធៀបនឹងផលិតផលក្នុងស្រុកសរុប។
ឆ្លៀតក្នុងឱកាសនេះអគ្គបណ្ឌិតសភាចារ្យ បានមានប្រសាសន៍ថា «ការវិវត្តនៃទីផ្សារ មូលបត្រនៅកម្ពុជា ក៏បានឆ្លុះបញ្ចាំង ច្បាស់ ពីភាព ចាស់ទុំផ្នែកសេដ្ឋកិច្ច និង ជាច្រកហិរញ្ញប្បទានរយៈពេល វែង និង សម្បូរបែប សម្រាប់ក្រុមហ៊ុន ឬ សហគ្រាស ប្រើប្រាស់ដើម្បីពង្រីកអាជីវកម្ម សំដៅគាំទ្រដល់ការ- អភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយនវានុវត្ត, បរិយាបន្ន និង ចីរភាព»។
វិស័យមូលបត្រ នៅក្នុងព្រះជាណាចក្រកម្ពុជា បាននិងកំពុងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ និងធានាចីរភាពនៃកំណើនសេដ្ឋកិច្ច តាមរយៈការកៀរគរមូលធនដែលនៅទំនេរ យកទៅធ្វើការបែងចែក ប្រើប្រាស់ប្រកបដោយប្រសិទ្ធភាព និងបម្លែងការគ្រប់គ្រងហានិភ័យឱ្យមានសុវត្ថិភាព៕