វិនិយោគិនចិន គឺជាដៃគូសំខាន់ និងនាំមុខគេ ដែលបានចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍវិស័យសំខាន់ៗជាច្រើន នៅកម្ពុជា

សមាគមវិនិយោគិនចិនមីននៅកម្ពុជា នឹងក្លាយជាស្ពានផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែស៊ីជម្រៅ និងចំណងមិត្តភាពដ៏យូរអង្វែងរវាងកម្ពុជា និងចិន។ ឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហ្វិករបស់កម្ពុជា បានថ្លែងបែបនេះ នៅក្នុងពិធីសម្ពោធជាផ្លូវការ និងប្រកាសតែងតាំងក្រុមប្រឹក្សាភិបាលអាណត្តិទី១ នៃសមាគមវិនិយោគិនចិនមីននៅកម្ពុជា។ ឯកឧត្តម បន្តថា ការបង្កើតសមាគមវិនិយោគិនចិនមីននៅកម្ពុជា មិនត្រឹមតែជានិមិត្តរូបនៃការកើនឡើងនូវសហគ្រាសចិននៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ការឆ្លុះបញ្ចាំងដោយផ្ទាល់ពីការប្តេជ្ញាចិត្ត និងទស្សនវិស័យរួម ក្នុងជំហានថ្មីនៃការរួមចំណែកយ៉ាងសកម្មពីសំណាក់វិនិយោគិនចិន ដើម្បីជំរុញការរីកចម្រើនសេដ្ឋកិច្ច និងការផ្តល់ឱកាសការងារដល់ប្រជាជនកម្ពុជា។ 

វត្តមានសមាគមវិនិយោគិនចិនមីន នាពេលនេះ ក៏បានបង្ហាញថា កម្ពុជាជាប្រទេសមានបរិយាកាសវិនិយោគល្អ និងបើកទូលាយសម្រាប់វិនិយោគិនអន្តរជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្តល់អាទិភាពដល់វិស័យវិនិយោគ ដោយបានបង្កើតច្បាប់គោលនយោបាយជាច្រើន និងកំណែទម្រង់នានា ក្នុងគោលបំណងលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ច ការប្រកួតប្រជែង និងការអភិវឌ្ឍប្រកបដោយចីរភាព។ រាជរដ្ឋាភិបាលកម្ពុជានៅតែប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការបង្កើតបរិយាកាសបើកចំហ តម្លាភាព និងងាយស្រួលសម្រាប់វិនិយោគិន។ 

ឯកឧត្តម ជឿជាក់ថា សមាគមនេះនឹងក្លាយជាស្ពានយ៉ាងសំខាន់ ដើម្បីជម្រុញការផ្លាស់ប្តូរបទពិសោធន៍ ឱកាស ពង្រឹងទំនាក់ទំនងអាជីវកម្ម និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចរួម ជាពិសេសជួយបញ្ជូនសារគោលនយោបាយ និងឱកាសវិនិយោគនៅកម្ពុជា។ សមាគមនឹងនាំឱ្យការសន្យារវាងកម្ពុជា និងមហាមិត្តចិន បន្តដំណើរការទៅមុខយ៉ាងរឹងមាំ និងនាំមុខគេក្នុងការកសាងសហគមន៍រួមដែលមានអនាគតរួម ជាគន្លងដ៏ច្បាស់លាស់សម្រាប់ភាពចងចាំនៃមិត្តភាពកម្ពុជា–ចិនក្នុងសតវត្សទី២១ នេះ។ ឯកឧត្តម បានលើកទឹកចិត្តឱ្យសមាគមវិនិយោគចិនមីននៅកម្ពុជា ដែលមានប្រភពជិតស្និទ្ធជាមួយនឹងខេត្តហ្វូជៀន ធ្វើជាស្ពានតភ្ជាប់ក្នុងការទាក់ទាញ និងចូលរួមលើកកម្ពស់ការវិនិយោគឯកជនរួមគ្នាពីប្រទេសចិន ដើម្បីជម្រុញការធ្វើពិពិធកម្មសេដ្ឋកិច្ចសង្គមនៅកម្ពុជា។

លោកជំទាវ ខា ឡេង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម បានចង្អុលបង្ហាញថា បរិមាណពាណិជ្ជកម្មរវាងកម្ពុជា និងចិន បានកើនឡើងយ៉ាងខ្លាំងបើធៀបនឹងឆ្នាំមុន ដែលបង្ហាញពីសក្តានុពលដ៏រឹងមាំ នៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងបន្តធ្វើការតាមរយៈការតាំងពិព័រណ៍ វេទិកាសេដ្ឋកិច្ច និងសកម្មភាពពិភាក្សាជាច្រើន ដើម្បីកសាងវេទិកាសហប្រតិបត្តិការដ៏ធំទូលាយសម្រាប់សហគ្រាសនៃប្រទេសទាំងពីរ។

លោក លីម សាង យ៉ុង ប្រធានសមាគមវិនិយោគិនចិនមីននៅកម្ពុជា បានថ្លែងថា ការបង្កើតសមាគមវិនិយោគិនចិនមីននៅកម្ពុជា មានគោលបំណងធ្វើឱ្យកម្លាំងវិនិយោគិន នៅតាមតំបន់ផ្សេងៗ មានឯកភាព និងធ្វើឱ្យ បងប្អូនដែលរស់នៅឆ្ងាយស្រុកមានចិត្តដូចគ្នា ក៏ដូចជាធ្វើឱ្យដំណើរជីវិតដ៏លំបាកមានមិត្តរួមផ្លូវគ្នា។

សមាគមនេះក៏ជាការបង្កើតវេទិកាផ្លាស់ប្តូរចំណេះដឹងសម្រាប់វិនិយោគិនចិនមីនដែលមកពីខេត្តហ្វូជៀន នឹងលើកកម្ពស់ការផ្លាស់ប្តូរព័ត៌មាន ការចែករំលែកបទពិសោធន៍ និងធនធាន ដើម្បីធ្វើឱ្យវិនិយោគិន មានអារម្មណ៍ថា “យើងជាគ្រួសារតែមួយ”។ 

លោកប្រធានសមាគម បញ្ជាក់ទៀតថា សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងចិន ក្រុមអាជីវកម្ម និងសង្គម ដើម្បីចែករំលែកឱកាសអភិវឌ្ឍន៍នៅកម្ពុជាទៅកាន់វិនិយោគិនចិនដែលមកពីខេត្តហ្វ៊ូជៀន និងបង្ហាញពីភាពស្មោះត្រង់ និងទទួលខុសត្រូវរបស់វិនិយោគិន ដើម្បីធ្វើជាស្ពានទំនាក់ទំនងរវាងប្រជាជននៃប្រទេសទាំងពីរ។

សមាគមនឹងផ្តោតលើតម្រូវការជាក់ស្តែងរបស់វិនិយោគិនចិននៅកម្ពុជា ដូចជា ការវិនិយោគ ការប្រកបអាជីវកម្ម និងការពង្រីកអាជីវកម្ម ដោយផ្តល់សេវាដូចជា ការបកប្រែគោលនយោបាយ ការប្រឹក្សាផ្នែកច្បាប់ និងការភ្ជាប់ទំនាក់ទំនងគម្រោង និងធនធាន។ លើសពីនេះ សមាគមនឹងរៀបចំសកម្មភាពផ្សេងៗ ដូចជា ពិធីប្រជុំវប្បធម៌ និងការទស្សនកិច្ច ដើម្បីធ្វើឱ្យសមាជិកមានអារម្មណ៍ថា “ជួបមិត្តភក្តិចាស់នៅស្រុកគេ” ហើយបង្កើតជាផ្ទះដែលអាចទុកចិត្តបានសម្រាប់វិនិយោគិនចិននៅកម្ពុជា។